ប្រមុខរដ្ឋ​វៀតណាម​ ​អំពាវនាវ​ឲ្យ​ភាគី​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូងទាំងអស់ គោរព​តាមច្បាប់​អន្តរជាតិ និង​បញ្ឈប់​សកម្មភាព​ឯកតោភាគី

ចែករំលែក៖

អន្តរជាតិ៖ លោក ង្វៀន ភូ​ជុង ប្រធានាធិបតី​វៀតណាម កាលពីថ្ងៃទី​២៤ ខែកញ្ញាថ្មីៗនេះ បាន​អំពាវនាវ​ឲ្យ​ភាគី​ជម្លោះ​ទាំងអស់ គោរព​តាមច្បាប់​អន្តរជាតិ និង​បញ្ឈប់​សកម្មភាព​ឯកតោភាគី ដែល​បង្ក​ឲ្យ​មាន​បញ្ហា​ស្មុគស្មាញ​នៅក្នុង​តំបន់​ដែនទឹក​ជម្លោះ ។ មិនតែប៉ុណ្ណោះ លោក​ប្រធានាធិបតីរូបនេះ ក៏បាន​ប្តេជ្ញា​រក្សា​ស្ថិរភាព សន្តិភាព សន្តិសុខ នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែល​កំពុងមាន​ជម្លោះ​ជាមួយ​ចិន និង​បណ្តា​ប្រទេស​អាស៊ាន​ផ្សេងទៀត​ ត្រូវគោរព​តាម​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២ (UNCLOS)​។នេះបើយោងតាមរយៈ​វីដេអូ​ថត​ទុក និង​បាន​ចាក់​នៅក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ​ ក្នុងសម័យ​COVID-19 ។

​នៅក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ លោក ង្វៀន ភូ​ជុង បានលើកឡើង​បញ្ហា​ជាច្រើន​រួមមាន៖ COVID-19 បញ្ហា​ទាក់ទិន​អង្គការសហប្រជាជាតិ ជាពិសេស​គឺ​សមុទ្រ​ចិន​ខាងត្បូង ដែល​វៀតណាម​ហៅថា «​សមុទ្រ​ខាងកើត​»​។ ជាក់ស្តែងជា​ភាគី​មួយ​នៃ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង វៀតណាម​តែងតែ​លើកឡើង​ពី​ភាព​តានតឹង និង​ការទាមទារ​របស់​ចិន​ប្រាប់​វេទិកា​អន្តរជាតិ​។

សូមជម្រាបថា កន្លងមក ចិន​បានធ្វើ​សកម្មភាព​អុង​អាត់​ជា​ឯកតោភាគី ក្នុង​សមុទ្រ​ចិន​ខាងត្បូង តាមរយៈ​សមយុទ្ធ​យោធា និង​នាវា​យាមល្បាត​របស់ខ្លួន ដែល​បង្ក​ឲ្យ​វៀតណាម​ដាក់​ការតវ៉ា​ជា​ញឹកញាប់​។ ក្នុង​វីដេអូ​ដដែល​នេះ លោក​ប្រមុខរដ្ឋ​វៀតណាម ក៏បាន​អំពាវនាវ​ឲ្យ​ភាគី​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី និង​តាមរយៈ​នីតិ​ផ្សេងៗ​ជាច្រើន​ទៀត​ដូចជា ការទូត ឬ​តាម​នីតិវិធី​ច្បាប់​ជាដើម​។ ​

​គួរបញ្ជាក់ថា តាមរយៈ «​បន្ទាត់​ក្រហម​៩​ឆ្នូត​» ចិន​បានទាមទារ​ស្ទើរតែ​៩០​ភាគរយ​នៃ​ដែនទឹក​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ដោយ​ផ្អែក​តាមច្បាប់​សមុទ្រ​អន្តរជាតិ និង ហេតុផល​ប្រវត្តិសាស្ត្រ​របស់ខ្លួន​។ ការទាមទារ​របស់​ចិន​បែបនេះ បានធ្វើ​ឲ្យ​ជាន់​លើ​ដែនទឹក ដែល​ទាមទារ​ដោយ​បណ្តា​ប្រទេស​អាស៊ាន​ផ្សេងទៀត ដូចជា​វៀតណាម ហ្វីលីពីន ព្រុយ​ណេ និង​ម៉ាឡេស៊ី​៕ដោយ៖ស តារា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print