ភ្នំពេញ ៖ រថយន្តយីឌុប ប្រភេទដឹកដីធុនធំមួយគ្រឿង បានបេីកបុករថយន្តប៉ាហ្សេរ៉ូ(PAJERO)ពីក្រោយពេញទំហឹង បណ្ដាលឲ្យមនុស្សរបួសធ្ងន់២នាក់ និងស្រាលម្នាក់ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅក្បែររង្វង់មូលនាងកងស្រូវ(ឬកួរស្រូវ) ប្រហែល១០០ម៉ែត្រ តាមផ្លូវលេខ២១៧ ក្នុងសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមសម្ដីប្រជាពលរដ្ឋដែលនៅកន្លែងកេីតហេតុបានឲ្យដឹងថា នៅពេលកេីត
ហេតុ រថយន្តម៉ាកPAJERO ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ បាត់ដំបង 2A-2691 បានបេីកចេញពីកន្លែងលក់សាច់អាំងក្បែរទីកេីតហេតុ តាមផ្លូវលេខ២១៧ ក្នុងទិសដៅពីត្បូងមកជេីង ហេីយមានបំណងឆ្លងផ្លូវមកក្រោយវិញ ខណៈឆ្លងបានបន្តិចក៏មានរថយន្តម៉ាក DAEWOO ប្រភេទយីឌុបដឹកដីធុនធំធ្វេីដំណេីរតាមផ្លូវលេខ២១៧ ក្នុងទិសដៅពីជេីងមកត្បូងដោយប្រើល្បឿនលឿនមិនប្រយ័ត្នក៏បុករថយន្តPAJERO ចំចំហៀងពីក្រោយពេញទំហឹង បណ្ដាលឲ្យរថយន្តPAJERO វិលពីរទៅបីជុំរងការខូចខាតយ៉ាងដំណំ និងទៅប៉ះរថយន្តមួយគ្រឿងទៀតដែលចតនៅប្របចិញ្ចេីមផ្លូវរងការខូចខាតតិចតួច ។
ក្រោយកេីតហេតុភ្លាមៗ រថយន្តយីឌុបបានបេីកគេចខ្លួនតែត្រូវប្រជាពលរដ្ឋដេញតាមចាប់បានទាំងរថយន្ត និងតៃកុងប្រគល់ឲ្យសមត្ថកិច្ច ។ ក្នុងហេតុការណ៍នេះគេឃេីញមនុស្សប្រុស៣នាក់នៅក្នុងរថយន្តរងគ្រោះម៉ាក PAJERO បានរងរបួសធ្ងន់២នាក់ ស្រាលម្នាក់ ហេីយត្រូវបានប្រជាពលរដ្ឋយករថយន្តមកដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដេីម្បីសង្គ្រោះភ្លាមៗផងដែរ ។
ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងទាក់ទងទៅជំនាញចរាចរណ៍ចុះមកធ្វេីការវាស់វែងយករថយន្តPAJERO និងរថយន្តយីឌុប ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមក្រោយ ។ ឯរថយន្តមួយគ្រឿងទៀតដែលរងការខូចខាតតិចតួចមិនចង់មានរឿងវែងឆ្ងាយ ក៏បេីកចេញពីកន្លែងកេីតហេតុបាត់ទៅ៕ ដោយ៖ ភារ៉ា ដង្កោ