ខេត្ដព្រះសីហនុ៖ ដីភ្នំជាច្រើនកន្លែង នៅតំបន់ឃុំបិតត្រាំង ស្រុកព្រៃនប់ កំពុង ប្រឈមនឹងការរលាយហិនហោច ដោយ សារលោកលូ គឹមឈុន អគ្គនាយក កំពង់ផែស្វយ័តខេត្ដព្រះសីហនុដែលបាន បញ្ជាទិញដីភ្នំទាំងនោះយកទៅចាក់លុប ព្រៃលិចទឹកនិងលុបសមុទ្រតាមបណ្ដោយឆ្នេរតំបន់ចម្ការដូងធ្វើឱ្យមានការរិះគន់យ៉ាងធ្ងន់ធ្ងរពីសំណាក់ប្រជាពលរដ្ឋរស់ នៅក្នុងឃុំបិតត្រាំង ។
ជុំវិញបញ្ហាខាងលើនេះ លោកទិត្យ វុទ្ធី អភិបាលស្រុកព្រៃនប់ ខេត្ដព្រះសីហនុ នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ បានប្រាប់ឱ្យដឹងថា ការចាក់ដីចូលសមុទ្រ តំបន់ឆ្នេរតាមបណ្ដោយចម្ការដូងខាង លើនេះមិនមានច្បាប់អនុញ្ញាតនោះទេ ហើយបញ្ហានេះលោកបានឱ្យលោកអក សុងហ៊ន អភិបាលរងស្រុកចុះទៅពិនិត្យ ដើម្បីមានវិធានការតាមផ្លូវច្បាប់រួច ហើយ ប៉ុន្ដែលទ្ធផលយ៉ាងណានោះលោក អក សុង ហ៊ន នៅមិនទាន់ធ្វើរបាយការណ៍ ជាក់លាក់ឱ្យលាកនៅឡើយទេ ។
លោក មុត សុធារិទ្ធិ ប្រធានមន្ទីរ បរិស្ថានខេត្ដព្រះសីហនុបានបញ្ជាក់ថា ជុំវិញការជីកកកាយដីភ្នំនាំយកទៅចាក់លុបសមុទ្រខាងលើនេះពិតជាមានមែន ។ ប៉ុន្ដែបញ្ហានេះត្រូវបានផ្អាកហើយ និង មិនមានសកម្មភាពបន្ដទៀតនោះទេ ព្រម ទាំងមានធ្វើកិច្ចសន្យាតម្រូវឱ្យអ្នកដែលពាក់ព័ន្ធ ចាក់ដីលុបសមុទ្រទាំងនោះ កាយដីដែលចាក់ចូលសមុទ្រចេញវិញឱ្យអស់ ប្រវែង៥០ម៉ែត្រពីឆ្នេរ ដោយ គ្មានការតវ៉ា ។ ក្នុងករណីមិនព្រមអនុវត្ដ តាមកិច្ចសន្យាលោកនឹងធ្វើរបាយការណ៍លម្អិតដាក់ជូនទៅថ្នាក់ដឹកនាំខេត្ដឱ្យបាន ជ្រាបដើម្បីមានវិធានការបន្ដទៅតាមផ្លូវច្បាប់ និងអាចឈានដល់ការប្ដឹងផ្ដល់ទៅ សាលាដំបូងខេត្ដចាត់ការតាមនីតិវិធី ទៀតផង ។
ដោយឡែកសម្រាប់លោកនេន ចំរើន ប្រធានការិយាល័យជលផលខេត្ដព្រះសីហនុ ក៏បានបញ្ជាក់ផងដែរថា បញ្ហាចាក់ដី លុបសមុទ្រជាពិសេសចាក់ដីលុបព្រៃលិចទឹកនៅចំណុចខាងលើនេះ លោកបានឱ្យ មន្ដ្រីជលផលស្រុកព្រៃនប់ចុះពិនិត្យរួច ហើយនិងកំពុងតែធ្វើការផ្ទៀងផ្ទាត់មើល ឱ្យប្រាកដថាការចាក់ដីនៅចំណុចខាង លើនេះមានផលប៉ះពាល់ដល់ព្រៃលិច ទឹកក្នុងកម្រិតណាដើម្បីមានវិធានការ តាមផ្លូវច្បាប់ ។ កិច្ចការនៅចំពោះមុខ បើពិនិត្យឃើញថាមានការចាក់ដីចូលតំបន់ព្រៃលិចទឹក លោកនឹងឱ្យអ្នកពាក់ ព័ន្ធកាយចេញវិញឱ្យអស់មិនមានការ យោគយល់នោះទេ ពីព្រោះដីព្រៃលិចទឹក គឺជាសម្បត្ដិធនធានធម្មជាតិរបស់រដ្ឋ និង ជាទីកន្លែងនៃជីវចម្រុះកកើតបន្ដពូជ ។
ជាមួយគ្នានេះប្រជាពលរដ្ឋរស់នៅ ក្នុងឃុំបិតត្រាំងបាននិយាយរិះគន់ថា ជារឿយៗគេតែងតែឃើញលោកលូ គឹមឈុន និងភរិយាមានចិត្ដសប្បុរសធម៌ ចុះចែកអំណោយឧបត្ថម្ភដល់ជនទីទ័លក្រ ស្ទើរទូទាំងខេត្ដព្រះសីហនុមើលទៅគួរឱ្យគោរពណាស់ ប៉ុន្ដែសម្រាប់ប្រជាពលរដ្ឋ រស់នៅឃុំបិតត្រាំងមិនត្រូវការអំណោយ ជួយឧបត្ថម្ភអ្វីពីលោក លូ គឹមឈុននោះ ទេគឺសុំតែម្យ៉ាងកុំឱ្យមានការលុបដីព្រៃលិចទឹកតទៅទៀត ពីព្រោះព្រៃលិចនេះ មានសារសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋក្រីក្រដែលប្រកបមុខរបរនេសាទ ជាលក្ខណៈគ្រួសារប្រចាំថ្ងៃ តែបើព្រៃលិច ទឹកត្រូវគេចាក់លុបអស់នោះជីវិតប្រជា ពលរដ្ឋក្រីក្រដែលពឹងលើព្រៃលិចទឹកទាំងអស់ច្បាស់ជាវេទនាហើយ ។ ដូចនេះសូម ឱ្យលោក លូ គឹមឈុន មេត្ដាគិតដល់ បញ្ហានេះផង ៕
ដោយ៖ ឆ្លាមសមុទ្រ