ក្រុម​មេធាវី​សិទ្ធិមនុស្ស​មួយ ដាក់​ពាក្យបណ្តឹង​ប្រឆាំង​រដ្ឋបាល​អាមេរិក​របស់​ ត្រាំ ជុំវិញ​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច និង​ទិដ្ឋាការ​លើ​មន្ត្រី​ ICC

ចែករំលែក៖

អន្តរជាតិ៖ កាលពីថ្ងៃទី​១ ខែតុលា ឆ្នាំ២០២០ ក្រុម​មេធាវី​សិទ្ធិមនុស្ស​មួយ បានដាក់​ពាក្យបណ្តឹង​ប្រឆាំង​រដ្ឋបាល​អាមេរិក​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ជុំវិញ​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច និង​ទិដ្ឋាការ​លើ​មន្ត្រី​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ខណៈដែលពួកគេ​ អះអាងថាទណ្ឌកម្ម​ខាងលើ​គឺជាការរំលោភ​រដ្ឋធម្មនុញ្ញ​អាមេរិក​។​

​ជាក់ស្តែងស្ថាប័ន Open Society Justice Initiative ដែលជា​មជ្ឈមណ្ឌល​ជំនាញ​លើ​បទល្មើស​សង្គ្រាម បានដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​ទីក្រុង​ញ៉ូ​វយ​ក ប្រឆាំង​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ រដ្ឋមន្ត្រីការបរទេស​ម៉ៃ ប៉ុ​ម​ប៉េ​អូ និង​សមាជិក​៧​រូប​ផ្សេងទៀត​ក្នុង​រដ្ឋបាល​លោកត្រាំ ចំពោះ​ការដាក់ទណ្ឌកម្ម​លើ​មន្ត្រី ICC ។​

ចំណែកលោក ប៉ុ​ម​ប៉េ​អូ កាលពី​ថ្ងៃទី​២ ខែកញ្ញា​កន្លងទៅ បានដាក់​ទណ្ឌកម្ម​ផ្នែក​ទិដ្ឋាការ​លើ​លោកស្រី Fatou Bensouda អគ្គ​រដ្ឋអាជ្ញា​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ និង​មន្ត្រីជាន់ខ្ពស់​មួយរូប​ទៀត​។ មេធាវី​សិទ្ធិមនុស្ស​ខាងលើ អះអាងថា បញ្ជា​ប្រតិបត្តិ​របស់​ប្រធានាធិបតី ត្រាំដែល​អនុញ្ញាត​ឲ្យ​ដាក់ទណ្ឌកម្ម​លើ​តុលាការ បំពាន​សិទ្ធិ​ធម្មនុញ្ញ ដែល​រួមមាន​សេរីភាព​ក្នុងការ​បញ្ចេញមតិ និង​រារាំង​ដើមបណ្តឹង​មិន​ឲ្យ​ចូលរួម​គាំទ្រ​ការងារ​យុត្តិធម៌​អន្តរជាតិ​។​

​មិនមែន​លោកស្រី Bensouda ឡើយ ក្នុង​ខែមិថុនា កន្លងទៅ រដ្ឋបាល​របស់លោក ត្រាំ សម្រេច​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច និង​ទិដ្ឋាការ​ទៅលើ​មន្ត្រី​តុលាការអន្តរជាតិ​ដែលមាន​ស្នាក់ការ​នៅ​ទី​ក្រុងឡាអេ និង​បុគ្គល​ទាំងឡាយណា​ដែល​គាំទ្រ​កិច្ចការ​របស់​តុលាការ ដោយ ជាប់​ពាក់ព័ន្ធ​ទៅនឹង​ការស៊ើបអង្កេត​បទល្មើស​សង្គ្រាម​របស់​ទាហាន​អាមេរិក នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​ពី​ឆ្នាំ​២០០៣ ដល់​២០១៤​។ ទណ្ឌកម្ម​ខាងលើ​រួម​មានការ​បង្កក​ទ្រព្យសម្បត្តិ ចំពោះ​បុគ្គល​រូប​ណា​ដែល​ស៊ើបអង្កេត ឬ​កាត់ទោស​ពលរដ្ឋ​អាមេរិក​ដោយ​គ្មាន​ការយល់ព្រម​ពី​រដ្ឋាភិបាល​អាម​រិ​ក និង​រារាំង​មិន​ឲ្យ​បុគ្គល និង​គ្រួសារ​របស់គេ​ចូល​ទឹកដី​អាមេរិក​។​

នាយក​ប្រតិបត្តិ​របស់ Open Society Justice Initiative លោក Jame Goldston ក៏បានលើកឡើង​ក្នុង​សេចក្ដីប្រកាស​កាលពីថ្ងៃទី​១ ខែតុលាថ្មីៗនេះ បាននិយាយថា៖ «​ដោយ​ចេញ​បញ្ជា​ដ៏​ធ្ងន់ធ្ងរ និង​មិន​ធ្លាប់មាន រដ្ឋបាល​របស់លោក ត្រាំ កំពុង​ក្បត់​ទៅនឹង​ការគាំទ្រ​របស់​អាមេរិក​ចំពោះ​យុត្តិធម៌​អន្តរជាតិ ដោយ​មិន​ខ្វល់​ពី​សម្ព័ន្ធមិត្ត និង​បំពាន​ធម្មនុញ្ញ​អាមេរិក​»​។ នេះបើតាមការ​ផ្សាយ​ដោយ​ទី​ភ្នា​ក់​ព័ត៌មាន Reuters​។​

​បន្ថែមពីនេះលោក Goldston បានបញ្ជាក់ទៀតថា ស្ថាប័ន​របស់លោក​ប្តឹងទៅ​តុលាការ​អាមេរិក​ដើម្បី បញ្ចប់​ការវាយប្រហារ​ទៅលើ​ស្ថាប័ន​យុត្តិធម៌​អន្តរជាតិ និង​ជនរងគ្រោះ​ដែល​ស្ថាប័ន​នេះ​បម្រើការ​ឲ្យ​។​

គួរបញ្ជាក់ថា ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ប្រតិកម្ម​ថា វិធានការ​ទាំងអស់នោះ​ជាការ​វាយប្រហារ​តុលាការ ប្រព័ន្ធយុត្តិធម៌​ព្រហ្មទណ្ឌ​ពិភពលោក និង​នីតិរដ្ឋ​ជាទូទៅ​។ ចំណែក​សហភាព​អឺរ៉ុប និង​ក្រុម​ការពារ​សិទ្ធិមនុស្ស រិះគន់ និង​ជំទាស់​ទណ្ឌកម្ម​អាមេរិក ដោយ​អះអាងថា​វា​ប៉ះពាល់​ដល់​កិច្ច​ខំប្រឹងប្រែង​ក្នុងការ​ទាមទារ​យុត្តិធម៌ ក្នុង​បទល្មើស​សង្គ្រាម​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print