បណ្តាញសង្គមនៅអាមេរិក​នឹងរារាំង ការផ្សព្វផ្សាយ​ព័ត៌មានឌឺដង​​ដាក់បណ្តាសាលោកត្រាំ

ចែករំលែក៖

ក្នុងពេលដែលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងភរិយា ព្រមទាំងមន្ត្រីរដ្ឋាភិបាលជាច្រើនរូបទៀតឆ្លងកូវីដ​-១៩នោះ នៅលើបណ្តាញសង្គម​ក្រុមអ្នកគាំទ្រលោកត្រាំ បានជូនពររូបលោកឱ្យបានឆាប់ជាសះស្បើយ។ចំណែកក្រុមប្រឆាំង​វិញបានឌឺដង ខ្លះដាក់បណ្តាសាឲ្យលោកឆាប់ស្លាប់​…។
កត្តាទាំងនោះហើយ ទើប​បណ្តាញសង្គមនៅអាមេរិក ក្នុងនោះមានបណ្តាញ សង្គម Twitter បានសម្រេចបង្អាក់គណនីណាដែលបានបង្ហោះខ្លឹមសារដាក់បណ្តាសាឲ្យលោកត្រាំឆាប់ស្លាប់។ សកម្មភាពបែបនោះគឺបំពានច្បាប់​របស់បណ្តាញសង្គម ដូច្នេះនឹងត្រូវក្រុមហ៊ុនចាក់សោឈប់ឲ្យដំណើរការ។
ពាក់ព័ន្ធនឹងស្ថានភាពជំងឺរបស់លោកប្រធានាធីបតីដូណាល់ ត្រាំ សារព័ត៌មានរ៉យទ័រនៅថ្ងៃទី៤ ខែតុលាបានផ្សាយថា ​វេជ្ជបណ្ឌិតសេតវិមាន លោក Sean Conley បានឱ្យដឹងថា លោកប្រធានាធិបតី ដូណាល់ ត្រាំ មិនមានសភាពគ្រុនក្ដៅឡើយ និឹងចាប់ផ្ដើមត្រឡប់ទៅរកភាពល្អប្រសើរវិញ បន្ទាប់ពីទទួលការព្យាបាល COVID-19 ក៏ប៉ុន្តែ មិនទាន់គេចផុតពីគ្រោះថ្នាក់ទាំងស្រុងនោះទេ។
នៅក្នុងវីដេអូមួយមានរយៈពេល៤នាទី ថ្លែងចេញពីបន្ទប់នៃមន្ទីរពេទ្យ ដែលត្រូវបានបង្ហោះលើ Twitter កាលពីថ្ងៃសៅរ៍ (ម៉ោងនៅវ៉ាស៊ីនតោន) លោក ដូណាល់ ត្រាំ ក៏បានឱ្យដែរថាលោកមានសុខភាពនិងអារម្មណ៍ល្អធម្មតា ហើយសង្ឃឹមថាអាចនឹងជាសះស្បើយឡើងវិញ ក្នុងពេលឆាប់ៗនេះ។ លោក ត្រាំ ធ្វើដំណើរទៅដល់មន្ទីរពេទ្យ Walter Reed National Military Medical Center កាលពីថ្ងៃសុក្រ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print