ភ្នំពេញ៖ បុរសម្នាក់ឈ្មោះ ផន ឌីម៉ង់ ដែលប្រេីប្រាស់ហ្វេសបុកផេកឈ្មោះ Srey Mom Online មកឡាយវីដេអូចាស់ករណីអគ្គិភ័យ ត្រូវបានសមត្ថកិច្ចកោះហៅឲ្យចូលខ្លួនមកបំភ្លឺ និងបានសារភាពកំហុសជាសាធារណ:នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០នេះ ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការណ៍ជាមួយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការកោះហៅបុរសម្នាក់ឈ្មោះ ផន ឌីម៉ង់ ដែលបានយកព័ត៌មានចាស់ករណីអគ្គិភ័យមកឡាយឡេីងវិញដែលធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ជាពិសេសបង្កឲ្យមានចលាចលនៅក្នុងសង្គមជាតិ ។ បុរសម្នាក់ឈ្មោះ ផន ឌីម៉ង់ ជាម្ចាស់ផេក Facebook ឈ្មោះ Srey Mom Online ដែលបានយកវីដេអូចាស់ករណីឆេះអគារ អិន ៨ ដែលបាន កើតឡើងតាំងពី ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ នៅខណ្ឌបឹងកេងកង យកមកធ្វើការបង្ហោះ ឡាយជាវីដេអូ (Live Stream) កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១៣:៣០ នាទី នៅរាជធានីភ្នំពេញ ក្នុងគោលបំណងចង់ឲ្យមានភាពទាក់ទាញខ្លាំងមកលើផេករបស់គាត់ ដែលធ្វើឲ្យសាធារណជន មានការភ័ណ្ឌច្រឡំ ជាពិសេសអាចបង្កឲ្យមានភាពចលាចលក្នុងសង្គមជាតិផងដែរ ៕
ដោយ៖ សិលា