ភ្នំពេញ៖ សូមបងប្អូនប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងជំនន់ទឹកភ្លៀង ជាពិសេសប្រជាពលរដ្ឋនៅទំនាប ក្បែរផ្លូវទឹក ជាតំបន់ភ្នំ ជួរភ្នំ និងខេត្តតាមតំបន់សមុទ្រ។ នេះបើយោងតាមសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី០៧ ខែតុលា-១៣ ខែតុលា ឆ្នាំ២០២០ របស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០។
យោងការតាមដាននូវការវិវត្ត និងប្រែប្រួល ជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុ សង្កេតឃើញ ថា ប្រព័ន្ធសម្ពាធទាបនឹងបន្តលាតសន្ធឹង ឆ្លងកាត់លើកម្ពុជា ដោយភ្ជាប់ទៅនិងវិសម្ពាធទាបសកម្ម មួយនៅលើ សមុទ្រចិនខាងត្បូង ។ តាមការវិភាគនិងព្យាករណ៍ សម្ពាធទាបសកម្ម ដែលនៅលើ សមុទ្រចិនខាងត្បូងនោះ នឹងវិវត្តជាបន្តបន្ទាប់ជាវិសម្ពាធ(Tripical Depression) ឬក៏ជាព្យុះ (Tropical Storm) ដោយដើរដល់លើភាគខាងត្បូងវៀតណាម នៅថ្ងៃទី០៧ ខែតុលា ។
ស្ថានភាពបែបនេះធ្វើឲ្យ ៖
១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖
សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C) សីតុណ្ហភាព អតិបរមា មានពី ២៨-៣០ °C
ភ្លៀងនឹងបង្កើនធ្លាក់រាយប៉ាយ ក្នុងកម្រិតបរិមាណពីបង្គួរទៅច្រើន។ នៅថ្ងៃទី០៧-០៩ ខែតុលា បណ្តារាជធានីខេត្តភាគខាងត្បូង និងខាងកើតជាប់វៀតណាម អាចនឹងមានភ្លៀងធ្លាក់ច្រើន ។
២-បណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
សីតុណ្ហភាពអតិបរមាមានពី ២៦-២៩ °C
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតបរិមាណពីមធ្យមទៅបង្គួរ ។
៣-តំបន់មាត់សមុទ្រ ៖
• សីតុណ្ហភាពអប្បបរមាមានពី ២២-២៤ °C សីតុណ្ហភាពអតិបរមា មានពី ២៧-២៩ °C
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតបរិមាណ ពីបង្គួរទៅច្រើន ។
នៅថ្ងៃទី០៧-០៩ ខែតុលា នឹងអាចមានភ្លៀងធ្លាក់ច្រើន ។ សូមប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងជំនន់ទឹកភ្លៀង ជាពិសេស ប្រជាពលរដ្ឋរស់នៅ ទីទំនាប ក្បែរផ្លូវទឹក ជាប់តំបន់ភ្នំ ជួរភ្នំ និង ខេត្តនៅតំបន់មាត់សមុទ្រ ។ ជាមួយគ្នានោះ អ្នកនេសាទ និង អ្នកដំណើរសមុទ្រ សូមប្រុងប្រយ័ត្នចំពោះភ្លៀងខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ ចាប់ពីថ្ងៃទី ០៧-០៩ ខែតុលា ។
អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណៈជនជ្រាបជា ព័ត៌មាននិងសូមប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងជំនន់ទឹកភ្លៀង ជាពិសេសប្រជាពលរដ្ឋនៅទំនាប ក្បែរផ្លូវទឹក ជាតំបន់ភ្នំ ជួរភ្នំ និងខេត្តនៅតាមតំបន់សមុទ្រ។ ជាមួយនោះ អ្នកនេសាទ និងអ្នកដំណើរតាម សូមប្រុងប្រយ័ត្នចំពោះភ្លៀង ខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែតុលា ៕
ដោយ៖ សុខ ខេមរា