រឿងព្រេងខ្មែរ÷ រឿង ព្រះ​រាជ​វិនិច្ឆ័យ​ក្ដី​ទាំង ៤

ចែករំលែក៖

មាន​និទាន​មួយ​ដំណាល​ថា មាន​បុរស ២ នាក់​ជា​ក្លើ​នឹង​គ្នា ។ ថ្ងៃ​មួយ ក្លើ​ម្នាក់​បាន​ទៅ​ខ្ចី​គោ​ក្លើ​ម្នាក់ ដើម្បី​ទឹម​រទេះ​ទៅ​លក់​ទំនិញ ។ ក្នុង​វេលា​ដែល​ខ្ចី​គោ​ម្ចាស់​គោ​នោះ​ជួប​ជុំ​គ្នា​ទាំង​ប្ដី​ប្រពន្ធ ។ លុះ​ក្លើ​ខ្ចី​គោ​ទឹម​បរ​ទៅ​លក់​ទំនិញ​រួច​ហើយ បាន​នាំ​គោ​ទៅ​ជូន​ក្លើ​វិញ តែ​ពុំ​ឃើញ​ក្លើ ឃើញ​តែ​ម្រាក់១ ក៏​ជូន​គោ​ទៅ​ម្រាក់ ៗ ទទួល​យក​គោ​នោះ​ហើយ ។ ក្រោយ​ពី​នោះ គោ​នោះ​ងាប់​ទៅ ។ លុះ​ក្លើ​ម្ចាស់​គោ​ត្រលប់​មក​ដល់​ផ្ទះ​វិញ ឃើញ​គោ​នោះ​ងាប់ ក៏​នឹក​ខឹង ហើយ​ទៅ​ប្រាប់​ឲ្យ​ក្លើ​ដែល​ខ្ចី​គោ​សង​គោ​នោះ​វិញ ។ ឯ​ក្លើ​ខ្ចី​គោ​ឆ្លើយ​ថា “ កាល​អញ​យក​គោ​ទៅ​សង ពុំ​ឃើញ​ក្លើ​ឯង​ឃើញ​តែ​ម្រាក់ ៗ ទទួល​យក​គោ​នោះ​ជ្រះ​ស្រឡះ​ហើយ​ឥត​តវ៉ា​អ្វី​ទេ ម្ដេច​ក៏​ក្លើ​បង្គាប់​អញ​ឲ្យ​សង​គោ​ទៀត ” ។ ក្លើ​ម្ចាស់​គោ​ថា “ ម្ដេច​ក៏​ក្លើ​មិន​រង​ចាំ​អញ​មក​ដល់​ផ្ទះ​សិន ហើយ​ម្ដេច​ក៏​ជូន​គោ​ទៅ​ប្រពន្ធ​អញ​វិញ ដូច្នេះ ត្រូវ​តែ​ក្លើ​សង​គោ​អញ​ខាន​មិន​បាន​ទេ” ។ ក្លើ​ខ្ចី​គោ​ឆ្លើយ​ថា “អញ​បាន​យក​គោ​ទៅ​ជូន​ម្រាក់​ជា​ជ្រះ​ស្រឡះ​ហើយ បើ​ក្លើ​បង្ខំ​អញ​ឲ្យ​សង​ទៀត​ចាំ​អញ​ទៅ​ទៅ​សូម​ព្រះ​រាជ​ទ្រព្យ​ឲ្យ​បាន​សិន​ទើប​សង” ។ បុរស​ទាំង ២ នាក់​ពុំ​សុខ​ចិត្ត​តែ​រៀង​ខ្លួន ក៏​បណ្ដើរ​គ្នា​ទៅ​ប្ដឹង​ចៅក្រម លុះ​ដើរ​បន្តិច​ទៅ ត្រូវ​ថ្ងៃ​ក្ដៅ​ណាស់ ក៏​នាំ​គ្នា​ចូល​ទៅ​ជ្រក​ម្លប់​ឈើ​មួយ ។ គាប់​ចួន​វេលា​នោះ មាន​បុរស​ជា​ម្ចាស់​នឹង​ខ្ញុំ​បណ្ដើរ​គ្នា​មក​ដល់​ដែរ ខ្ញុំ​ដឹក​សេះ​ដើរ​មុន ម្ចាស់​សេះ​ដើរ​ពី​ក្រោយ​ឆ្ងាយ ។ ចៅ​ដឹក​សេះ​បាន​ចួប​នឹង​បុរស ២ នាក់​ដែល​កើត​ក្ដី​នឹង​គ្នា អង្គុយ​ក្រោម​ម្លប់​ឈើ​នោះ ក៏​និយាយ​ថា “ចូរ​ចៅ​ដេញ​សេះ​ឲ្យ​ផង” ។ បុរស​នោះ​ដេញ​ហើយ សេះ​នៅ​តែ​មិន​ព្រម​ដើរ ក៏​និយាយ​ថា “ ចៅ​អើយ ! សេះ​ឯង​មិន​ព្រម​ដើរ​ទេ ” ។ ទើប​ចៅ​ដឹក​សេះ​នោះ​ថា “ ចូរ​ចៅ​ចោល​វា​ឲ្យ​ផង ” ។ បុរស​កើត​ក្ដី​ថា “ អញ​មិន​ហ៊ាន​ចោល​ទេ​ខ្លាច​បាក់​ជើង​សេះ​ចៅ​ឯង ” ។ ចៅ​ដឹក​សេះ​ថា “ចោល​ចុះ​មិន​អី​ទេ ” ។ បុរស​ខ្ចី​គោ​គេ​ក៏​ចោល​ទៅ ត្រូវ​ជើង​សេះ​នោះ​បាក់ ។ ចៅ​ម្ចាស់​សេះ​ដើរ​មក​ទាន់ ក៏​សួរ​ថា “ហេតុ​អ្វី​បាន​ជា​ចៅ​ចោល​សេះ​អញ​ឲ្យ​បាក់​ជើង ? ដូច្នេះ​ត្រូវ​សង​សេះ​អញ​វិញ ” ។ បុរស​ខ្ចី​គោ​ឆ្លើយ​ថា “ ចាំ​អញ​ទៅ​សូម​ព្រះ​រាជ​ទាន​ព្រះ​រាជ​ទ្រព្យ​បាន​សិន សឹម​អញ​សង​ចៅ ” ហើយ​ក៏​នាំ​គ្នា​ទៅ​ដល់​ផ្ទះ របស់​បុរស​ជា​ក្លើ​នឹង​បុរស​ដែល​ខ្ចី​គោ​នោះ,បុរស​ខ្ចី​គោ​គេ ក៏​ដើរ​ចូល​ទៅ​ក្នុង​ផ្ទះ​ក្លើ​នោះ តែ​មិន​បាន​ឃើញ​ក្លើ ឃើញ​តែ​ប្រពន្ធ ៗ​នោះ​មាន​ផ្ទៃ​ពោះ​ជាង ៧ ខែ ហើយ​បុរស​ខ្ចី​គោ​គេ​នោះ​និយាយ​សុំ​ទឹក​គេ​ថា “ម្រាក់​អើយ ! អញ​សុំ​ទឹក​ផឹក​ផង” ។ នាង​នោះ​ក៏​ទៅ​សិត​ទឹក​រួច​ក៏​ចុះ​ជណ្ដើរ​មក នឹង​ហុច​ទឹក​ឲ្យ ស្រាប់​តែ​កាំ​ជណ្ដើរ​បាក់​ធ្លាក់​ដល់​ដី រលូត​កូន​ទៅ ។ ឯ​ប្ដី​មក​ដល់​ឃើញ ហើយ​និយាយ​ថា “ហេតុ​អ្វី​ក៏​ក្លើ​ប្រើ​ប្រពន្ធ​អញ​ឲ្យ​សិត​ទឹក​ផឹក ទាល់​តែ​ធ្លាក់​ពី​លើ​ជណ្ដើរ​រលូត​កូន ដូច្នេះ​ក្លើ​ឯង​ត្រូវ​សង​កូន​អញ” ។ បុរស​ខ្ចី​គោ​ឆ្លើយ​ថា “ ចាំ​អញ​ទៅ​សូម​ព្រះ​រាជ​ទាន​ព្រះ​រាជ​ទ្រព្យ​សិន សឹម​អញ​សង ចៅ​ឯង​វិញ” ហើយ​ក៏​កោះ​គ្នា​បណ្ដើរ​ទៅ ទៅ​ដល់​ទី ១ មាន​ដើម​ឈើ​ច្រើន បុរស​ខ្ចី​គោ​និយាយ​ថា “ ចូរ​អ្នក​រង​ចាំ​អញ​ទៅ​ជុះ​មួយ​រំពេច​សិន” ហើយ​គេច​ទៅ​ឡើង​ដើម​ឈើ ១ ដើម​នឹក​ក្នាញ់​ថា “ខ្លួន​នេះ​អភ័ព្វ​ណាស់​នឹង​លោត​ទម្លាក់​សម្លាប់​ខ្លួន​ចោល​ទៅ ល្អ​ជាង​នៅ​រស់” ។ ជួន​ជា​នៅ​ខាង​ក្រោម​ដើម​ឈើ​នោះ មាន​បុរស ២​នាក់ ឪពុក​និង​កូន​កំពុង​ត្បាញ​កន្ទេល​។ បុរស​នោះ​លោត​ទៅ ក៏​ធ្លាក់​ទៅ​លើ​ឪពុក​ដែល​កំពុង​ត្បាញ​កន្ទេល​នោះ​ស្លាប់​ទៅ ឯ​ខ្លួន​អ្នក​លោត​មិន​ស្លាប់​ទេ ។ បុរស​ជា​កូន​ឃើញ​ឪពុក​ស្លាប់ ក៏​ខឹង​ខ្លាំង​ណាស់​និយាយ​ថា “ត្រូវ​ចៅ​ឯង​សង​ឪពុក​អញ​វិញ” ។ បុរស​លោត​ពី​ចុង​ឈើ​ឆ្លើយ​ថា “ បើ​ចៅ​ឲ្យ​អញ​សង​ឪពុក​ឯង​អញ​ក៏​សង​ដែរ តែ​ចាំ​អញ​ទៅ​សូម​ព្រះ​រាជ​ទាន​ព្រះ​រាជ​ទ្រព្យ​បាន​សិន” ។ បុរស​ទាំង ៥ នាក់​ជា​គូ​វិវាទ​គ្នា ក៏​បណ្ដើរ​គ្នា​ទៅ​រក​ចៅ​ក្រម ហើយ​ប្ដឹង​ដោយ​នូវ​ដំណើរ​ទីទៃ ៗ ពី​គ្នា ។

ឯ​ចៅក្រម​ជំនុំ​ជម្រះ​កាត់​សេចក្ដី​ថា “ ត្រូវ​ឲ្យ​បុរស​ខ្ចី​គោ​គេ​នោះ​សង​គោ​គេ​វិញ, ត្រូវ​ឲ្យ​បុរស​ខ្ចី​គោ ដែល​ចោល​បាក់​ជើង​សេះ​គេ​នោះ​សង​សេះ​គេ​វិញ ត្រូវ​ឲ្យ​បុរស​ខ្ចី​គោ​ដែល​ប្រើ​ប្រពន្ធ​គេ​ឲ្យ​សិត​ទឹក​ឲ្យ​ផឹក​ជា​ហេតុ​ឲ្យ​រលូត​កូន​គេ​នោះ​សង​កូន​គេ​វិញ ត្រូវ​ឲ្យ​បុរស​ខ្ចី​គោ​ដែល​លោត​សម្លាប់​ខ្លួន ជា​ហេតុ​ឲ្យ​ស្លាប់​ឪពុក​គេ​នោះ សង​ឪពុក​គេ​វិញ ” ។

បុរស​ខ្ចី​គោ ដែល​ជាប់​ចោទ​ទាំង ៤ រឿង​នោះ ពុំ​សុខ​ចិត្ត​ក៏​នាំ​គ្នា ឡើង​ទៅ​គាល់​ព្រះ​មហា​ក្សត្រ ក្រាប​បង្គំ​ទូល​សូម​ព្រះ​រាជ​ទ្រព្យ ។ ព្រះ​មហាក្សត្រ​មាន​ព្រះ​បន្ទូល​ដណ្ដឹង​ថា “ហេតុ​អ្វី​ក៏​ព្រះ​ស្ដែង​មក​សូម​ប្រាក់​អញ​ដូច្នេះ ?” ។ បុរស​ខ្ចី​គោ​ក្រាប​បង្គំ​ទូល​ថា “ សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស ខ្ញុំ​ព្រះ​បាទ​អម្ចាស់ បាន​ខ្ចី​គោ​ក្លើ​នេះ ទឹម​បរ​ដឹក​នាំ​ទំនិញ​ទៅ​លក់ រួច​នាំ​យក​គោ​នោះ​ទៅ​ជូន​វិញ តែ​ពេល​នោះ​ជួប​តែ​នឹង​ម្រាក់ ពុំ​ជួប​នឹង​ក្លើ បាន​ប្រគល់​គោ​នោះ​ទៅ​ឲ្យ​ម្រាក់ ៗ ក៏​ទទួល​គោ​នោះ​ជ្រះ​ស្រឡះ​ហើយ ៗ វិល​មក​ផ្ទះ​វិញ ” ។ ក្រោយ​មក ក្លើ​នេះ​មក​ប្រាប់​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ថា “ គោ​នោះ​ងាប់​ទៅ​ហើយ ៗ បន្ទោស​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ថា “ វេលា​ក្លើ​ទៅ​សង​គោ​វិញ ម្ដេច​ក៏​មិន​រង​ចាំ​អញ​សិន ហើយ​ម្ដេច​ក៏​ទៅ​ជា​យក​គោ​ទៅ​ជូន​ប្រពន្ធ​អញ​វិញ មិន​ជូន​អញ? ដូច្នេះ​ត្រូវ​ក្លើ​ឯង​សង​គោ​អញ សូម​ទ្រង់​ជ្រាប​ដំណើរ​ក្ដី​របស់​ខ្ញុំ​ព្រះ​បាទ​អម្ចាស់ ដូច​ក្រាប​បង្គំ​ទូល​នេះ” ។ ព្រះ​មហា​ក្សត្រ​ទ្រង់​ត្រាស់​ដណ្ដឹង​ទៅ​បុរស​ជា​ម្ចាស់​គោ​ថា “ ដំណើរ​ក្ដី​នេះ ដូច្នេះ​មែន​ឬ​ពុំ​មែន​ទេ?” ។ បុរស​ម្ចាស់​គោ​ក្រាប​បង្គំ​ទូល​ថា “ សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស ដូច្នេះ​មែន ” ។ ទើប​ព្រះ​អង្គ​ត្រាស់​សួរ​ទៀត​ថា “តើ​ព្រះ​ស្ដែង​នឹង​ឲ្យ​គេ​សង​ទៀត​ឬ​អ្វី ?” ។ ម្ចាស់​គោ​ក្រាប​បង្គំ​ទូល​ថា “ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ឲ្យ​សង ” ។ ទើប​ព្រះ​អង្គ​ត្រាស់​ថា “បើ​ព្រះ​ស្ដែង​ឲ្យ​គេ​សង​គោ ត្រូវ​ព្រះ​ស្ដែង​ឲ្យ​ប្រពន្ធ​ទៅ​ក្លើ​ព្រះ​ស្ដែង ទើប​ព្រះ​ស្ដែង​បាន​គោ ត្បិត​ប្រពន្ធ​ព្រះ​ស្ដែង​ទទួល​យក​គោ​ពី​គេ​ជ្រះ​ស្រឡះ​ហើយ តើ​ឥឡូវ​នេះ​ព្រះ​ស្ដែង​សុខ​ចិត្ត​ឲ្យ​ប្រពន្ធ​ទៅ​ក្លើ​ព្រះ​ស្ដែង​ឬ​ទេ?” ។ បុរស​នោះ​ក្រាប​បង្គំ​ទូល​ថា “ សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស, ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ពុំ​ព្រម​ឲ្យ​ប្រពន្ធ​ទៅ​ក្លើ​នេះ​ទេ ” ។ ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​ថា “បើ​ព្រះ​ស្ដែង​មិន​ព្រម​ឲ្យ​ប្រពន្ធ​ទៅ​គេ​ទេ ព្រះ​ស្ដែង​ក៏​មិន​ត្រូវ​បាន​សំណង​គោ​នោះ​ដែរ ព្រោះ​ប្រពន្ធ​ព្រះ​ស្ដែង​ទទួល​យក​គោ​នោះ​ជ្រះ​ស្រឡះ​ហើយ ម្ដេច​ក៏​ព្រះ​ស្ដែង​មក​ទារ​សំណង​ពី​គេ​ទៀត ? ” ។

ព្រះ​មហាក្សត្រ​ទ្រង់​ព្រះ​រាជ​វិនិច្ឆ័យ​ក្ដី​រឿង​គោ​រួច​ហើយ ទ្រង់​ដណ្ដឹង​សួរ​រឿង​សេះ​ត​ទៅ​ទៀត ។ ឯ​បុរស​ខ្ចី​គោ​ជា​ដើម​ហេតុ​ដែល​ចោល​សេះ​គេ​ឲ្យ​បាក់​ជើង​នោះ ក្រាប​បង្គំ​ទូល​ថា “ សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ឈប់​នៅ​ក្រោម​ម្លប់​ឈើ ១ គាប់​ជួន​ជា​បុរស​នេះ ដឹក​សេះ​មក​ដល់​ទី​នោះ​ដែរ បាន​ប្រើ​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ឲ្យ​ដេញ​សេះ ៗ​មិន​ព្រម​ដើរ ក៏​បង្គាប់​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ឲ្យ​ចោល ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ប្រកែក​ថា “មិន​ហ៊ាន​ចោល​ទេ ក្រែង​បាក់​ជើង​សេះ” បុរស​ដឹក​សេះ​ថា “ ចោល​ទៅ​ចុះ ”ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ក៏​ចោល​ទៅ​ត្រូវ​ជើង​សេះ​បាក់” ។ ទើប​ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​នឹង​អ្នក​ដឹក​សេះ​ថា “ដំណើរ​ក្ដី​នេះ ដូច្នេះ​មែន​ឬ​ដូច​ម្ដេច?” ។ បុរស​នោះ​ក្រាប​បង្គំ​ទូល​ថា “ពិត​ដូច្នោះ​មែន” ព្រះ​អង្គ​ត្រាស់​ថា “បើ​ព្រះ​ស្ដែង​ឲ្យ​គេ​សង​សេះ ត្រូវ​ព្រះ​ស្ដែង​ប្រគល់​ខ្ញុំ​ព្រះ​ស្ដែង​ឲ្យ​ទៅ​គេ ព្រោះ​ខ្ញុំ​ព្រះ​ស្ដែង​ប្រើ​គេ​ឲ្យ​ចោល ទាល់​តែ​សេះ​ព្រះ​ស្ដែង​នេះ​បាក់​ជើង ព្រះ​ស្ដែង​ព្រម​ឬ​មិន​ព្រម ? ” ។ បុរស​ម្ចាស់​សេះ​នោះ​ក្រាប​បង្គំ​ទូល​ថា “ ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ពុំ​ព្រម​ទេ ត្បិត​មាន​ខ្ញុំ​តែ​ម្នាក់” ។ ព្រះ​អង្គ​ត្រាស់​ថា “ បើ​ដូច្នោះ​មិន​ត្រូវ​ឲ្យ​គេ​សង​សេះ​ព្រះ​ស្ដែង​ដែរ ព្រោះ​ព្រះ​ស្ដែង​មិន​ព្រម​ឲ្យ​ខ្ញុំ​ទៅ​គេ ” ។ ព្រះ​មហាក្សត្រ​ទ្រង់​កាត់​ក្ដី​រឿង​សេះ​ហើយ ទ្រង់​សួរ​រឿង​ស្រី​រលូត​កូន​ត​ទៅ​ទៀត ។ បុរស​ខ្ចី​គោ​គេ​ក្រាប​បង្គំ​ទូល​ថា “ កាល​ដែល​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ដើរ​មក​តាម​ផ្លូវ​នោះ ស្រេក​ទឹក​ខ្លាំង​ណាស់ បាន​ចូល​ទៅ​សូម​ទឹក​នៅ​ផ្ទះ​ក្លើ​នេះ ជួន​ជា​ថ្ងៃ​នោះ ក្លើ​មិន​នៅ​ៗ តែ​ម្រាក់ ៗ ចុះ​ជណ្ដើរ​ទៅ​សិត​ទឹក​បាក់​កាំ​ជណ្ដើរ​ធ្លាក់​ទៅ​ដី រលូត​កូន​ទៅ លុះ​ក្លើ​មក​ដល់​យល់​ម្រាក់​រលូត​កូន​ដូច្នោះ ក៏​ខឹង​ខ្លាំង​ណាស់ បង្គាប់​ឲ្យ​ខ្ញុំ​ព្រះ​បាទ​អម្ចាស់ សង​កូន” ។ ទើប​ព្រះ​អង្គ​ត្រាស់​សួរ​ទៅ​ប្ដី​នោះ​ថា “ដំណើរ​ក្ដី​នេះ​តើ​ពិត​ដូច្នេះ ឬ​ពុំ​មែន​ទេ ?” ។ បុរស​ប្ដី​ក្រាប​បង្គំ​ទូល​ថា “ពិត​ដូច្នោះ​មែន” ។ ព្រះ​អង្គ​ត្រាស់​សួរ​ថា “ ព្រះ​ស្ដែង​នឹង​ឲ្យ​គេ​សង​កូន​នោះ​ឬ​អ្វី?” សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស ខ្ញុំ​ព្រះ​បាទ​អម្ចាស់​សុំ​ឲ្យ​ក្លើ​សង​កូន​នោះ​វិញ ។ “ប្រពន្ធ​ព្រះ​ស្ដែង​ផើម​បាន​ប៉ុន្មាន​ខែ​ហើយ?” ។ “សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស ផើម​បាន ៧ ខែ​ហើយ” ព្រះ​មហាក្សត្រ​ទ្រង់​ព្រះ​រាជ​វិនិច្ឆ័យ​ថា “បើ​ព្រះ​ស្ដែង​ឲ្យ​គេ​សង​កូន​នោះ ត្រូវ​ព្រះ​ស្ដែង ឲ្យ​ប្រពន្ធ​ព្រះ​ស្ដែង ទៅ​ធ្វើ​ជា​ប្រពន្ធ​គេ​ទុក​ឲ្យ​ផើម​បាន ៧​ខែ​សិន សឹម​ព្រះ​ស្ដែង​យក​មក​ធ្វើ​ជា​ប្រពន្ធ​ព្រះ​ស្ដែង​វិញ​ចុះ តើ​ព្រះ​ស្ដែង​ព្រម​ឲ្យ ឬ​ទេ ?” បុរស​ប្ដី​ក្រាប​បង្គំ​ទូល​ថា “ ខ្ញុំ​ព្រះ​បាទ​អម្ចាស់​មិន​ព្រម​ឲ្យ​ទេ” ។ ព្រះ​មហា​ក្សត្រ​ទ្រង់​ត្រាស់​ថា បើ​ព្រះ​ស្ដែង​មិន​ព្រម​ឲ្យ​ប្រពន្ធ​ទៅ​គេ ចុះ​ឲ្យ​គេ​យក​កូន​ពី​ណា​មក​សង​ព្រះ​ស្ដែង​វិញ​បាន ? ” ។

...

ព្រះ​មហាក្សត្រ​សួរ​ដំណើរ​ក្ដី រឿង​ស្លាប់​ឪពុក​ត​ទៅ​ទៀត ។ បុរស​ខ្ចី​គោ​ក្រាប​បង្គំ​ទូល​ថា “ ដើម​ឡើយ​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​លា​អ្នក​ដើម​ចោទ​ទាំង ៣ នាក់​ថា “សូម​ទៅ​បត់​ជើង​មួយ​រំពេច​សិន លុះ​ចូល​ទៅ​ក្នុង​ព្រៃ​យល់​ដើម​ឈើ​មួយ​ធំ ដោយ​នឹក​អន់​ចិត្ត​នឹង​ភ័ព្វ​សំណាង​របស់​ខ្លួន​ខ្លាំង​ពេក ក៏​ឡើង​ទៅ​លើ​ចុង​ឈើ​នោះ​ប្រុង​នឹង​លោត​ទៅ​សម្លាប់​ខ្លួន​បង់ ដល់​លោត​ចុះ​មក ស្រាប់​តែ​ត្រូវ​លើ​ឪពុក​បុរស​នេះ​ស្លាប់​ទៅ ឯ​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ពុំ​ស្លាប់, វេលា​លោត​ចុះ​មក ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ពុំ​បាន​ឃើញ​បុរស​ឪពុក​នឹង​កូន នៅ​ខាង​ក្រោម​ដើម​ឈើ​នោះ​ទេ បុរស​ជា​កូន​ឃើញ​ឪពុក​ស្លាប់ ក៏​ប្រចាប់​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ថា “ត្រូវ​សង​ឪពុក​គេ​វិញ” ដំណើរ​ក្ដី​នេះ​ប៉ុណ្ណេះ សូម​ទ្រង់​ជ្រាប​ក្រោម​ល្អង​ធូលី​ព្រះ​បាទ” ។ ទើប​ព្រះ​មហាក្សត្រ​ត្រាស់​សួរ​ទៅ​បុរស​ជា​កូន​នោះ​ថា “ តើ​ព្រះ​ស្ដែង​នឹង​ឲ្យ​គេ​សង​ឪពុក​ព្រះ​ស្ដែង​វិញ​ឬ​អ្វី ?” ។ បុរស​ជា​កូន​នោះ ក្រាប​បង្គំ​ទូល​ថា “សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស, សូម​ឲ្យ​គេ​សង​ឪពុក​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​វិញ” ។ “បើ​ដូច្នេះ មាន​តែ​ព្រះ​ស្ដែង​ឲ្យ​ម្ដាយ​ព្រះ​ស្ដែង​ទៅ​ធ្វើ​ប្រពន្ធ​គេ ដើម្បី​ឲ្យ​គេ​បាន​ជា​ឪពុក​របស់​ព្រះ​ស្ដែង ជំនួស​ឪពុក​ដែល​ស្លាប់​ទៅ​តើ​ព្រះ​ស្ដែង​ព្រម​ទេ ?” ។ “ខ្ញុំ​ព្រះ​បាទ​អម្ចាស់​នឹង​ឲ្យ​ម្ដាយ​ទៅ​ធ្វើ​ជា​ប្រពន្ធ​បុរស​នេះ ដូច​ម្ដេច​បាន បើ​ម្ដាយ​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​វេលា​នេះ កំពុង​កើត​ទុក្ខ​ធ្ងន់​ផង ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ពុំ​ព្រម​ទេ ” ។ ព្រះ​មហាក្សត្រ​ទ្រង់​ព្រះ​រាជ​វិនិច្ឆ័យ​ថា “ បើ​ព្រះ​ស្ដែង​ពុំ​ព្រម​ តើ​នឹង​ឲ្យ​គេ​យក​ឪពុក​ពី​ណា មក​ជំនួស​ឪពុក​ព្រះ​ស្ដែង​បាន បើ​ឪពុក​ព្រះ​ស្ដែង ស្លាប់​ទៅ​ហើយ ដោយ​ផល​កម្ម​របស់​គាត់ នឹង​បន្ទោស​នរណា ” ។
ព្រះ​មហាក្សត្រ​ទ្រង់​ព្រះ​រាជ​វិនិច្ឆ័យ​ក្ដី​ទាំង ៤ រឿង ដោយ​ប្រការ​ដូច្នេះ​ហើយ បុរស​ទាំង ៥ នាក់ ដែល​កើត​ក្ដី​នឹង​គ្នា ក៏​ចូល​ចិត្ត​ស្ដាប់​បាន​លែង​ចោទ​ប្រកាន់​គ្នា ហើយ​ក្រាប​ថ្វាយ​បង្គំ​លា ទៅ​កាន់​លំនៅ​អាត្មា​ទីទៃ ៗ រៀង​ខ្លួន​ហោង ៕ (ចប់)
កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត
(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print