អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ីលោក មហា​ធៀ ប្រកាសថា៖ លោកនឹងមិនចូលរួមក្នុងការបោះឆ្នោតនៅអាណត្តិក្រោយឡើយ

ចែករំលែក៖

អន្តរជាតិ៖ ខណៈការបោះឆ្នោតថ្នាក់ជាតិរបស់ប្រទេសម៉ាឡេស៊ីគ្រោងនឹងរៀបចំនៅឆ្នាំ២០២៣ខាងមុខនេះ អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ីមហា​ធៀ មហាម៉ាត់ ដែលមានវ័យ៩៥ឆ្នាំ បានប្រកាសកាលពីថ្ងៃទី២៦ ខែកញ្ញាម្សិលមិញនេះថា លោកនឹងមិនចូលរួមក្នុងការបោះឆ្នោតនៅអាណត្តិក្រោយឡើយ ប្រសិនបើការបោះឆ្នោតនោះរៀបចំទៅតាមកាលកំណត់។

លោក មហាធៀ មហាម៉ាត់ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅមណ្ឌលបោះឆ្នោតសហព័ន្ធLangkawi ដោយប្រកាសដំណឹងថា លោកនឹងមិនចូលរួមការបោះឆ្នោតខាងមុខឡើយ ប្រសិនបើរៀបចំតាមកាលកំណត់នោះ លោកមានអាយុកាន់តែចាស់ហើយ ពោលគឺអាយុ៩៨ឆ្នាំ។យ៉ាងណាមិញ អតីតនាយករដ្ឋមន្រ្តីរូបនេះ មិនបានបញ្ជាក់ទេ ថាតើលោកនឹងចូលរួមក្នុងការបោះឆ្នោតឬអត់ ប្រសិនបើមានការរៀបចំបោះឆ្នោតមុនអាណត្តិ។​ បន្ថែមពីនេះ លោកមហាធៀ បានសង្កត់ធ្ងន់ថា ជំនួសឲ្យការឈរឈ្មោះបោះឆ្នោត លោកនឹងផ្តល់យោបល់ និងចែករំលែកបទពិសោធន៍ឲ្យសមាជិកបក្សតែប៉ុណ្ណោះ។

បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Bernama បាននិយាយថា ប្រសិនបើគ្មានការប្រែប្រួលទេ ការបោះឆ្នោតថ្នាក់ជាតិតាមកាលកំណត់នៅប្រទេសម៉ាឡេស៊ី នឹងត្រូវធ្វើឡើងនៅឆ្នាំ២០២៣ខាងមុខ។ ប៉ុន្តែមានពាក្យលេចឡើងថា ម៉ាឡេស៊ីអាចនឹងរៀបចំការបោះឆ្នោតថ្នាក់ជាតិមុនអាណត្តិ។

ទាក់ទិននឹងព័ត៌មានបោះឆ្នោតមុនអាណត្តិខាងលើនេះ អ្នកនយោបាយម៉ាឡេស៊ីចាស់វស្សារូបនេះ បានអះអាងថា ការបោះឆ្នោតថ្នាក់ជាតិ មិនអាចធ្វើឡើងក្នុងកាលៈទេសៈCOVID-19 បានទេ ។ ព្រោះម៉ាឡេស៊ី កំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ ហើយអ្នកចេញទៅបោះឆ្នោតអាចប្រឈមនឹងករណីឆ្លងកូរ៉ូណាវីរុស។ លោក មហាធៀ បានគូសបញ្ជាក់ថា ប្រសិនបើក្នុងស្ថានភាពធម្មតា ការរៀបចំបោះឆ្នោតមុនអាណត្តិអាចនឹងរៀបចំបាន។

សូមជម្រាបថា លោក មហាធៀ មហាម៉ាត់ កន្លងមកបានបង្កើតបក្ស«Pejuang» ដែល​មានន័យថា «​អ្នក​ប្រយុទ្ធ​»។ ជាក់ស្តែងនៅដើមខែកញ្ញានេះ លោកមហាធៀ បានបញ្ជាក់ថា បក្សរបស់លោកអាចនឹងទទួលកៅអីសភាចំនួន៣០ ដែលអាចចងសម្ព័ន្ធជាមួយបក្សផ្សេង ក្នុងការបង្កើតរដ្ឋាភិបាលបាន។ បើតាមលោកមហាធៀ បក្សPejuang នឹងមិនចងសម្ព័ន្ធជាមួយបក្សសម្ព័ន្ធ Perikatan Nasional (PN) និងបក្សសម្ព័ន្ធ Pakatan Harapan (PH) ឡើយ។

គួរបញ្ជក់​ថា លោកមហា​ធៀ ដែល​បង្កើត​បក្ស Bersatu ក្នុង​ឆ្នាំ​២០១៦ បាន​ដឹកនាំ​សម្ព័ន្ធ​នយោបាយ PH យកជ័យ​ជម្នះ​ក្នុងការ​បោះឆ្នោត​ទូទៅកាលពី​ខែឧសភា ឆ្នាំ​២០១៨​។ ក្រោយ​ខ្វែងគំនិត​គ្នា​ជាមួយ​ប្រធាន​បក្ស Bersatu លោក Muhyiddin Yassin រឿង​ចង់​ចងសម្ព័ន្ធ​ថ្មី​ជាមួយ​បក្ស​អង្គការ​ជាតិ​ម៉ា​ឡេ​រួម​រួប (UMNO) របស់លោក​អតីត​នាយករដ្ឋមន្ត្រី ណា​ជីប លោក មហា​ធៀ ត្រូវបាន​បណ្ដេញ​ចេញពី​បក្ស​ខ្លួន​បង្កើត​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print