ភ្នំពេញ៖ យុវជនម្នាក់បានរងបួសបែកក្បាលហូរឈាមស្រោចខ្លួន ដោយសារតែត្រូវជនសង្ស័យមួយក្រុមមានគ្នា៤នាក់បានដេញធ្វើសកម្មភាព ដកខ្សែក្រវាត់ដេញវាយក្នុងបំណង ប្លន់យកម៉ូតូហុងដា សេ125ស៊េរី 016 មិនបានសម្រេច ប៉ុន្តែដោយ សមត្ថកិច្ចប្រទះឃើញក៏ផ្ទុះអាវុធឡើងលើចំនួន៤គ្រាប់ធ្វើអោយ ជនសង្ស័យនាំគ្នារត់គេចខ្លួនបាត់អស់តែម្តង ហើយមនុស្សចំនួន2នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួនដោយមានការសង្ស័យថាជាក្រុមបក្ខពួកដែលបានធ្វើសកម្មភាពប្លន់ម៉ូតូនេះផងដែរ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣រំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦ ខាងក្រោយផែថ្ម តាមបណ្តោយផ្លូវព្រះស៊ីសុវត្តិ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមការរៀបរាប់ពីជនរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុរូបគេជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៍ខ្មៅ សេរីឆ្នាំ២០១៦ គ្មានស្លាកលេខ ជិះឌុបនារី៣នាក់ តាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ទិសដៅពីជើងទៅត្បូង ខណៈមកដល់ខាងក្រោយផែថ្ម ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នា៤នាក់ជិះម៉ូតូ២គ្រឿង បានជិះមកគៀរ និងបានដកខ្សែក្រវាត់វាយបំណងប្លន់យកម៉ូតូ ។ ពេលនោះរូបគេក៏អែបចូលគៀនឈប់ម៉ូតូក៏បានប្រតាយប្រតប់ជាមួយក្រុមជនសង្ស័យ គាប់ជួនសមត្ថកិច្ចព្រហ្មទណ្ឌក្រុងស្លៀកពាក់ស៊ីវិលម្នាក់ជិះមកឃើញដូច្នេះ ក៏បានដកកាំភ្លើងខ្លីបាញ់ឡើងលើគំរាម៤គ្រាប់ ហើយក្រុមជនសង្ស័យក៏បានគេចខ្លួនបាត់អស់ ។ ជនរងគ្រោះបន្តថា ពេលនោះខ្លួនបានឡើងលើម៉ូតូ ស្រាប់តែមានយុវជន២នាក់ទៀតបានជិះម៉ូតូមកបំបុកខ្លួនបណ្តាលអោយដួល ហើយស្រែកថា ចោរៗ ភ្លាមៗ នោះសមត្ថកិច្ចក៏ផ្ទុះអាវុធ១គ្រាប់ទៀត រួចក៏ឃាត់បានទាំង២នាក់ផងដែរ។
ក្រោយមកយុវជនទាំង២នាក់ដែលគួរអោយសង្ស័យ និងជនរងគ្រោះសមត្ថកិច្ចយកទៅសួរនាំបន្តនៅស្នងការនគរបាលរាជធានីភ្នំពេញភ្លាមៗផងដែរ ៕
ដោយ៖ ព្រែកជ័យ