ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់រួមដំណើរជាមួយបុរសជនជាតិចិននិងខ្មែរពីរនាក់ទៀត បានបើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកALPHARD ទៅបុកម៉ូតូហុងដាឌ្រីម សេ១២៥នៅត្រង់ចំណុចផ្លូវបែកជាបួនបណ្តាលឲ្យបុរសអ្នកជិះម៉ូតូម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុចំណែកបុរសពីរនាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង ៥០នាទីយប់ថ្ងៃទី២៩ ខែកញ្ញាឆ្នាំ ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវR8 កែងនឹងផ្លូវR11 ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សពជនរងគ្រោះ(ស្លាប់)មានឈ្នោះព្រឿម សារ៉ាត់ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅម្ដុំកាំកូស៊ីធី មានស្រុកកំណើតនៅភូមិពោធី២ សង្កាត់គា ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញជនជាតិចិនចំនួនពីរនាក់រួមដំណើរជាមួយបុរសជនជាតិខ្មែរម្នាក់ទៀតបើកនិងជិះរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកALPHARDពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AX-9188ធ្វើដំណើរតាមបណ្តោយផ្លូវR11ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើត្រង់ផ្លូវបែកជាបួនបានបុកជាមួយម៉ូតូហុងដាឌ្រីមមួយគ្រឿងស៊េរីឆ្នាំ ២០១៤ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1AL-1753ជិះដោយបុរស ៣នាក់កំពុងធ្វើដំណើរតាមបណ្ដោយផ្លូវR8 យ៉ាងពេញទំហឹងបណ្ដាលឲ្យដួលបោកទៅនឹងថ្នល់ស្លាប់បុរសម្នាក់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែក២នាក់ទៀតរងរបួសធ្ងន់ត្រូវរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។ក្រោយកើតហេតុរថយន្តបង្កបានព្យាយាមបើករត់រាប់សិបម៉ែត្រត្រូវបានបងប្អូនប្រជាពលរដ្ឋឃើញហេតុការណ៍នះនាំគ្នាឃាត់បានមកវិញ និងឃាត់ខ្លួនជនជាតិខ្មែរអ្នករួមដំណើរម្នាក់ប្រគល់ជូនសមត្ថកិច្ចមូលដ្ឋានយកទៅសួរនាំ។ចំណែកជនជាតិចិន២ នាក់ទៀតបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ទៅ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។ដោយឡែក សពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនសាច់ញាតិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ សុភាព