លទ្ធផលនៃជំនួបតាមប្រព័ន្ធវីដេអូរវាង រដ្ឋមន្ត្រីការបរទេសកម្ពុជា និង រដ្ឋមន្ត្រីការបរទេសថៃ

ចែករំលែក៖

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រី​ ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានជួបសន្ទនាតាមប្រព័ន្ធ វីដេអូជាមួយដន ប្រាម៉ាត់វិណៃ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស នៃ ព្រះរាជាណាចក្រថៃ ដើម្បីពិភាក្សា និងផ្លាស់ប្តូរទស្សនៈគ្នា អំពីទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសការរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ថៃ​ ការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក៏ដូចជាកិច្ចការតំបន់ និងសកលលោកដែលជាប្រយោជន៍ និងជាក្ដីកង្វល់រួម កាលពីថ្ងៃទី២ខែតុលាឆ្នាំ២០២០ ។ នេះបើយោងតាម ប្រកាសព័ត៌មានក្រសួងការបរទេស។

លោកដន ប្រាម៉ាត់វិណៃ បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ដែលទទួលបានជោគជ័យយ៉ាងធំធេងក្នុងការទប់ស្កាត់ និងគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩ ទូទាំងប្រទេស។សមភាគីថៃ ក៏បានថ្លែងអំណរគុណដល់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាចំពោះការជួយសម្រួលដល់ការធ្វើមាតុភូមិនិវត្តន៍របស់ពលរដ្ឋថៃក្នុងអំឡុងពេលកូវីដ-១៩។

ជាការឆ្លើយតបលោកឧបនាយករដ្ឋមន្ត្រី​ បានសម្តែងការកោតសរសើរចំពោះកិច្ចខិតខំ ប្រឹងប្រែងរបស់រាជរដ្ឋាភិបាលថៃ ក្រោមការដឹកនាំរបស់ ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃ ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងប្រទេសថៃ​ បានដោយជោគជ័យនិងមាន ប្រសិទ្ធភាព។ លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលថៃសម្រាប់ការផ្ដល់ជំនួយថវិកា និងបរិក្ខារពេទ្យដល់កម្ពុជាដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ រួមទាំងការជួយសម្រួល​ឱ្យនិស្សិត និងអ្នកជំងឺសង្គ្រោះបន្ទាន់កម្ពុជាចេញ-ចូលប្រទេសថៃ។

ក្នុងអំឡុងកិច្ចសន្ទនានេះដែរ លោក ប្រាក់ សុខុន ក៏បានថ្លែងអំណរគុណអាជ្ញាធរថៃចំពោះការជួយសម្រួលក្នុងការពន្យារ សុពលភាពទិដ្ឋាការស្នាក់នៅ(stay permit) និងបណ្ណអនុញ្ញាតឱ្យធ្វើការងារ (work permit) ដល់ពលករកម្ពុជា ព្រមទាំងបង្កើនអត្ថប្រយោជន៍សម្រាប់អ្នកបាត់បង់ការងារនិងអត្ថប្រយោជន៍ផ្នែកសង្គមនានាដល់ពលករដែលត្រូវបានព្យួរការងារ។

លោកឧបនាយករដ្ឋមន្ត្រីក៏បានស្នើភាគីថៃឱ្យអនុញ្ញាតដល់ពលករកម្ពុជាដែលកាន់បណ្ណ ព្រំដែន (border passes) និងពលករដែលចុះឈ្មោះធ្វើការតាមអនុស្សារណៈស្តីពីការយោគយល់គ្នា (MOU) អាចវិលត្រឡប់ទៅធ្វើការនៅប្រទេសថៃវិញ និងជួយបញ្ចុះថ្លៃចត្តាឡីស័ក រយៈពេល១៤ ថ្ងៃ ផងដែរ។ ឧបនាយករដ្ឋមន្រ្តីទាំងពីរ បានសង្កត់ធ្ងន់ចំពោះសារៈសំខាន់នៃការ ផ្លាស់ប្តូរព័ត៌មាន និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ហើយសង្ឃឹថា វ៉ាក់សាំងរបស់ប្រទេសថៃ នឹងត្រូវបានផលិតដោយជោគជ័យ និងដាក់ឱ្យប្រើប្រាស់បានក្នុងពេលឆាប់ៗ។

ភាគីទាំងពីររីករាយចំពោះពាណិជ្ជកម្មទ្វេភាគីដ៏រឹងមាំ បើទោះបីជាមានការរីករាលដាលនៃជំងឺកូវីដ‑១៩ ដោយកម្ពុជាបានស្នើភាគីថៃជួយសម្រួល​ការដឹកជញ្ជូនទំនិញឆ្លងដែន បង្កើនការនាំចូល កសិផលរបស់កម្ពុជា ព្រមទាំងពន្លឿនការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្ដីពីការ ដឹកជញ្ជូនឆ្លងដែន និងការងារសំខាន់ៗដទៃទៀត។

ភាគីទាំងពីរ បានសម្តែងនូវការពេញចិត្តយ៉ាងខ្លាំង ចំពោះការបើកច្រកព្រំដែនតំបន់ និង អន្តរជាតិថ្មីៗបន្ថែមទៀត និងការតម្លើងកំរិតច្រកព្រំដែនតំបន់ដែលមានស្រាប់ទៅជាច្រកពំ្រដែន អន្តរជាតិ។ កម្ពុជា​កត់សម្គាល់ដោយក្តីរីករាយចំពោះតួលេខវិនិយោគថៃនៅកម្ពុជាដែលបានកើនឡើងជិត ៣ដង ក្នុងរយៈពេល ៨ខែ ដើមឆ្នាំ២០២០នេះ ធៀបនឹងតួលេខឆ្នាំមុន។ កម្ពុជាលើកទឹកចិត្តឲ្យវិនិយោគិនថៃមកធ្វើការវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនថែមទៀត។ ភាគីទាំងពីរ ក៏បានសម្តែងនូវក្តីរីករាយកត់សម្គាល់ចំពោះវឌ្ឍនភាពដ៏ល្អប្រសើរលើវិស័យសំខាន់ៗដទៃទៀត រួមមាន សន្តិសុខ អប់រំ ទេសចរណ៍ ថាមពល និងការតភ្ជាប់។

ភាគីទាំងពីរ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការអនុវត្តឱ្យកាន់តែប្រសើរនូវសេចក្តី ថ្លែងការណ៍រួម និងកិច្ចព្រមព្រៀងទ្វេភាគីនានារវាងប្រទេសទាំងពីរ និងរំពឹងថាកិច្ចប្រជុំគណៈរដ្ឋមន្រ្តីចម្រុះលើកទី៤ និងកិច្ចប្រជុំគណៈកម្មាធិការចម្រុះស្ដីពីកិច្ចសហប្រតិបត្តិការទ្វេភាគីលើកទី១១ នឹងត្រូវបានរៀបចំឡើងក្នុងពេលសមស្របបំផុតក្រោយស្ថានការណ៍ជំងឺកូវីដ-១៩ បានប្រសើរឡើង។ ភាគីទាំងពីរ បានប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខណ្ឌពហុភាគី ដូចជា អាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ជាដើម។

ឧបនាយករដ្ឋមន្រ្តីទាំងពីរ បានសម្ដែងក្តីរីករាយចំពោះសមិទ្ធផលដ៏គួរឲ្យកត់សម្គាល់ ដែលសម្រេចបាននាពេលកន្លងមក ក្នុងឱកាសនៃការរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងថៃ។
ឧបនាយករដ្ឋមន្រ្តីទាំងពីរ បានអះអាងជាថ្មី អំពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីលើកកម្ពស់ចំណងមិត្តភាពដ៏យូរលង់ ភាពជាអ្នកជិតខាងដ៏ល្អ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងភាពជាដៃគូដើម្បីសន្តិភាពនិងវិបុលភាព រវាងព្រះរាជាណាចក្រទាំងពីរ៕ ដោយ៖ សូរិយា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print