អន្តរជាតិ៖ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃព្រហស្បតិ៍ទី១ ខែតុលាម្សិលមិញនេះថា៖ សមយុទ្ធយោធាដែលធ្វើឡើងនៅសប្តាហ៍នេះ ដោយទីក្រុងប៉េកាំងនៅក្នុងសមុទ្រចិនខាងត្បូងនឹងធ្វើឲ្យប៉ះពាល់ដល់ការចរចាស្តីពីក្រមប្រតិបត្តិ (COC) ក្នុងដែនសមុទ្រចិនខាងត្បូង ជាតំបន់ដែលមានបញ្ហាជម្លោះ។
លោកស្រី Le Thi Thu Hang ថ្លែងបន្តថា សមយុទ្ធយោធារបស់ចិននៅសមុទ្រចិនខាងត្បូង នឹងធ្វើឲ្យកាន់តែមានភាពស្មុគស្មាញ ដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីស្តារកិច្ចពិភាក្សាឡើងវិញ រវាងប្រទេសចិននិងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ លោកស្រីអ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ដូច្នេះថា៖«ការបន្តកិច្ចចរចាក្រមប្រតិបត្តិ (COC) ឡើងវិញ បន្ទាប់ពីបានផ្អាកមួយរយៈយូរ ដោយសារតែជំងឺ COVID-19 គឺជាអាទិភាពចម្បងរបស់បណ្តាប្រទេសអាស៊ាននិងចិន»។
សូមជម្រាបថា កាលពីថ្ងៃចន្ទសប្តាហ៍នេះ ចិនបានចាប់ផ្តើមធ្វើសមយុទ្ធយោធាចំនួន៥ ក្នុងពេលដំណាលគ្នា នៅតាមតំបន់ផ្សេងៗពីគ្នា នៃឆ្នេរសមុទ្ររបស់ខ្លួន រួមទាំងសមយុទ្ធចំនួន២ នៅក្បែរប្រជុំកោះប៉ារ៉ាសែល (Paracel)ផងដែរ ជាទីដែលប្រទេសវៀតណាមអះអាងថា ជាដែនទឹករបស់ខ្លួន។ ខណៈដែលប្រទេសចិនដែលជាប់គាំងក្នុងបញ្ហាវិវាទ ជាមួយបណ្តាប្រទេសផ្សេងទៀត នៅជុំវិញសមុទ្រចិនខាងត្បូង អស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ នារយៈពេលប៉ុន្មានខែកន្លងទៅនេះ បានពង្រឹងវត្តមានរបស់ខ្លួន ក៏ដូចបានធ្វើសមយុទ្ធយោធានៅតាមតំបន់ជម្លោះនៃផ្លូវទឹកយុទ្ធសាស្ត្រនេះ។
ដោយឡែកសហរដ្ឋអាមេរិកវិញ បានចោទប្រកាន់ប្រទេសចិនថា បានគំរាមកំហែងដល់ប្រទេសជិតខាង ខណៈក្រុងប៉េកាំងបានអះអាងថាទីក្រុងវ៉ាស៊ីនតោននិងសម្ព័ន្ធមិត្តរបស់លោកខាងលិចរបស់ខ្លួនទៅវិញតែ ដែលកំពុងជ្រៀតជ្រែក និងបង្កគ្រោះថ្នាក់ដល់សន្តិសុខក្នុងតំបន់នោះ៕ដោយ៖ស តារា