បុរសជនជាតិ​អាមេរិកម្នាក់ ក្រោយ​ជាសះស្បើយ​ពី​ជំងឺអេដស៍រយៈពេល១២ឆ្នាំ ប៉ុន្តែមកស្លាប់ដោយសារ​ជំងឺមហារីក​ឈាម

ចែករំលែក៖

អន្តរជាតិ៖ ​បើតាម​ការប្រកាស​របស់​អង្គការ​សង្គម​អេដស៍​អន្តរជាតិ (IAS) នៅ​ថ្ងៃទី​៣០ ខែកញ្ញា​ម្សិលមិញនេះថា លោក Timothy Ray Brown ជនជាតិ​អាមេរិក គឺជាមនុស្សទីមួយ​ដែល​ព្យាបាល​ជាសះស្បើយ​ពី​ជំងឺអេដស៍ អស់រយៈពេល១២ឆ្នាំក្រោមមក ក៏បានទទួល​មរណភាព​ដោយសារ​ជំងឺមហារីក​ឈាម (leukemia) ។

​​អង្គការ​សង្គម​អេដស៍​អន្តរជាតិ (IAS) បន្តថា លោក Brown ដែល​ស្គាល់​ថា «​អ្នកជំងឺ​បែរ​ឡាំង​» ត្រូវបាន​ប្រកាសថា​ជាសះស្បើយ​ពី​ជំងឺអេដស​ន៍​ក្នុង​ឆ្នាំ​២០០៨ ។ មួយ​ឆ្នាំមុន​ការប្រកាស​នេះ លោក Brown ត្រូវបាន​វះកាត់​ប្តូរ​ខួរឆ្អឹង ក្នុង​ទីក្រុង បែរ​ឡាំង ប្រទេស អាល្លឺម៉ង់ ដើម្បី​ព្យាបាល​ជំងឺឈាមសស៊ីឈាមក្រហម (acute myeloid leukemia)​។ ព្រោះខួរឆ្អឹង ដែល​លោក​ទទួលបាន​នោះ គឺផ្ទុក​ហ្សែ​ន​កម្រ​ម្យ៉ាង​ដែល​ប្រឆាំងនឹង​វីរុស​ហ៊ី​វ (HIV) ស្គាល់​ថា CCR5-delta 32 ។ វា​បាន​ផ្ទេរ​ទៅ​ឲ្យ​លោក Brown​។ នេះ​មានន័យថា លោក​លែង​ត្រូវ​ថ្នាំ​ប្រឆាំង​វីរុសហើយ​លោក​បន្ត​គ្មាន​វីរុស ដែល​បង្ក​ទៅជា​ជំងឺអេដស៍ រហូតមក​។ ក្នុងពេល​៦​ខែ​ចុងក្រោយ ជំងឺមហារីក​ឈាម​លោក បាន​ងើប​ឡើងវិញហើយ​បាន​ជ្រាប​ចូលដល់​ឆ្អឹងខ្នង និង​ខួរក្បាល​។

​បន្ថែមពីនេះអង្គការ​IAS បានប្រកាស​ពី​ការស្លាប់​របស់លោក Brown នៅ​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ២០២០ ហើយ​បាន​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុមគ្រួសារ​របស់​លោក​ផងដែរ​។ លោក Brown អាយុ​៥៤​ឆ្នាំ ដែល​កើត​ក្នុង​សហរដ្ឋអាមេរិក បានកើត​ជំងឺអេដស៍ ខណៈ​លោក​បាន​រស់នៅក្នុង​ទីក្រុង​បែរ​ឡាំង​ក្នុង​ឆ្នាំ​១៩៩៥​។ ហើយ​ក្នុង​ឆ្នាំ​២០០៧ លោក​បានកើត​ជំងឺមហារីក​ឈាម​។

​នៅ​ទូទាំង​ពិភពលោក មនុស្ស​៣៨​លាន​នាក់ កំពុង​រស់នៅ​ជាមួយ​ជំងឺអេដស៍​។ នេះ​បើតាម​អង្គការសហប្រជាជាតិ ។ ករណី​ជាសះស្បើយ​របស់លោក Brown បានផ្ដល់​ក្តីសង្ឃឹម​ឲ្យ​ពិភពលោក​ថា ការព្យាបាល​ជំងឺអេដស៍​អាចធ្វើ​ទៅបាន​។

គួរបញ្ជាក់ថា មនុស្ស​ទី​២​ដែលជា​សះស្បើយ​ពី​ជំងឺអេដស៍​ត្រូវបាន​ប្រកាស​កាលពីដើមឆ្នាំ​២០២០​នេះ​។ គឺលោក Adam Castillejo ដែល​ស្គាល់​ថា​«​អ្នកជំងឺ​ឡុង​ដ៍​» បានទទួល​ការព្យាបាល​ស្រដៀង​គ្នា​ទៅនឹង​លោក Brown ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print