រឿងនិទានខ្មែរ÷រឿង តុលោ​សេដ្ឋី

ចែករំលែក៖

មាន​និទាន​មួយ​ថា  មាន​សេដ្ឋី​មួយ​ឈ្មោះ តុលោ​សេដ្ឋី អាយុ ៤០ ឆ្នាំ គ្មាន​កូន​ដល់​មួយ​ណា​ឡើយ ទើប​មហា​សេដ្ឋី​ឪពុក​ចាយ​វាយ​ទ្រព្យ​របស់​ធ្វើ​បុណ្យ​ឲ្យ​ទាន​អធិដ្ឋាន​ឲ្យ​បាន​កូន លុះ​អាយុ ៤១ ឆ្នាំ ទើប​បាន​កូន​ប្រុស​មួយ កូន​នោះ​ចេះ​ដើរ សេដ្ឋី​ឲ្យ​ប្រាប​ដី​ធ្វើ​ជា​ទី​ល្បែង​កូន​នោះ ចម្ងាយ​អំពី​វាំង​ទៅ ១០ សិន រាប​ស្មើ​សុទ្ធ​តែ​ខ្សាច់ ឥត​ជង្ហុក​ឡើយ ។ ដល់​កូន​នោះ​បាន ៦ ខួប​ពេល​ភ្លៀង វា​រត់​លេង​ទឹក​ភ្លៀង​ដោយ​ខ្សាច់​នោះ លុះ​ទៅ​ដល់​ថ្លុក​ជង្ហុក​កូន​នោះ​លង់​ទឹក​ស្លាប់ ទើប​សេដ្ឋី​នោះ​ឡើង​ទៅ​ក្រាប​ទូល​ព្រះ​មហាក្សត្រ​ថា “ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ឲ្យ​ប្រាប​ដី​រាប​ស្មើ​សុទ្ធ​តែ​ខ្សាច់ ជា​ទី​ល្បែង​កូន​ខ្ញុំ ព្រះ​បាទ​អម្ចាស់​នោះ​គ្មាន​ថ្លុក​ជង្ហុក​ឡើយ ឥឡូវ​នេះ​មាន​ថ្លុក​ដក់​ទឹក​ជ្រៅ លង់​កូន​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ស្លាប់ សូម​ព្រះ​អង្គ​ទ្រង់​ព្រះ​ចិន្ដា​ពិចារណា​ហោង” ។ ព្រះ​មហា​ក្សត្រ​ទ្រង់​ឲ្យ​អាមាត្យ​ទៅ​ពិនិត្យ​មើល ។ អាមាត្យ​ទៅ​មើល​ហើយ​វិល​មក​ក្រាប​បង្គំ​ទូល​ថា “ ឃើញ​ស្នាម​ជើង​ដំរី ” ។ ទ្រង់​ឲ្យ​ទៅ​ចាប់​ដំរី យក​មក​ពិចារណា​ថា “ ទី​នោះ​សេដ្ឋី​បាន​ប្រាប​ដី រាប​ស្មើ​ទុក​ជា​ទី​ល្បែង​កូន ៗ តែង​លេង​ជា​ប្រក្រតី ហេតុ​អី​ក៏​ព្រះ​ស្ដែង​ទៅ​ជាន់​បាក់​ជា​ថ្លុក​ជង្ហុក​កាត់​ទឹក លង់​កូន​សេដ្ឋី​នោះ​ស្លាប់ ?” ។ ដំរី​ឆ្លើយ​ថា “ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ទៅ​តាម​ដាន​រមាស” ។ ទ្រង់​ឲ្យ​ទៅ​តាម​ចាប់​រមាស​យក​មក​ពិចារណា។ រមាស​ឆ្លើយ​ថា “ខ្ញុំ​ព្រះ​បាទ​អម្ចាស់ ទៅ​តាម​ដាន​ក្របី” ។ ទ្រង់​ឲ្យ​ទៅ​តាម​ចាប់​ក្របី យក​មក​ពិចារណា ។ ក្របី​ឆ្លើយ​ថា “ ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ទៅ​តាម​ដាន​ជ្រូក” ។ ទ្រង់​ឲ្យ​ទៅ​ចាប់​ជ្រូក​យក​មក​ពិចារណា ។ ជ្រូក​ឆ្លើយ​ថា “ ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ទៅ​តាម​ដាន​ក្ងោក” ។ ទ្រង់​ឲ្យ​ចាប់​ក្ងោក​យក​មក​ពិចារណា ។ ក្ងោក​ឆ្លើយ​ថា “ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ទៅ​តាម​ដាន​មាន់” ។ ទ្រង់​ឲ្យ​តាម​ចាប់​មាន់​យក​មក​ពិចារណា ។ មាន់​ឆ្លើយ​ថា “ ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ប៉ប៉ុក​តាម​ដាន​ទទា ” ។ ទ្រង់​ឲ្យ​ចាប់​ទទា​យក​មក​ពិចារណា ។ ទទា​ឆ្លើយ​ថា “ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ប៉ប៉ុក​តាម​ដាន​ក្រួច ” ។ ទ្រង់​ឲ្យ​ចាប់​ក្រួច​យក​មក​ពិចារណា ។ ក្រួច​ឆ្លើយ​ថា “ ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ប៉ប៉ុក​ដែល​មេ​ខ្សាច់ ” ។ ទ្រង់​ឲ្យ​ចាប់​មេ​ខ្សាច់​មក​ពិចារណា ។ មេ​ខ្សាច់​ឆ្លើយ​ថា “ ខ្ញុំ​ព្រះ​បាទ​អម្ចាស់​យល់​ផ្នូក​ខ្សាច់​ល្អ ហើយ​ធ្វើ​ជា​លំនៅ ខ្ញុំ​ព្រះ​បាទ​អម្ចាស់​មែន ៗ ” ។ អស់​សត្វ​ម្រឹគ​បក្សី​អម្បាល​នេះ សឹង​មាន​ចម្លើយ​ដូច្នេះ ។ ព្រះ​មហាក្សត្រ​ទ្រង់​ព្រះ​ចិន្ដា​ពិចារណា​យល់​ថា ដើម​អាទិ​នៅ​មេ​ខ្សាច់​នេះ​មែន ក៏​ទ្រង់​កាត់​សេចក្ដី​នេះ​ឲ្យ​មេ​ខ្សាច់​សង​ភាគ ១ ក្រួច​ភាគ ២ ទទា​ភាគ ៣ មាន់​ភាគ ៤ ក្ងោក​ភាគ ៥ ជ្រូក​ភាគ ៦ ក្របី​ភាគ ៧ រមាស​ភាគ ៨ ដំរី​ភាគ ៩ ។ ព្រះ​អង្គ​បង្គាប់​សេចក្ដី​ដូច្នេះ អស់​ម្រឹគ​បក្សី​ទាំង​នោះ យល់​ព្រម​ទទួល ហើយ​មហា​សេដ្ឋី នូវ​អស់​សត្វ​ម្រឹគ​បក្សី​ទាំង​ឡាយ​ក្រាប​ថ្វាយ​បង្គំ​លា​ទៅ​កាន់​លំនៅ​ខ្លួន​ទី​ទៃ ៗ ហោង ៕ ចប់
កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត
(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print