អន្តរជាតិ៖ បន្ទាប់ពីមេប្រឆាំងប៉ាគីស្ថាន បានប្តេជ្ញាជួយដឹកនាំកិច្ចខិតខំប្រឹងប្រែង ដើម្បីរំលាយរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី Imran Khan ទើបតែបានប៉ុន្មានថ្ងៃប៉ុណ្ណោះ ក៏ត្រូវមន្រ្តីប្រឆាំងអំពើពុករលួយប៉ាគីស្ថាន បានឃាត់ខ្លួនមេបក្សប្រឆាំងរូបនេះ កាលពីថ្ងៃចន្ទ ទី២៨ខែកញ្ញាម្សិលមិញនេះ ។
បើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA បាននិយាយថា លោក Shahbaz Sharif ដែលជាមេដឹកនាំក្រុមប្រឆាំង នៅក្នុងរដ្ឋសភាជាតិរបស់ប្រទេសប៉ាគីស្ថាន ត្រូវបានអាជ្ញាធរឃាត់ខ្លួននៅទីក្រុង Lahore បន្ទាប់ពីតុលាការកំពូល របស់ទីក្រុងនេះ បានច្រានចោលការសុំនៅក្រៅឃុំ ជុំវិញករណីលាងលុយកខ្វក់។
សូមជម្រាបថា លោក Shahbaz Sharif គឺជាបងប្អូនរបស់លោក Nawaz Sharif ដែលជាអតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថាន ដែលត្រូវបានធ្លាក់ចេញពីតំណែង ក្រោមបទចោទប្រកាន់ ជុំវិញអំពើពុករលួយ កាលពីឆ្នាំ២០១៧ ហើយបច្ចុប្បន្នកំពុងស្នាក់នៅក្នុងប្រទេសអង់គ្លេស បន្ទាប់ពីត្រូវបានដោះលែងពីពន្ធនាគារកាលពីដើមឆ្នាំ២០២០នេះ ដើម្បីព្យាបាលជំងឺ ។
គួរបញ្ជាក់ថា ការឃាត់ខ្លួននេះ បានកើតឡើងចំពេលដែលគណបក្សប្រឆាំង បានបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីដកលោក Imran Khan ចេញពីតំណែង ដោយប្តេជ្ញាកាលពីដើមខែនេះថា នឹងចាប់ផ្តើមធ្វើបាតុកម្មនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ដើម្បីទាមទារឲ្យរំលាយរដ្ឋាភិបាល។ ជាក់ស្តែងបច្ចុប្បន្ននេះសម្ពាធបាននិងកំពុងកើតមានជុំទិស ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក Khan នៅប៉ុន្មានខែចុងក្រោយ ខណៈសេដ្ឋកិច្ចរបស់ប្រទេស ត្រូវបានបំផ្លាញដោយឱនភាពសារពើពន្ធ វិបត្តិអតិផរណា និងការធ្លាក់ចុះនៃរូបិយប័ណ្ណ៕ដោយ៖ស តារា