ខេត្តស្ទឹងត្រែង ៖ នាព្រឹកថ្ងៃចន្ទ ៣រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃ៥ ខែតុលា ឆ្នាំ២០២០ លោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ ស្ថិតនៅភូមិថាឡាបរិវ៉ាត់ និងភូមិកាំងតេជោ ក្នុងឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ក្នុងបរិវេនព្រះសាទព្រះគោ។
ពិធីនេះមានការអញ្ជើញចូលរួមពី ក្រុមប្រឹក្សា គណៈអភិបាលស្រុកថាឡាបរិវ៉ាត់ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋជាច្រើនកុះករផងដែរ។
លោក ម៉ុម សារឿន បានមានប្រសាសន៍ថា ការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ ដើម្បីទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី ដែលជាឯកសាររដ្ឋបាលបញ្ជាក់ពីសិទ្ធិជាម្ចាស់លើក្បាលដីនីមួយៗ។ ប្រជាពលរដ្ឋដែលទទួលបានប័ណ្ណកម្មសិទ្ធិ គឺជាម្ចាស់ដីពេញលក្ខណៈ ហើយត្រូវបានការពារដោយច្បាប់។ ទន្ទឹមនេះបងប្អូនជាម្ចាស់ដីមានសិទ្ធិប្រើប្រាស់អាស្រ័យផល និងចាត់ចែងដីរបស់ខ្លួនផ្តាច់មុខ និងទូលំទូលាយ កុំឲ្យតែយកដីនោះទៅប្រើប្រាស់ក្នុងបទណាមួយដែលច្បាប់បានហាមឃាត់តែប៉ុណ្ណោះ នេះហើយដែលជាអត្ថន័យនៃតម្លៃប័ណ្ណកម្មសិទ្ធិដីធ្លី ដូច្នេះសូមបងប្អូន កូនក្មួយទាំងអស់ ត្រូវបន្តធ្វើអាជីវឬបង្កបង្កើនផល និងអាស្រ័យផលលើដីនេះ ដើម្បីទទួលបានផលដែលកើតចេញពីដីមានកម្មសិទ្ធិស្របច្បាប់ ប្រសើរជាងការលក់ដ៏ដែលអាចទទួលបានផលតែម្តង ហើយនឹងបាត់បង់ផលនោះជារៀងរហូត។
តាមការបញ្ជាក់របស់លោក ម៉ិញ ស៊ីចាយ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានឲ្យដឹងថា គិតមកត្រឹម ឆមាសទី២ ឆ្នាំ២០២០នេះ មន្ទីរបានរៀបចំបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យបានចំនួន៦ ភូមិ និងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បានចំនួន៥ ភូមិ ស្មើនឹង៥.៣២៤ក្បាលដី និងបានរៀបចំចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន៤ភូមិស្មើនឹង៤.២៣៣ប័ណ្ណ៕
ដោយ៖ សិលា