ប្រមុខដឹកនាំកម្ពុជាលើកឡើងថា និន្នាការឯកតោភាគីនិយម និងការប្រើកម្លាំងបាយ គាបសង្កត់ប្រទេសទន់ខ្សោយកំពុងតែកើនឡើង ដែលធ្វើឱ្យប៉ះពាល់ដល់ សណ្តាប់ធ្នាប់អន្តរជាតិ និង វិធានពហុភាគីនិយម

ចែករំលែក៖

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលើកឡើងថា និន្នាការឯកតោភាគីនិយម និង ការប្រើកម្លាំងបាយគាបសង្កត់ប្រទេសទន់ខ្សោយ កំពុងតែកើនឡើង ដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់អន្តរជាតិ និង វិធានពហុភាគីនិយម។

នៅក្នុងសេចក្ដីថ្លែងការណ៍ ក្នុងឱកាសកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៥ តាមរយៈប្រព័ន្ធវីដេអូ នាថ្ងៃទី២៦ ខែកញ្ញាឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា អ្វីដែលពិភពលោកកំពុងប្រឈម គឺការផ្លាស់ប្តូរមិនអាចបកក្រោយ ទៅរក ប្រព័ន្ធពហុប៉ូល ដែលត្រូវបានលេចឡើង តាមរយៈការប្រកួតប្រជែងឈានទៅរកអារិភាពដ៏តានតឹង រវាងមហាអំណាចធំៗ អមជាមួយនឹងការងើបឡើងនៃមហាអំណាចថ្នាក់កណ្តាលនានា ដែលបោះជំហានយ៉ាងលឿនឆ្ពោះទៅជួរមុខនៃនយោបាយតំបន់។ សម្ដេចតេជោថ្លែងថា ស្ថិរភាព និង វិបុលភាពរយៈពេលវែងបំផុត ក្នុងសម័យទំនើបនេះ ដែលកើតចេញពីសណ្តាប់ធ្នាប់អន្តរជាតិ បង្កើតឡើងក្នុងឆ្នាំ១៩៤៥នោះ កំពុងទទួលរងភាពរង្គោះរង្គើយ៉ាងខ្លាំង ព្រោះគុណតម្លៃជាមូលដ្ឋានដែលជាគ្រឹះនៃសណ្ដាប់ធ្នាប់នេះក៏ដូចជាគោលការណ៍ស្នូលនៃច្បាប់អន្តរជាតិ ត្រូវបានគេរំលោភបំពាននិងលែងគោរព។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបន្តថា ជាការពិត សព្វថ្ងៃនេះ យើងកត់សម្គាល់ឃើញយ៉ាងប្រចក្ស នូវការចុះខ្សោយនៃប្រព័ន្ធត្រួតពិនិត្យអាវុធអន្តរជាតិ និង ការកើនឡើងយ៉ាងស្រួចស្រាលនៃហានិភ័យនុយក្លេអ៊ែរ។ជាងនេះទៀត គេក៏សង្កេតឃើញមានការផ្លាស់ប្តូរដ៏គួរឱ្យភ័យព្រួយនៃគោលនយោបាយ និង លទ្ធិយោធានិយម ឆ្ពោះទៅរកទស្សនៈមួយដែលថា ការបង្កើតសង្គ្រាម ដើម្បីរក្សាឧត្តមភាពរបស់ខ្លួនជាទង្វើមួយដែលអាចទទួលយកបាន។ តួយ៉ាងកិច្ចព្រមព្រៀងជាសកល ត្រូវបានគេបដិសេធជាឯកតោភាគី ហើយស្ថាប័នអន្តរជាតិ ក៏ត្រូវបានគេវាយប្រហារយ៉ាងកម្រោល ខណៈដែលសំឡេងប្រកបដោយហេតុផល ត្រូវបានគេរារាំងដោយការប្រព្រឹត្តតាមទំនើងចិត្ត តាមរយៈការដាក់ទណ្ឌកម្មជាឯកតោភាគី និង វិធានការចាប់បង្ខំផ្នែកនយោបាយ សេដ្ឋកិច្ច និងហិរញ្ញវត្ថុផ្សេងទៀត ព្រោះតែប្រទេសមានអំណាចបំផុត តម្កល់ផលប្រយោជន៍ខ្លួនខ្ពស់ជាងអ្វីៗទាំងអស់។

សម្ដេចតេជោគូសបញ្ជាក់ថា លើសពីនេះទៀត ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ត្រូវបានគេប្រើប្រាស់ដោយឥតញញើត និង ធ្វើឡើងក្នុងកម្រិតមួយ ដែលបំផ្លិចបំផ្លាញគោលការណ៍មូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ ជាអាទិ៍ សិទ្ធិស្វ័យសម្រេច និង អធិបតេយ្យជាតិ។ ក្នុងបរិបទនេះ ការបំផ្លាញសណ្តាប់ធ្នាប់អន្តរជាតិ គឺជាមូលហេតុនៃក្ដីបារម្ភដ៏ធំធេងរបស់យើង ។ ទន្ទឹមនេះ លទ្ធភាពនៃការកើតឡើងនូវ “សង្គ្រាមត្រជាក់បែបថ្មី” ក៏បានក្លាយជាកង្វល់ដ៏ចម្បងមួយទៀត ព្រោះថា ប្រទេសកម្ពុជាដ៏តូចមួយនេះ ធ្លាប់បានបង់ថ្លៃយ៉ាងដំណំ ដោយសារជម្លោះសង្គ្រាមត្រជាក់ ការខ្វែងគំនិតគ្នាផ្នែកមនោគមន៍វិជ្ជា និង ការប្រកាន់ឥរិយាបថជាតិនិយមជ្រុល។ ហេតុនេះ យើងត្រូវតែច្រានចោលយ៉ាងដាច់អហង្ការ រាល់ការប៉ុនប៉ងណាមួយដែលនាំទៅរកការសាដាននៃប្រវត្តិសាស្រ្ត៕

...

ប្រភព៖ AKP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print