ភ្នំពេញ៖ ជនសង្ស័យចំនួន៣នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ក្រុងភ្នំពេញ សហការជាមួយកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បង្ក្រាបចាប់ជនសង្ស័យជាមុខសញ្ញា ជួញដូរគ្រឿងញៀនកាលពីវេលាម៉ោង៣រសៀលថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០១៦ ស្ថិតនៅក្បែររោងចក្រ C7 ភូមិ ដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដកហូតថ្នាំញៀនចំនួន១១កញ្ចប់ ។
ជនសង្ស័យឃាត់ខ្លួនបាន៣នាក់ ទី១-ឈ្មោះ យឿន ចាន់ដារ៉ា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរសិស្សសាលា ស្នាក់នៅភូមិប៉ប្រ៉កត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
ទី២- ឈ្មោះ ជា វណ្ឌី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ទី៣- ឈ្មោះ ហួត ស្រីល័ក្ខ ភេទស្រី អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល កន្លែងកើតហេតុខាងលើ ។
តាមសំដីមន្ត្រីកងរាជអាវុធហត្ថបានឱ្យដឹងថា បន្ទាប់ពីមានបទបញ្ជាយ៉ាងម៉ឺងមាត់ ពីមេបញ្ជាការកងរាជ អាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការកងរាជអាវុធហត្ថក្រុងភ្នំពេញ ក្រោយស្រាវជ្រាវ តាមដាន អស់រយះពេលជាច្រើនថ្ងៃ ទើបកម្លាំងការិយាល័យ បង្ក្រាបគ្រឿងញៀន ក្រុងភ្នំពេញសហការណ៍ជាមួយកម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ចុះប្រតិបត្តិការបង្ក្រាប បទល្មើសជួញដូរ គ្រឿងញៀន ដែលកំពុងធ្វើសកម្មភាពជាក់ស្តែងនៅ ចំណុច ផ្លូវដែក ក្បែររោងចក្រ សេ៧ ភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ត្រង់ចំណុចខាងលើ ជាព្រំប្រទល់ជាប់ជាមួយ ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបខាងលើ ឃាត់ខ្លួនជនសង្ស័យបាន៣នាក់ ក្នុងនោះមាន ស្រីម្នាក់ រួមជាមួយថ្នាំញៀនដកហូតបានគ្រឿងញៀន ១កញ្ចប់ធំ ខ្នាតកណ្តាល៧កញ្ចប់ ខ្នាតតូច៣កញ្ចប់សរុប11កញ្ចប់ សម្ភារ:សេព គ្រឿងញៀន ថង់សម្រាប់ច្រកគ្រឿងញៀន និងសម្ភារ:ពាក់ព័ន្ធមួយចំនួនទៀត ។
ក្រោយពីការឃាត់ខ្លួនជនសង្ស័យទាំបីនាក់ រួមជាមួយថ្នាំញៀន ត្រូវបានកម្លាំងអាវុធហត្ថក្រុង នាំខ្លួនទៅធ្វើការសាកសួរ នៅផ្នែកជំនាញ ការិយាល័យបង្ក្រាបគ្រឿងញៀន អាវុធហត្ថក្រុងភ្នំពេញ ដើម្បីកសាងសំណុំរឿង ទៅតុលាកាចាត់ការតាមផ្លូវច្បាប់ ៕
ដោយ៖ សុខាសែនជ័យ