ខេត្តព្រះសីហនុ៖ រថយន្តសណ្តោងកុងតឺន័របានបើកបុកបង្កាន់ដៃស្ពានធ្លាក់ចូលក្នុងទឹកព្រែកក្រឡាប់ផ្ងារជើង ចំណែកអ្នកបើកបរបានរត់គេចខ្លួនបាត់។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៣៨-១៣៩ ស្ថិតនៅក្នុងភូមិ-ឃុំចំការហ្លួង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តមួយគ្រឿងម៉ាក FUSO ពាក់ស្លាកលេខ ព្រះសីហនុ 3A-6318 ចង្កូតស្តាំ សណ្តោងកុងតឺនរ័ ដែលកំពុងធ្វើចរាចរណ៍ក្នុងទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅរាជធានីភ្នំពេញនោះ ខណៈបើកមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបានរេចង្កូតទៅបុកបង្កាន់ដៃស្ពាន បណ្តាលឲ្យរថយន្តធ្លាក់ចូលទៅក្នុងទឹកព្រែកតែម្តង ចំណែកអ្នកបើករថយន្តបានរត់គេចខ្លួនបាត់ ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យ និងហៅរថយន្តស្ទូចមកស្ទូចយករថយន្តសណ្តោងកុងតឺន័រនោះទៅរក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកំពង់សិលា ដើម្បីស្វែងរកម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយតាមនីតិវិធី៕
ដោយ៖ ជ្រោយពេជ្រ