លោក ពៅ ហេង សម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះយោធិនសោធននិវត្តន៍ និងពិការ ដែលរយៈពេលកន្លងមកបានធ្វើពលិកម្មយ៉ាងធំធេងក្នុងចលនារំដោះប្រទេសជាតិ

ចែករំលែក៖

ខេត្តសៀមរាប៖ ថ្លែងក្នុងពិធីសំណេះសំណាល និងបំពាក់ឋានន្តរសក្តិ ជូនយោធិនសោធននិវត្តន៍ និងពិការ ដល់កងឯកភាពចំណុះ ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ បានសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះនាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទ ដែលរយៈពេលកន្លងមកបានធ្វើពលិកម្មយ៉ាងធំធេងក្នុងចលនារំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ទប់ស្កាត់ការប៉ុនប៉ងត្រឡប់មកវិញ នៃរបបព្រៃផ្សៃយង់ឃ្នងនោះ ចូលរួមយ៉ាងសកម្មក្នុងចលនាបង្រួបបង្រួមជាតិផ្សះផ្សាជាតិ និងជាកម្លាំងស្នូលក្នុងការអនុវត្តនយោបាយឈ្នះឈ្នះ នាំមកនូវសន្តិភាពពេញលេញនៅ កម្ពុជា ក៏ដូចជាបានចូលរួមចំណែកថែរក្សាការពារសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យប្រទេសកម្ពុជាទទួលបានជោគជ័យដ៏ត្រចះត្រចង់ជាប្រវត្តិសាស្ត្រ។

លោកមេបញ្ជាការ បានបន្តទៀតថាការអនុវត្តគោលនយោបាយចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ ក៏ដូចជាការយកចិត្តទុកដាក់អនុវត្តន៍នូវគោលនយោបាយចំពោះយោធិនពលី ពិការ មរណៈ បាត់បង់សមត្ថភាពការងារ យោធិនចូលនិវត្តន៍ អតីតយុទ្ធជន និងគ្រួសារ ដោយការគោរពដឹងគុណចំពោះគុណូបការៈដ៏ថ្លៃថ្លារបស់បងប្អូនចំពោះជាតិមាតុភូមិ និងប្រជាជន ដោយយកចិត្តទុកដាក់ដោះស្រាយជីវភាពរស់នៅ ទាំងស្មារតី សម្ភារ និងថវិកាជាបន្តបន្ទាប់ ជាក់ស្ដែងនាពេលនេះ យើងបានអនុវត្តន៍នូវគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល ធ្វើការបំពាក់ឋានន្តរសក្តិ គ្រឿងឥស្សរយស បន្ថែមមួយថ្នាក់ជូនយោធិនចូលនិវត្តន៍ និងយោធិនពិការ ដែលបានត្រូវផ្ទេរចេញពីក្របខ័ណ្ឌ ក្រសួងការពារជាតិ របស់អង្គភាពចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោកឆ្នាំ២០២០។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ម្សិលមុិញ យោធភូមិភាគទី៤ បានរៀបចំពិធីសំណេះសំណាល និងបំពាក់ឋានន្តរសក្តិ ជូនយោធិនសោធននិវត្តន៍ និងពិការ ដល់កងឯកភាពចំណុះមានដូចជា កងពលតូចថ្មើរជើងលេខ៤១ តំបន់ប្រតិបត្តិការសឹករងចំណុះយោធភូមិភាគទី៤ ក្រោមអធិបតីភាពឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ តំណាងដ៏ខ្ពង់ខ្ពស់លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកព្រមទាំងមានការអញ្ជើញចូលរួមពី អគ្គនាយករងនៃអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវុត្ថុ ក្រសួងការពារជាតិ ប្រចាំទិសយោធភូមិភាគទី៤ អភិបាលរងខេត្ត ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន តំណាងនាយរងសេនាធិការចម្រុះអគ្គបញ្ជាការ ប្រចាំទិសយោធភូមិភាគទី៤ ទី៥ និងតំណាង មេបញ្ជាការ មេបញ្ជាការរង កងឯកភាព និងស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត។

នៅក្នុងឱកាសនោះផងដែរ យោធិនសោធននិវត្តន៍ និងពិការ ក៏បានទទួលថវិកាលើកទឹកចិត្តបន្ថែម ក្នុងម្នាក់ទទួលបានថវិកាចំនួន៣០០,០០០៛ (ក្នុងនោះថវិកាចំនួន២០០,០០០៛ ជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក និងថវិកាចំនួន១០០,០០០៛ ជាអំណោយរបស់បញ្ជាការដ្ឋានយោធភូមិភាគទី៤៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print