រដ្ឋមន្ត្រីការបរទេស​តៃវ៉ាន់ ថា៖ សហភាព​អឺរ៉ុប ជាអ្នក​ជួយ​តៃវ៉ាន់​ក្នុងការ​ទាមទារប្រើឈ្មោះស្ថិតក្រោម​ការគ្រប់គ្រង​របស់​ចិន

ចែករំលែក៖

អន្តរជាតិ៖ បន្ទាប់ពីអង្គការ​អភិបាលក្រុង​ដើម្បី​អាកាសធាតុ និង​ថាមពល​(Global Covenant of Mayors for Climate and Energy ) ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ព្រុ​ច​សែ​ល ក្រោយ​អង្គការ​នេះ​បាន​ចុះបញ្ជី​ទីក្រុង​របស់​តៃវ៉ាន់​ចំនួន​៦ ជាទី​ក្រុង​របស់​ចិន​។​ នៅ​ថ្ងៃទី​២៨ ខែកញ្ញាឆ្នាំ២០២០ រដ្ឋមន្ត្រីការបរទេស​តៃវ៉ាន់ លោក Joseph Wu បានអះអាងថា សហភាព​អឺរ៉ុប បាន​ជួយ​តៃវ៉ាន់​ក្នុងការ​ទាមទារ​ឲ្យ​អង្គការ​អន្តរជាតិ​មួយនេះ កែតម្រូវ​ដាក់​ទីក្រុង​របស់​តៃវ៉ាន់ មក​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​តៃវ៉ាន់​វិញ ​។

បើតាមការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេស​តៃវ៉ាន់ លោក Joseph Wu បានប្រកាសថា ក្រោយ​តៃវ៉ាន់​តវ៉ា អង្គការ​អភិបាលក្រុង​ខាងលើបាន​ប្តូរ​មក​ដាក់​ទីក្រុង​ទាំង​៦​នោះ ទៅជា​ផ្នែក​របស់​ឆាយ​នី​ស​តៃប៉ិ​(Chinese Taipei) វិញ​។ រដ្ឋាភិបាល​តៃវ៉ាន់​ប្រើប្រាស់​ឈ្មោះ «​ឆាយ​នី​ស​តៃប៉ិ​» នៅក្នុង​ស្ថាប័ន​អន្តរជាតិ​នានា​ដូចជា​កីឡា​អូឡាំពិក ដើម្បី​កុំ​ឲ្យ​ចិន​ជំទាស់​នឹង​ការចូលរួម​របស់​តៃវ៉ាន់​នៅក្នុង​ស្ថាប័ន​ទាំងនោះ​។​

បញ្ហានេះហើយបានធ្វើឲ្យតៃវ៉ាន់ បានបង្ហាញ​ការមិនសប្បាយចិត្ត​យ៉ាងខ្លាំង​ចំពោះ​ការដាក់​ឈ្មោះ​ទីក្រុង​របស់ខ្លួន​ឲ្យ​ស្ថិតក្រោម​ចិន​។ នាយករដ្ឋមន្ត្រី​តៃវ៉ាន់ Su Tseng-chang បាន​រិះគន់​ការដាក់​ឈ្មោះ​នេះ ហើយ​ប្រកាសថា​៖« តៃវ៉ាន់ គឺ​តៃវ៉ាន់ ចំណែក​ចិន គឺ​ចិន​។ តៃវ៉ាន់ មិនមែនជា​ទីក្រុង​រប​ស់​ចិន​ឡើយ​»​។ លោក​បន្តថា បើសិនជា​មានការ​ប្រើ​ឈ្មោះ​ខុស​បែបនេះ ជា​រឿង​ខុសឆ្គង​ខ្លាំង​មែនទែន​។​

​ដោយឡែកបើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ប្រមុខ​ការទូត​តៃវ៉ាន់ បាន​អះអាងថា សហភាព​អឺរ៉ុប ជា​អ្នក​ជួយ​តៃវ៉ាន់ ក្នុងការ​ទាមទារ​ឲ្យ​ប្តូរ​ឈ្មោះ​នោះ ប៉ុន្តែ​លោក​ពុំបាន​បញ្ជាក់ថា​សហភាព​អឺរ៉ុប​ជួយ​ដោយ​វិធី​ណា​ឡើយ​។ លោក​និយាយថា​៖ «​យើងទាំងអស់គ្នា​សប្បាយចិត្ត ចំពោះ​ការធ្វើការ​របស់​អ្នក​ទាំងអស់គ្នា ដែល​បានដាក់​ឈ្មោះ​មក​ដូចដើម​វិញ​។​» លោក​ទទួលស្គាល់ថា មាន​អ្នក​មិន​ពេញ​ចិត្តនឹង​ឈ្មោះ​ឆាយ​នី​ស​តៃប៉ិ​នេះ ប៉ុន្តែ​វា​ប្រសើរ​ជាង​ស្ថិតនៅក្រោម​ឈ្មោះ​ប្រទេស​ដទៃ​។​

សូមជម្រាបថា កាលពី​សប្តាហ៍​កន្លងទៅ មន្ត្រី​តៃវ៉ាន់ បាន​តវ៉ា​ទៅ​អង្គការ​អភិបាលក្រុង​មួយនេះ ដោយអភិបាលក្រុង​ចំនួន​៦​ បាន​ផ្ញើ​លិខិតតវ៉ាទាមទារ​ឲ្យ អភិបាលក្រុង​ដើម្បី​អាកាសធាតុ និង​ថាមពល លុបចោល​សេចក្តីសម្រេចចិត្ត​នោះ​។​

​ជុំវិញបញ្ហានេះដែរ បើមែនទែនទៅ រដ្ឋ​សមាជិក​សហភាព​អឺរ៉ុប​ទាំងអស់ ពុំមាន​ទំនាក់ទំនង​ផ្លូវការ​ជាមួយ​តៃវ៉ាន់​ឡើយ​។ ចំណែក​សហភាព​អឺរ៉ុប ក៏​ពុំ​ហ៊ាន​បង្ហាញ​ពី​ទំនាក់ទំនង​នោះ​ឲ្យ​ពេញលេញ​ដែរ ដោយ​ខ្លាច​ចិន​ដែលជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​លំដាប់​ទី​២ ខឹងសម្បារ​។ បុរី​វា់ទី​កង់ ជា​ប្រទេស​នៅ​តំបន់​អឺរ៉ុប​តែមួយគត់​មាន​ទំនាក់ទំនង​ការទូត​ជាមួយ​តៃវ៉ាន់​។

​ប្រទេសចិន តាំងតែ​ពី​ដើមឡើយតែ​ជំរុញ​ឲ្យ​អង្គការ និង​ក្រុមហ៊ុន​អន្តរជាតិ ចាត់ទុក​តៃវ៉ាន់​ជា​ផ្នែក​មួយ​របស់​ចិន នៅលើ​គេហទំព័រ ក៏ដូចជា​ឯកសារ​ផ្លូវការ​ផងដែរ​។ ការចាត់ទុក​តៃវ៉ាន់​ជា​ផ្នែក​មួយ​របស់​ចិន​នេះហើយ ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល និង​ប្រជាជន​តៃវ៉ាន់​ខឹងសម្បារ​។ កាលពី​ខែ​មុន អង្គការ​អភិរក្ស​បក្សី​របស់​តៃវ៉ាន់ ត្រូវបាន​អង្គការ​សត្វព្រៃ​របស់​អង់គ្លេស​មួយ បណ្តេញចេញ ក្រោយពេល​អង្គការ​តៃវ៉ាន់​នេះ មិន​ព្រម​ចុះ​កិច្ច​ហត្ថលេខា​លើ​ឯកសារ​ដែល​បញ្ជាក់ថា មិន​គាំទ្រ​ឯករាជ្យ​របស់​តៃវ៉ាន់​។

​គួរបញ្ជាក់ថា អង្គការ​អភិបាលក្រុង​ដើម្បី​អាកាសធាតុ និង​ថាមពល គឺជា​អង្គការ​ដែលមាន​បេសកកម្ម​ជំរុញ​សកម្មភាព​ការពារ​បរិស្ថាន និង​ថាមពល​នៅ​ជុំវិញ​ពិភពលោក ដែលមាន​ទីក្រុង​ជា​សមាជិក​ចំនួន​ជាង​១​ម៉ឺន និង​មាន​ប្រជាជន​រស់នៅ​ចំនួន​៩៤៤​លាន​នាក់​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print