ខេត្តស្វាយរៀង៖ ក្មេងស្រីម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញលង់ទឹកបៀស្លាប់បង្កការភ្ញាក់ផ្អើលហើយរាយការណ៍ទៅក្រុមគ្រួសារនិងសមត្ថកិច្ចដើម្បីមកពិនិត្យសពកាលពីវេលាម៉ោង១២ថ្ងៃទី ២ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅចំណុច
ភូមិត្បែង ឃុំម្រាម ស្រុករមាសហែកខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលស្រុករមាសហែកបានដឹងថា ក្មេងស្រីរងគ្រោះមានឈ្មោះ ម៉ន ចរិយា អាយុ១២ឆ្នាំ ជាសិស្សរស់ក្នុងភូមិឃុំកើតហេតុខាងលើ។
បើតាមអ្នកភូមិបានឲ្យដឹងថា ក្រុមគ្រួសារក្មេងស្រីរងគ្រោះនេះមានជីវភាពក្រីក្រខ្វះខាត គឺដោយសារបែបនេះហើយទើបក្មេងស្រីខាងលើក្រោយសម្រាកពីការរៀនសូត្រក៏ឆ្លៀតពេលទៅរាវរកខ្ចៅខ្យងមកទុកធ្វើម្ហូប។
មុនកើតហេតុឃើញក្មេងស្រីបានចេញពីផ្ទះដើម្បីទៅរាវខ្យងនៅឯទឹកបៀប្រមាណជាមួយម៉ោងស្រាប់តែមានការភ្ញាក់ផ្អើលដល់អ្នកភូមិប្រទះឃើញក្មេងស្រីរូបនេះលង់ទឹកស្លាប់និងរាយការណ៍ទៅសមត្ថកិច្ចមកពិនិត្យសពភ្លាមៗ។
តាមការពិនិត្យសាកសពរបស់សមត្ថកិច្ចនគរបាលជំនាញស្រុកនិងគ្រូពេទ្យបញ្ជាក់ថាជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកបៀប្រាកដមែន មិនមានស្លាកស្នាមអ្វីសម្គាល់ថាជារឿងឃាតកម្មនោះទេ។
ក្រោយពីពិនិត្យសពរួចសមត្ថកិច្ចបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕ យឹម សុថាន