សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញចុះត្រួតពិនិ្យពហុកីឡដ្ឋានជាតិមរតកតេជោ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចពិជ័យ សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ បានអញ្ជើញចុះត្រួតពិនិត្យការត្រៀមរៀបចំទីលានប្រកួតកីឡាមួយចំនួន និងពិនិត្យមើលវឌ្ឍនភាពការងារសាងសង់កីឡដ្ឋានដ្ឋានធំ នៅពហុកីឡដ្ឋានជាតិមរតកតេជោ (ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ) ដែលជាជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន ដោយបានធ្វើឡើងនៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០។

លោកវ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC ថ្លែងក្រោយបញ្ចប់ទស្សនកិច្ចនេះថា សម្តេចពិជ័យសេនា ទៀ បាញ់ បានវាយតម្លៃខ្ពស់ចំពោះហេដ្ឋារចនាសម្ព័ន្ធទីលានប្រកួត ត្រៀមស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

នៅថ្ងៃនេះផ្តោតសំខាន់លើការត្រៀមលក្ខណៈ២សំខាន់ៗ គឺកីឡដ្ឋានធំ ដែលប្រែប្រួលកាលបរិច្ឆេតនៃការបញ្ចប់សាង់សង់ ដោយក្រុមហ៊ុនសាងសង់បញ្ជាក់ថា នឹងបញ្ចប់ការសាងសង់នាខែឧសភា ឆ្នាំ២០២១ ដោយត្រូវការពេលវេលាបន្ថែម ក្នុងការបំពាក់កៅអី កញ្ចក់ ការតុបតែងផ្សេងៗ ជាពិសេសគឺការតុបតែងផ្នែកខាងក្នុងកីឡដ្ឋានធំ ដូចជាទីលានបាល់ទាត់ ទីលានរត់អត្តពលកម្ម សណ្ឋាគារ បន្ទប់ VIP ដោយយើងសង្ឃឹមថា នៅពាក់កណ្តាលឆ្នាំ២០២១នឹងបញ្ចប់ការ សង់សង់កីឡដ្ឋានធំទាំងស្រុង ហើយនៅឆ្នាំ២០២២ យើងត្រៀមបើកសម្ពោធការប្រកួតកីឡាជាតិ លើកទី៤ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ជាទូទៅបទបង្ហាញរបស់ក្រុមហ៊ុនសាងសង់ភាគីចិនបានបញ្ជាក់ច្បាស់អំពីគុណភាព សក្តានុពលនៃបច្ចេកវិទ្យាចុងក្រោយសម្រាប់ការសាង់ពហុកីឡដ្ឋានជាតិមរតកតេជោនេះ ដែលនេះជាគម្រោងដ៏ធំរបស់ភាគីចិន សម្រាប់ការងារក្រៅប្រទេសរបស់ខ្លួន។

លោកអគ្គលេខាធិការបញ្ជាក់ជូនទៀថា ចំណុចទី២ គឺផ្តោតលើការសាងសង់ភូមិកីឡា ដែលអាចផ្ទុកកីឡាករ កីឡាការិនីច្រើនជាង៧ពាន់នាក់ ដោយគ្រោងនឹងបញ្ចប់ការសាងសង់ឲ្យទាន់ពេលវេលាតាមការគ្រោងទុក ដើម្បីត្រៀមទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ក៏ដូចជាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។ ភូមិកីឡា គឺជាកន្លែងហូបចុកស្នាក់នៅរបស់អត្តពលិក ដែលអាចកាត់បន្ថយការចំណាយលើការរៀបចំនេះបានច្រើន ដែលអត្តពលិក គ្រូបង្វិកអាចហូបចុក ស្នាក់នៅទីនេះជុំគ្នា ផ្តល់ភាពងាយស្រួល ក្នុងការប្រកួត ហើយមិនចំណាយលើ ការស្នាក់នៅសណ្ឋាគារ និងការដឹកជញ្ជូនជាដើម។

នៅក្នុងដំណើរអញ្ជើញត្រួតពិនិត្យ នៅទីនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ទទួលបាននូវភាពកក់ក្តៅ ហើយ សម្តេចប្រធានក៏បានជំរុញឲ្យជំនាញខិតខំធ្វើការឲ្យបានល្អប្រសើរបន្ថែមទៀត ស្របទៅតាមគម្រោង និងពេលវេលា ព្រមទាំងឲ្យគោរពទៅតាមស្តងដានៃការសាងសង់ផង និងស្តង់ដានិយាមបច្ចេកទេសនៃប្រភេទកីឡាទាំងអស់ ដែល មាន នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ។
«វាយតម្លៃជារួមឃើញថា ដំណើរទស្សនកិច្ចរបស់សម្តេចប្រធាន CAMSOC នាពេលនេះ យើងទទួលបាននូវការណែនាំដ៏ខ្ពង់ខ្ពស់ និងទទួលបានធាតុចូលបន្ថែមពីថ្នាក់ដឹកនាំ ហើយយើងនឹងកែសម្រួលនូវចំណុចខ្វះខាតមួយចំនួន ជាពិសេសគឺយើងនៅមានការរៀបចំដំណើរទស្សនកិច្ចជាច្រើនទៀតជូនសម្តេច នៅតាមបណ្តាខេត្តមួយចំនួន ទៀត ដែលត្រូវត្រៀមរៀបចំការប្រកួតកីឡាលើទឹក ដូចជាខេត្តកែប កំពត និងខេត្តព្រះសីហនុ។

ដូច្នេះនៅចុងឆ្នាំ២០២០នេះ ហេដ្ឋារចនាសម្ព័ន្ធកីឡាទាំងអស់ត្រូវបានកំណត់នូវផែនការច្បាស់លាស់ ថាតើប្រភេទកីឡាណាខ្លះ ត្រូវលេងនៅកន្លែងណា ទីលានប្រកួតណាមានស្តង់ដាបច្ចេកទេសរួចហើយ ទីលានណាខ្លះទៀតមិនទាន់ឆ្លើយតបទៅនឹងស្តង់ដាបច្ចេកទេសស៊ីហ្គេម។ ក្រោយពេលយើងរៀបចំនូវទីលានប្រកួតនេះរួចរាល់ហើយ គឺយើងលែងខ្វល់ខ្វាយ ពីរឿងទីលានទៀត ហើយយើងនឹងងាកទៅពង្រឹងគុណភាណលើការរៀបចំព្រឹត្តិការណ៍ និងការអភិវឌ្ឍសមត្ថភាពកីឡាករ កីឡាការិនី ដោយធ្វើយ៉ាងណាឲ្យគ្រប់ទម្រង់ការងារមានគុណភាពល្អប្រសើរ ដើម្បីត្រៀមទទួលស្វាគមន៍ប្រតិភូ អត្តពលិកមកពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ប្រកបដោយភាពកក់ក្តៅ ក្នុងឋានៈជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣៕ ដោយ៖ សូរិយា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print