ភ្នំពេញ៖ លោក ដួង តារា ជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាអនុរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី បានក្រើនរំលឹកដល់អ្នក ប្រើប្រាស់ facebook ត្រូវប្រុងប្រយ័ត្ន និងមានការទទួលខុសត្រូវខ្ពស់ ។ ក្នុងនោះលោកបាន លើកពីភាពជាក់ស្តែងមួយចំពោះ ករណីប្អូនប្រុស សូ ដារ៉ា អាយុ២៩ ឆ្នាំ ដែលមានកូនប្រុសអាយុ៥ឆ្នាំ និងប្រពន្ធមានផ្ទៃពោះជិតគ្រប់ខែនៅអាទិត្យក្រោយនេះ ដែលត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅពន្ធធនាគារកំពង់ស្ពឺ កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ ពីបទក្លែងព័ត៌មាន និងញុះញង់អោយមានការរើសអើង ហើយត្រូវបានតុលាការ អនុញ្ញាតិអោយនៅក្រៅឃុំបណ្តោះអាសន្ន បន្ទាប់ទទួលបានការសណ្តោសប្រណីអំពីសម្តេចតេជោនាយករដ្ឋមន្រ្តី។
លោកបន្តថា៖ ពីរនាក់ប្តីប្រពន្ធខាងលើមាន Facebook Account សម្រាប់លក់ត្រីងៀត ត្រីឆ្អើរ រកចំណូលចិញ្ចឹមគ្រួសារ។ ដោយសារចង់បានចំណូលបន្ថែម អ្នកទាំងពីរបានជួលផេកទៅអោយឈ្មោះ សុខ ចំរើន យកទៅផ្សាយព័ត៌មានដើម្បីរកចំណូលពីការផ្សាយពាណិជ្ជកម្ម។ ដោយសារទុកចិត្តគេខ្លាំង និងមិនយល់ពីអំពីការទទួលខុសត្រូវចំពោះមុខច្បាប់ពាក់ព័ន្ធនឹងការប្រើប្រាស់ Facebook ប្តីប្រពន្ធទាំងពីរ មិនបានតាមដានខ្លឹមសារដែលចុះផ្សាយក្នុងផេកនោះគ្រប់ៗរឿងឡើយ គឺរង់ចាំតែទទួលប្រាក់ខែតែប៉ុណ្ណោះ។
មិនបានយូរប៉ុន្មានផង ផេកនោះក៏បានផ្សាយព័ត៌មានបំភ្លើស និងព័ត៌មានមិនពិតមួយចំនួនដែលធ្វើអោយប៉ះពាល់ដល់សម្តេចប្រមុខដឹកនាំ និងសន្តិសុខសាធារណៈ ដែលអំពើនេះ ជាបទល្មើសព្រហ្មទណ្ឌ។ គ្រប់ម្ចាស់ Facebook ត្រូវទទួលខុសត្រូវចំពោះការបង្ហោះរបស់ខ្លួន រួមទាំងការបញ្ចេញយោបល់ (Comment) និងការចែកផ្សាយបន្ត (share) នៅគ្រប់សាររបស់ខ្លួនទាំងអស់។ រាល់ការបង្ហោះសារទាំងអស់ដែលប៉ះពាល់ដល់ថ្នាក់ដឹកនាំ និងដល់សន្តិសុខជាតិ ដែលមានជាលក្ខណៈញុះញុងឱ្យប្រព្រឹត្តិអំពើឧក្រិដ្ឋ គឺជាបទល្មើសស្តែងដែលសមត្ថកិច្ចត្រូវចាត់វិធានការណ៍ទប់ស្កាត់បន្ទាន់។
ភ្លាមៗនោះបន្ទាប់ពីបានឃើញសារបង្ហោះនៅលើ Facebook របស់ពីរនាក់ប្តីប្រពន្ធ សមត្ថកិច្ច បានស្រាវជ្រាវរកឃើញសារនោះគឺផូសចេញពីម្ចាស់ Facebook ប្តីប្រពន្ធ។ ហើយបន្ទាប់មក សមត្ថកិច្ចក៏បានឃុំខ្លួនពួកគេភ្លាម ។ ចំណែកឯប្រពន្ធវិញ គឺត្រូវបានឃុំបណ្តោះអាសន្នរយៈពេល ២០ថ្ងៃ ប៉ុន្តែ បន្ទាប់មកត្រូវបានអនុញ្ញាត្តិអោយនៅក្រៅឃុំបណ្តោះអាសន្ន ដោយមូលហេតុ ប្រពន្ធជិតគ្រប់ខែឆ្លងទន្លេ មានជំងឺវះឆ្អឹងខ្នង និងមានកូនតូចអាយុ៥ឆ្នាំដែលត្រូវមើលថែផង។
ដោយគ្មានជម្រើស ផាន សុគន្ធារី ជាប្រពន្ធបានគោរពស្នើសុំការលើកលែងសណ្តោសប្រោសប្រណីពី សម្តេចតេជោ ដើម្បីជួយអោយប្តីបាននៅក្រៅឃុំបណ្តោះអាសន្ន ដូចខ្លួនដើម្បីបាននៅមើលថែរកូនតូចផង និងបានជួយមើលជម្ងឺរ៉ាំរ៉ៃរបស់ខ្លួន ជាពិសេសគឺសង្ឃឹមថានឹងបានប្តីនៅជិតមើលថែក្នុងពេលឆ្លងទន្លេឆាប់ៗនេះ។
ព្រោះថាសុខទុក្ខកូនចៅគឺជាសុខទុក្ខរបស់សម្តេចតេជោ គឺលោកបានផ្តល់ក្តីមេត្តាសណ្តោសដល់ប្តីប្រពន្ធទាំងពីរ ដោយ សម្តេចតេជោ យល់ថាក្មួយៗទាំងពីរមិនមានចេតនាអាក្រក់ចំពោះ សម្តេចតេជោ ឡើយ ព្រោះអ្នកដែលធ្វើពិតគឺជាជនទី៣ ឈ្មោះ សុខ ចំរើន ដែលបានជួល Facebook របស់ប្តីប្រពន្ធយកទៅផ្សាយព័ត៌មានមិនពិតទាំងនោះ។ សម្តេចតេជោ លោកមានព្រហ្មវិហារធម៍ និងគុណធម៍ខ្ពង់ខ្ពស់បំផុត។
ខ្ញុំសែនរំភើបរីករាយជំនួសប្អូនទាំងពីរ និងសូមគោរពថ្លែងអំណរគុណសម្តេចទាំងទ្វេយ៉ាងជ្រាលជ្រៅបំផុតចំពោះក្តីមេត្តាចំពោះប្អូនទាំងពីរ។ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ កន្លងមកនេះ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចឱ្យប្តីនៅក្រៅឃុំបណ្តោះអាសន្នស្របតាមការលើកលែងសណ្តោសប្រណីរបស់សម្តេច ។ ពេលនេះ ខ្ញុំសង្ឃឹមថាប្អូនទាំងពីរនិងក្មួយបានជួបជុំគ្រួសារ មានសេរីភាពឡើងវិញហើយ។
លោកថ្លែងទៀតថា៖ ខ្ញុំសូមអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្នទ្វេដង មិនត្រូវធ្វើអ្វីដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ ឬប៉ះពាល់ដល់បុគ្គលណាផ្សេងទៀត សូមចៀសវាងការសេរសេរ អធិប្បាយ ឬចែករំលែកព័ត៌មានមិនពិត។ ក្រៅពីនេះ ការជួលផេកអោយទៅអ្នកណាម្នាក់ ឬ ប្រគល់ផេកឱ្យ អ្នកណាគ្រប់គ្រង ម្ចាស់ផេក ត្រូវតាមដានព័ត៌មានលើផេក របស់គេអោយបានដិតដល់ បើមានអ្វីមិនស្រួលរាយការណ៍ប្រាប់មកអាជ្ញាធរមានសមត្ថកិច្ចជាបន្ទាន់ ចៀសវាងអ្វីៗទាំងអស់ត្រូវធ្លាក់មកលើខ្លួនឯងទាំងស្រុងដូចករណីនេះស្រាប់។
យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕
ដោយ៖ សុខ ខេមរា