ភ្នំពេញ៖ រឿង“ពិធីអន្ទងព្រលឹង” បើតាមការជឿតៗគ្នារបស់ចាស់បុរាណ ពីមួយជំនាន់ទៅមួយជំនាន់ តែងតែមានជំនឿទៅលើរឿងបែប អបិយជំនឿជាច្រើនដូចជា៖ អមនុស្ស ការបន់ស្រន់ អារុក្ខអារក្ស អ្នកតា ខ្មោចព្រាយបិសាចជាដើម ។យ៉ាងណាមិញ រហូតមកទល់ពេលនេះ គ្មានអ្នកវិទ្យាសាស្ត្រណា អាចបញ្ជាក់បានថាជំនឿទាំងនេះ ពិតឬយ៉ាងណា តែវាក៏នៅតែមានឥទ្ធិពល មកលើផ្នត់គំនិតរបស់ប្រជាពលរដ្ឋខ្មែរ រហូតមកទល់នឹងពេល បច្ចុប្បន្ននេះផងដែរ។
បើតាមចាស់បុរាណ បានឲ្យដឹងថា ពិធីអន្ទងព្រលឹងនេះ មានច្រើនបែបច្រើនយ៉ាង។ ចំណែកឯការរៀបចំ ក៏មានការខុសគ្នាទៅតាមគ្រូ ដែលរៀបចំពិធីនោះដូចគ្នាដែរ។ ព្រោះពិធីអន្ទងព្រលឹងនេះ គឺជាជំនឿបែបអរូបីយមួយ តាំងពីបុរាណកាលមកម្ល៉េះ ហើយក៏មានប្រជាពលរដ្ឋ នៅតាមទីជនបទក្នុងតំបន់ ភូមិស្រុកមួយចំនួន ក៏នៅតែមានជំនឿ និងរៀបចំធ្វើនៅ ពិធីមួយនេះឡើងមកផងដែរ។
បើតាមលោក វង្សមុនី រយដាវ សាវឌី ដែលសព្វថ្ងៃលោកជាគ្រូ ដែលមានចំណេះដឹងខាងផ្លូវងងឹត បានឲ្យដឹងថាសម្រាប់លោក របៀបធ្វើពិធីអន្ទងព្រលឹងនេះ គឺលោកប្រើភ្លើងទាន ជំនួសធូប ហើយរបៀបក្នុងការអន្ទងនោះ គឺត្រូវតែមាននៅ គ្រឿងដង្វាយចំនួន៧មុខដូចជា ពោត ល្ងសណ្តែកក្រហម សណ្តែកខៀវ ស្រូវសាលី ត្រឡាច ល្ពៅ ផ្កាម្លិះ៧ភួង ផ្លែឈើ៧មុខ ហើយពេលដែលរៀប គឺត្រូវមានភ្លើងទានដោយប្រើទានក្រអូប៧ដើម អុជដើម្បីបំភ្លឺភ្លើងជ័យ អន្ទងព្រលឹងនោះមក និយាយឬសួរនាំជាដើម។
លោក វង្សមុនី រយដាវ សាវឌី ក៏ប៉ុន្តែប្រសិនបើ ធ្វើពិធីអន្ទងព្រលឹងនោះ ឲ្យមកចូល ឬសង្កត់អ្វីមួយគឺត្រូវ ប្រើទាន៧ដើម ហើយក្នុងនោះគឺត្រូវមាន ទានក្រអូបមួយគូរ ដែលគេហៅថាទានពន្លឺជ័យ សិរីសួស្តី វេលាល្អ។ បន្ថែមពីនេះទៀតសោតនៅពេលដែល កំពុងតែរៀបចំពិធីអន្ទង់ព្រលឹង គឺត្រូវតែបិទភ្លើងទាំងអស់ ហើយក៏ទាមទារ ឲ្យមានភាពស្ងប់ស្ងាត់បំផុត គឺមិនអាចឲ្យមានអ្វីមករំខាននោះទេ។
ជាមួយគ្នានោះក៏ត្រូវមាន អំបោះឆៅមួយគូទៀត ដើម្បីទុកចងធ្វើជាខ្សែសីមា គឺដើម្បីការពារកុំឲ្យវិញ្ញាណនោះ ខ្ចាតខ្ជាយព្រលឹង។ ហើយការអន្ទងព្រលឹងនេះដែរ ក៏ដើម្បី ហៅវិញ្ញាណណាមួយ មកជួប សួរនាំ បញ្ហា រឿងរ៉ាវមួយចំនួន ដែលអ្នកនៅរស់មិនអស់ចិត្ត ឬក៏ហៅជួយជាដើម មិនមែនមានន័យថា វិញ្ញាណទាំងអស់ ដែលអន្ទងមក សុទ្ធតែអាក្រក់ ឃោឃៅទេ ហើយអ្នកខ្លះ ក៏អន្ទងព្រលឹងដាក់តុក្កតា ដើម្បីជាការរកស៊ី មានបានផងដែរ។
គួរបញ្ជាក់ថា នេះគ្រាន់តែជាជំនឿមួយ ក្នុងចំណោមជំនឿជាច្រើន ផ្សេងៗទៀតរបស់ចាស់ៗ ពីជំនាន់ដើម។ ដូច្នេះសម្រាប់អ្នកអាន ទាំងអស់អាចជឿឬ មិនជឿគឺទៅតាមការគិត និងការពិចារណា របស់មនុស្សម្នាក់ៗ។ តែគ្រប់យ៉ាងគឺសុទ្ធតែមាន នៅដើមទងនិង រឿងរ៉ាវផ្សេងៗ ដែលចាស់បុរាណលោកធ្លាប់ជួបប្រទះ ទើបបានជាជំនឿនេះ នៅតែបន្តរហូតមកទល់ សព្វថ្ងៃបែបនេះ។ តែយ៉ាងណាមិញ បើមិនទាន់ជួប និងមិនទាន់ឃើញ កុំទាន់ជឿ តែថា បើមិនជឿក៏សូមកុំ ប្រមាថដូចគ្នាផងដែរ៕ដោយ៖សហការី