ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានជំរុញឲ្យអាជ្ញាធរ និងសមត្ថកិច្ចតាមបណ្ដាខណ្ឌ ទាំង១៤នៅក្នុងរាជធានីភ្នំពេញ បន្តការតាមដាននិងត្រួតពិនិត្យទៅលើក្លឹបកំសាន្តនិងខារ៉ាអូខេដែល លួច លាក់បន្ដបើកអាជីវកម្ម ដើម្បីបង្ការទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ–១៩ ខណៈជំងឺនេះបាននិងកំពុងរីករាលដាលនៅឡើយ បើទោះបីប្រទេសកម្ពុជាមិនមានអ្នកស្លាប់ដោយជំងឺកូវីដ–១៩នេះ ក៏ដោយ ។
លោក ឃួង ស្រេង បានជំរុញបែបនេះ ក្នុងពិធីបើក សិក្ខាសាលាស្ដីពីការគ្រប់គ្រងការរាតត្បាត នៃជំងឺកូវីដ–១៩ សម្រាប់អាជ្ញាធរមូលដ្ឋាន ខណ្ឌ សង្កាត់នៅរាជធានីភ្នំពេញក្រោមកិច្ចសហការក្នុង ភាពជាដៃគូរ រវាងរដ្ឋបាលរាជធានីភ្នំពេញនិងសមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង AIM F(អាអុីអឹមអេហ្វ) កាលពីថ្ងៃទី០៥ តុលា ឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញ។
លោកឃួង ស្រេង មានប្រសាសន៍លើកឡើងថា យើងអាចភ្លេចជំងឺកូវីដ–១៩ តែជំងឺកូវីដ–១៩ មិនភ្លេចយើងទេ ។ដូច្នេះទេ ក្នុងនាមអាជ្ញាធរខណ្ឌ សង្កាត់ត្រូវបន្តការផ្សព្វផ្សាយឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមបង្ការនិងទប់ស្កាត់នូវជំងឺកូវីដ–១៩នេះនិងបន្តតាមដាននៅក្នុងមូលដ្ឋានរបស់ខ្លួន ពាក់ព័ន្ធនឹងការលួចបើកក្លឹបកម្សាន្តនិងខារ៉ាអូខេដែលអាចធ្វើឲ្យរីករាលដាលនៃជម្ងឺកូវីដ–១៩នេះ ។
លោកឃួង ស្រេង ក៏បានបញ្ជាក់ថា ការបើកអង្គសិក្ខាសាលានេះឡើង គឺក្នុងគោលបំណងដើម្បីបង្កើនប្រសិទ្ធភាពនៃការឆ្លើយតបលើកិច្ចការបង្ការនិងទប់ស្កាត់ការរាលដាលនៃវីរុស covid-19 នៅក្នុង ខណ្ឌ សង្កាត់និយាយដោយឡែកនិងនិយាយជារួមដើម្បីឈានទៅពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅនិងទូលំទូលាយក្នុងភាពជាដៃគូររវាងសមាគម AIMF និងរដ្ឋបាលរាជធានីភ្នំពេញតាមស្មារតីនៃឯកសារវិសោធនកម្មលេខ២ ស្តីពីការត្រៀមបង្ការចំពោះស្ថានភាពបន្ទាន់ គំនិតផ្តួចផ្តើម ដើម្បីសុខភាព និងអនាម័យល្អក្នុងទីក្រុង។
លោកបន្តថា៖ បច្ចុប្បន្ននេះ covid-19 បាននិងកំពុងរីករាលដាលនៅក្នុងបណ្ដាលប្រទេសនិងដែនដីចំនួនជាង២១០ទូទាំងពិភពលោក ហើយបញ្ហានេះត្រូវបានអង្គភាព អង្គការសុខភាពពិភពលោក WHO ប្រកាសថា ជាជម្ងឺរាតត្បាតសកល និងជាកង្វល់ថ្មីរបស់មនុស្សជាតិ គ្រប់ជាតិសាសន៍ ដែលចាំបាច់ត្រូវរួមគ្នាទប់ស្កាត់វិធានការបង្ការទប់ស្កាត់និងផ្តល់ការសង្គ្រោះឲ្យបានទាន់ពេលវេលា ។
សម្រាប់ប្រទេសកម្ពុជាយើង ក៏មិនអាចគេចផុតពីការគំរាមកំហែងនៃជំងឺកូវីដ–១៩ ដូចគ្នានេះផងដែរបើទោះបី ជាមកដល់ពេលនេះ ប្រជាពលរដ្ឋខ្មែររួមនឹងជនបរទេសដែលកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជាមិនទាន់មាននរណាម្នាក់រងគ្រោះរហូតដល់បាត់បង់ជីវិតនៅឡើយក្តី។ ប៉ុន្តែជាកត្តាសត្យានុម័តបញ្ហានេះបានបង្កើតឲ្យមានផលប៉ះពាល់លើវិស័យជាច្រើនពិសេសក្នុងវិស័យសេដ្ឋកិច្ចនិងសង្គមកិច្ចជៀសមិនរួច។
លោកបានបញ្ជាក់ថា៖ សម្រាប់ការរៀបចំសិក្ខាសាលាក្នុងពេលនេះគឺជាផ្នែកមួយនៃការអនុវត្តន៍គម្រោងត្រៀមបង្ការនិងឆ្លើយតបចំពោះស្ថានភាពបន្ទាន់ ក្នុងនោះ រយៈពេលកន្លងមកក្រុមការងារអនុវត្តគម្រោងនៃសមាគមAIMFសហការជាមួយនឹងមន្ទីរសុខាភិបាលរាជធានីភ្នំពេញបើកវគ្គបណ្ដុះបណ្ដាលចំនួន០៩លើករួចមកហើយ ដោយផ្ដោតសំខាន់លើស្ថានភាពទូទៅជំងឺកូវីដ–១៩ វិធានការការពារការចម្លងរោគ ការប្រើប្រាស់សម្ភារការពារខ្លួនការប្រមូលវេចខ្ចប់និងការដឹកជញ្ជូនសំណាករបស់អ្នកជម្ងឺកូវីដ–១៩ ។
សូមបញ្ជាក់ផងដែរថា៖ អង្គសិក្ខាសាលានេះនឹងធ្វើឡើងក្នុងរយៈពេលពីរថ្ងៃពេញ ហើយនៅក្នុងពិធីនោះរដ្ឋបាលរាជធានីភ្នំពេញក៏បានប្រគល់ បរិក្ខាពេទ្យសម្រាប់ការពារនិងទប់ស្កាត់ជំងឺកូវីដ–១៩ ជូនដល់ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញផងដែរ ដើម្បីប្រើប្រាស់បន្តគាំទ្រក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ–១៩ នៅរាជធានីភ្នំពេញ៕
ដោយ៖ សំរិត