អន្តរជាតិ៖ បន្ទាប់ពីសហគមន៍អន្តរជាតិ រិះគន់ពីការបង្រ្កាបលើជនជាតិភាគតិចវីហ្គ័រ និងជនជាតិភាគតិចផ្សេងទៀត ប្រធានាធិបតីចិន លោកស៊ី ជិនភីង នៅថ្ងៃទី២៦ ខែកញ្ញា បានលើកឡើងពីការគាំទ្រគោលនយោបាយរបស់ខេត្តស៊ីនជាំង ។
បើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV ក្នុងកិច្ចប្រជុំជាន់ខ្ពស់របស់បក្សកុម្មុយនិស្តចិន កាលពីថ្ងៃទី២៦ ខែកញ្ញាថ្មីៗនេះប្រធានាធិបតីចិន លោកស៊ី ជិនភីង ក៏បានលើកឡើងពីគោលនយោបាយក្នុងស៊ីនជាំងផងដែរ។ ក្នុងសន្និសីទមជ្ឈិមទី៣លើកិច្ចការស៊ីនជាំងលោក ស៊ី បានលើកឡើងយ៉ាងដូច្នេះថា៖ «សមាជិកបក្សកុម្មុយនិស្តទាំងអស់ ត្រូវតែគោរពការប្រតិបត្តិគោលនយោបាយខេត្តស៊ីនជាំង ជាកិច្ចការនយោបាយ ដើម្បីធ្វើឲ្យបានសម្រេច និងជោគជ័យយ៉ាងត្រឹមត្រូវ ពោលគឺធ្វើយ៉ាងណាឲ្យកិច្ចការរបស់យើងនៅក្នុងខេត្តស៊ីនជាំងស្របទៅតាមទិសដៅនយោបាយ»។
បើតាមការយល់ឃើញរបស់ប្រធានាធិបតីចិនរូបនេះ គោលនយោបាយក្នុងខេត្តស៊ីនជាំង គឺត្រូវតែអនុវត្តដើម្បីការពារស្ថិរភាពក្នុងស៊ីនជាំងនិងការបណ្តុះអត្តសញ្ញាណចិន។ ថ្លែងប្រាប់សមាជិកបក្សក្នុងកិច្ចប្រជុំនេះ លោកស៊ី បានអះអាងថា ខេត្តស៊ីនជាំងទទួលជោគជ័យលើវិស័យជាច្រើនដូចជា កំណើនសេដ្ឋកិច្ច ការការពារបរិស្ថានបានល្អ ការកែប្រែការរស់នៅរបស់ប្រជាជនផងដែរ។ ការណ៍នេះ លោកស៊ី បានហៅថា «ភាគជោគជ័យដែលបង្ហាញដោយការពិត»។
សូមជម្រាបថា បន្ទាប់ពីសហគមន៍អន្តរជាតិ បានចោទថា យ៉ាងហោចណាស់ ជនជាតិភាគតិចវីហ្គ័រ និងជនជាតិមូស្លីមភាគតិចផ្សេងទៀតចំនួន១លាននាក់ ត្រូវរដ្ឋាភិបាល ឃុំខ្លួននៅក្នុងមន្ទីរកែប្រែ ដើម្បីអប់រំផ្នែកមនោគមវិជ្ជានយោបាយ និងកម្លាំងពលកម្ម។ ជាការឆ្លើយតបវិញភ្លាមៗរដ្ឋាភិបាលចិន បានអះអាងថា នោះគ្រាន់តែជាមជ្ឈមណ្ឌលអប់រំជំនាញ និងប្រឆាំងគំនិតជ្រុលនិយមតែប៉ុណ្ណោះ។ កន្លងមកប្រមុខការបរទេសចិន លោក វ៉ាង យីធ្លាប់បានអះអាងថា ជនជាតិភាគតិច ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមណ្ឌលទាំងនោះ និងមានការងារធ្វើអស់ហើយ។
គួរបញ្ជាក់ថា បើតាមវិទ្យាស្ថានគោលនយោបាយយុទ្ធសាស្រ្តអូស្រ្តាលី បានបញ្ចេញរបាយការណ៍មួយក្នុងសប្តាហ៍នេះថា ចាប់ពីឆ្នាំ២០១៧មក វិហារមូស្លីមប្រមាណ ១៦០០០ខ្នង ត្រូវវាយកម្ទេចចោល ឬបំផ្លាញ តាមរយៈគោលនយបាយរបស់ចិន។ ការវាយតម្លៃនេះ គឺផ្អែកលើរូបថតរបស់ផ្កាយរណបថតទុកមុនឆ្នាំ២០១៧ ដែលបានពិនិត្យលើទីតាំងសាសនាចំនួន ៩០០កន្លែង មកធៀបនឹងរូបថតក្នុងពេលបច្ចុប្បន្ន។ ជាការឆ្លើយតប ក្រសួងការបរទេសចិនថា គឺជា ការបង្ខូចកេរ្ត៍ឈ្មោះរដ្ឋាភិបាលចិន៕ដោយ៖ស តារា