ប្រជាជនហ្វីលីពីន បើទោះបី​ការផ្ទុះ​រាលដាល​ជំងឺ​កូ​វីដ​-១៩ ខ្លាំងក៏ដោយ នៅតែគាំទ្រ និង​ទំនុកចិត្ត​ខ្ពស់​ក្នុងការដឹកនាំរបស់លោកឌូ​ទើ​តេ

ចែករំលែក៖

អន្តរជាតិ៖ បើយោងតាមការស្ទង់មតិ​ថ្នាក់ជាតិ​មួយ​ដែល​រៀបចំឡើង​ដោយ​ស្ថាប័ន​ស្រាវជ្រាវ​ឯករាជ្យ Pulse Asia បានបញ្ជាក់នៅ​ថ្ងៃទី ៥ខែតុលា ឆ្នាំ២០២០ថា បើទោះបីជា​ការផ្ទុះ​រាលដាល​ជំងឺ​កូ​វីដ​-១៩ ​ក្នុងប្រទេស​ហ្វីលីពីនធ្ងន់ធ្ងរ​ក៏ដោយ​។ ប៉ុន្តែសម្រាប់ប្រជាជនហ្វីលីពីន នៅតែបន្ត​រក្សា​អត្រា​គាំទ្រ និង​ទំនុកចិត្ត​ខ្ពស់​របស់លោកប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ​។ ខណៈដែលមនុស្ស​៩​នាក់​ក្នុងចំណោម​១០​នាក់​ បានគាំទ្រ​ការដឹកនាំ​របស់​មេដឹកនាំ​រូបនេះ​។

​ការស្ទង់មតិ​ដដែល បង្ហាញថា អត្រា​គាំទ្រ​និង​ទំនុកចិត្តជាថ្មីសម្រាប់​លោក​ប្រធានាធិបតីហ្វីលីពីនរូបនេះ បានកើនឡើង​៤​ភាគរយ បើ​ធៀប​នឹង​ការស្ទង់មតិ​ក្នុង​ខែធ្នូ​ឆ្នាំ​២០១៩ ដែលមាន​៨៣​ភាគរយ​។ ប៉ុន្តែទោះជាយ៉ាងណា ស្ថាប័ន​ស្រាវជ្រាវ​ឯករាជ្យ Pulse Asia ពុំមាន​របាយការណ៍​ស្ទង់​មតិ​ក្នុង​ពាក់កណ្ដាល​ឆ្នាំ​២០២០​ឡើយ ដោយ​លើក​ហេតុផល​ថា វិធាន​ការបិទ​ប្រទេស​របស​រដ្ឋាភិបាល​រារាំង​ខ្លួន​ក្នុង​ការរៀបចំ​ការស្ទង់មតិ​។ ខណៈចន្លោះ​ពីថ្ងៃ​ទី ១៤–២០ ខែកញ្ញា បាន​បង្ហាញថា ៩១​ភាគរយ​នៃ​ប្រជាជន​ហ្វីលីពីន​១២០០​នាក់ ចាប់ពី​អាយុ​១៨​ឆ្នាំ​ឡើងទៅ ដែល​ចូលរួម​ការស្ទង់មតិ​នេះ ពេញចិត្ត​ចំពោះ​ការងារ​របស់លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ក្នុងការ​ចាត់ចែង​កិច្ចការ​ទប់ទល់​ជំងឺ​កូ​វីដ​-១៩ ។

​ជាក់ស្តែងអត្រា​គាំទ្រ​លើ​ការដឹកនាំ​របស់លោក​ឌូ​ទើ​តេ នៅ​បន្ត​កើនឡើង ទោះបីជា​ហ្វីលីពីន ជា​ប្រទេស​រងគ្រោះ​ខ្លាំង​បំផុត​មួយ​ដោយសារ​ជំងឺ​កូ​វីដ​-១៩ ក្នុងចំណោម​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ក៏ដោយក្តី ។

​សូមជម្រាបផងថា បើ​គិត​ត្រឹម​ថ្ងៃទី ២០ ខែកញ្ញា នៅពេលដែល​ការស្ទង់មតិ​របស់​ស្ថាប័ន Pulse Asia បិទ​បញ្ចប់ ហ្វីលីពីន​មាន​ករណី​ឆ្លង​កូ​វីដ​-១៩ ចំនួន ២៨៦ ០០០​ករណី ហើយ​តួលេខ​បន្ត​ឡើងដល់​ជាង​៣២២ ០០០​ករណី គិត​ត្រឹម​ថ្ងៃទី ៤ ខែតុលា​។ ខណៈ​មាន​ករណី​ឆ្លង​និង​ស្លាប់​ច្រើន បានធ្វើឲ្យសេដ្ឋកិច្ច​ប្រទេស​ហ្វីលីពីន ក៏​កំពុង​ប្រឈម​ការដាំ​ក្បាល​ចុះ​ធ្ងន់ធ្ងរ​ផងដែរ​។

​ដោយឡែកជាការ​ឆ្លើយតប របស់លោក​ប្រធានាធិបតី ឌូ​ទើ​តេ បានដាក់​ចេញ​វិធាន​ការបិទ​ប្រទេស​ក្នុង​ពាក់កណ្ដាល​ខែមីនា​ដើម្បី​ព្យាយាម​ទប់ស្កាត់​ការផ្ទុះ​រាលដាល​ជំងឺ​នេះ​ ។ បច្ចុប្បន្ន ហ្វីលីពីន កំពុង​ប្រយុទ្ធប្រឆាំង​ជាមួយ​ការកើនឡើង​ករណី​ឆ្លង​កូ​វីដ​-១៩ ចាប់​តាំង​ជំងឺ​កើតមាន​ជា​លើកដំបូង​ក្នុងប្រទេស​នេះ​ក្នុង​ខែមករា​មកម្លេះ ៕ដោយ៖ស តារា

...

​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print