ក្លិបយក្សព័រទុយហ្គាល់បានប្រកាសថា ក្រុមមាន់ខ្នាយមាស Tottenham បានឈានដល់កិច្ចព្រមព្រៀងដើម្បីចុះកុងត្រាកីឡាករ Carlos Vinicius ក្នុងលក្ខខណ្ឌខ្ចីជើងពី Benfica រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ។
កិច្ចព្រមព្រៀងខ្ចីជើងដំបូងក្នុងតម្លៃ២,៧លានផោនសម្រាប់ Carlos Vinicius ក៏រាប់បញ្ចូលទាំងជម្រើសទិញ៤១លានផោន ទោះបីជាចំនួនទឹកប្រាក់ដែលត្រូវបង់សម្រាប់ខ្ចីជើងនឹងត្រូវបានកាត់ប្រសិនបើអនុវត្តគ្រប់លក្ខខណ្ឌ។
ក្រុមមាន់ខ្នាយមាស Tottenham របស់លោក Jose Mourinho ពេលនេះបានងាកទៅរកកីឡាករសញ្ជាតិប្រេស៊ីល Carlos Vinicius ដែលបានចូលរួមជាមួយ Benfica មកពីក្រុម Serie A ដែលជាក្រុម Napoli កាលពីឆ្នាំមុន។
Carlos Vinicius រកបាន១៨គ្រាប់ក្នុងការបង្ហាញខ្លួន៣២ដងក្នុងលីកកំពូលព័រទុយហ្គាល់ Primeira Liga កាលពីរដូវកាលមុន ខណៈពេលដែលគាត់រកបាន២២គ្រាប់ក្នុងការប្រកួតទាំងអស់។ កីឡាករវ័យ២៥ឆ្នាំរូបនេះបានបញ្ចប់រដូវកាលឆ្នាំ ២០១៩-២០២០នៅ Primeira Liga ដែល Benfica បញ្ចប់ការប្រកួតប្រជែងជាមួយគូប្រជែង Porto ក្នុងនាមជាអ្នករកគ្រាប់បាល់បញ្ចូលទីបានច្រើនជាងគេរួមជាមួយមិត្តរួមក្រុម Pizzi និង Mehdi Taremi របស់ Rio Ave ។
ចំពេលដែលភាពមិនប្រាកដប្រជាចំពោះអនាគតរបស់ Carlos Vinicius បានឃើញសកម្មភាពនៅលើទីលានត្រឹមតែ១៨នាទីប៉ុណ្ណោះក្នុងរដូវកាលនេះ ដោយគ្រូបង្វឹកលោក Jorge Jesus បានដាក់ជំនួសកីឡាករ Darwin Nunez និង Luca Waldschmidt វិញ។ មិនមែនជាលើកទី១ទេដែល Tottenham បានខ្ចីជើងកីឡាករពី Benfica បន្ទាប់ពី Gedson Fernandes បានចូលរួមជាមួយ Tottenham ក្នុងកិច្ចសន្យារយៈពេល ១៨ខែកាលពីខែមករា។
គួររំលឹកថា ក្រុមមាន់ខ្នាយមាស Tottenham បានឆ្លងផុតវគ្គជម្រុះតាមពូលនៃពានរង្វាន់ Europa League ដោយលទ្ធផល ៧-២ ទៅលើក្រុម Maccabi Haifa នៅទីក្រុងឡុងកាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលពួកគេឈរនៅលេខ ៨ក្នុងតារាង Premier League មាន៥ពិន្ទុបណ្តោះអាសន្ននៅរដូវកាលថ្មីនេះ ៕