ខេត្តកណ្ដាល៖ ខ្សែភ្លើងរលាត់ដាច់គៀបជាប់នឹងទ្វារដែក បណ្ដាលឲ្យឆ្លងចរន្ដអគ្គិសនីឆក់សម្លាប់បុរសម្នាក់ជាជាងសំណង់ស្លាប់យ៉ាងអាណោចអាធ័ម បង្កឲ្យការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ ត្រង់ចំណុចផ្ទះរបស់ឈ្មោះ ហ៊ីង វិរៈ ស្ថិតក្នុងភូមិព្រៃពពេល ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្ដកណ្ដាល ។
មន្ដ្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហ៊ីង សោភ័ណ្ឌ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរជាជាងជួសជុលផ្ទះមានប្រពន្ធឈ្មោះ លួន លាភ អាយុ៣៩ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រកាត់ដេរ មានកូន២នាក់ប្រុសម្នាក់ បច្ចុប្បន្នរស់នៅក្នុងភូមិ-ឃុំកើតហេតុខាងលើ ។
ប្រភពដដែលបន្ដថា មុនពេលកើតហេតុជនរងគ្រោះបានយកខ្សែរភ្លើងតភ្ជាប់ជាមួយចរន្ដអគ្គិសនីទៅកាន់ម៉ូទ័រកាត់ការ៉ូដើម្បីកាត់បិតបន្ទប់ផ្ទះប្អូនបង្កើតរបស់ខ្លួន ។ ដោយមិនដឹងថាខ្សែរភ្លើងដាច់រលាត់ឆ្លងចរន្ដទៅទ្វារដែកនោះទេបន្ទាប់ពីកាត់ការ៉ូរួចជនរងគ្រោះបានអង្គុយផ្អែកទ្វារដែកទើបបណ្ដាលឲ្យឆក់ស្លាប់ភ្លាមៗមួយរំពេជតែម្ដង ។ សមត្ថកិច្ចនគរបាលបច្ចេកទេសនិងវិទ្យាសាស្ដ្រស្រុកអង្គស្នួលបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចរន្ដអគ្គិសនីឆក់ប្រាកដមែន ។
បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ ស្អាងជ័យ