អន្តរជាតិ៖ បើតាមការអះអាងរបស់នាយករដ្ឋមន្ត្រីជប៉ុនថ្មី លោក ស៊ូហ្កា យូស៊ីហ៊ីដេ (Suga Yoshihide )នៅថ្ងៃសុក្រទី២៥ ខែកញ្ញាម្សិលមិញនេះថា៖ លោកបានយល់ព្រមជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង ក្នុងការបន្តរក្សាកិច្ចពិភាក្សាកម្រិតខ្ពស់រវាងមេដឹកនាំនៃប្រទេសទាំងពីរ ដើម្បីចូលរួមចំណែករក្សាស្ថិរភាពក្នុងតំបន់ និងអន្តរជាតិ។
នៅក្នុងបទអត្ថាធិប្បាយ ដែលចាក់ផ្សាយដោយទូរទស្សន៍ NHK នៅថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២០ លោក ស៊ូហ្កា បានលើកឡើងយ៉ាងដូច្នេះថា៖ «ទំនាក់ទំនងមានស្ថិរភាពគឺជាភាពចំបាច់ មិនត្រឹមតែ សម្រាប់ប្រទេសជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់តំបន់ និងសហគមន៍អន្តរជាតិទាំងមូល។ ដូច្នេះហើយ ខ្ញុំចង់បំពេញនូវទំនួលខុសត្រូវនេះ»។
ដោយឡែកលោកប្រធានាធិបតីចិន ស៊ី ជិពីង ក៏បានគូសបញ្ជាក់ដែរថា ប្រទេសចិន និងជប៉ុន បានចែករំលែកផលប្រយោជន៍រួមយ៉ាងទូលំទូលាយ ហើយកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរមានវិសាលភាពធំទូលាយណាស់។ បន្ថែមពីនេះលោកស៊ី បានសង្កត់ធ្ងន់ថាប្រទេសចិនសង្ឃឹមថាភាគទាំងពីរនឹងរួមគ្នារដើម្បីរក្សាខ្សែចង្វាក់ផលិតកម្មឲ្យមានស្ថិរភាព និងបរិយាកាសវិនិយោគ បើកចំហ និងស្មើភាពគ្នា។
សូមជម្រាបថា លោក ស៊ូហ្កា ដែលទើបតែក្លាយជានាយករដ្ឋមន្ត្រីជប៉ុននៅក្នុងខែកញ្ញានេះ ដោយមិនសូវមានបទពិសោធការទូត ត្រូវតែរក្សាទំនាក់ទំនងល្អជាមួយប្រទេសជិតខាងដែលធំជាងខ្លួន ខណៈដែលភាពតានតឹងរវាងចិន និងសហរដ្ឋអាមេរិកកំពុងតែកើនឡើងចំពេលជំងឺCOVID-19 នៅតែបន្តរីករាលដាល និងជាពិសេសសង្គ្រាមពាណិជ្ជកម្ម រវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរ។ បន្ថែមពីលើនេះ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន លោកនាយករដ្ឋមន្រ្តីជប៉ុនរូបនេះ ក៏បាននិយាយតាមទូរស័ព្ទជាមួយ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំផងដែរ។
គួរបញ្ជាក់ផងដែរថា ប្រទេសជប៉ុន គឺជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់អាមេរិកនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក៏កំពុងមានជម្លោះជាមួយចិនដែរជុំវិញសិទ្ធិគ្រប់គ្រងប្រជុំកោះ នៅក្នុងសមុទ្រចិនខាងកើត ហើយក៏បានបង្ហាញការព្រួយបារម្ភអំពីការកើនឡើងនៃសកម្មភាពយោធាចិននៅក្នុងតំបន់។
ចំណែកឯទស្សនកិច្ចផ្លូវការរបស់លោកស៊ី ជិពីង ទៅកាន់ ប្រទេសជប៉ុនកាលពីដើមឆ្នាំនេះត្រូវបានលុបចោលវិញ ដោយសារតែការផ្ទុះឡើងនៃជំងឺ COVID-19 ។ ប៉ុន្តែលោក ស៊ូហ្កា មិនបានពិភាក្សាអំពីការកំណត់ពេលវេលាសារ ជាថ្មីនៃដំណើរទស្សនកិច្ចឡើងវិញ កំឡុងកិច្ចសន្ទានជាមួយលោកស៊ី នោះទេ៕ដោយ៖ស តារា