ខេត្តស្វាយរៀង៖ មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំសាខាខេត្តស្វាយរៀងសហការជាមួយមន្ទីពាណិជ្ជកម្មខេត្តនិងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យនៅផ្សារដូនសបន្តរកឃើញទំនិញខូចគុណភាពនិងហួសកាលបរិច្ឆេទជាច្រើនមុខនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ស្ថិតក្នុងឃុំដូនស ស្រុកស្វាយជ្រំ។
បើតាមលោក ផឹង និល ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំសាខាខេត្តស្វាយរៀងបានអោយដឹងថា លោកនិងក្រុមការងារ បានសហការជាមួយមន្ទីពាណិជ្ជកម្មខេត្ត និង អាជ្ញាធរដែនដីស្រុកស្វាយជ្រំបានចុះត្រួតពិនិត្យទំនិញផលិតផលម្ហូបអាហារនិងទំនិញវេចខ្ចប់ស្រាប់ នៅតាមបណ្ដាស្តង់ដាក់តាំងលក់ក្នុងផ្សារដូនស ស្រុកស្វាយជ្រំ ខេត្ត ស្វាយរៀង។
សកម្មភាពការងារ ត្រួតពិនិត្យ មន្ត្រីជំនាញរបស់លោកបានពិនិត្យគ្រឿងឧបភោគ បរិភោគនៅតាម ស្តង់ក្នុងផ្សារតាំងលក់ទំនិញមួយចំនួន និងបានប្រើប្រាស់ឧបករណធ្វើ Test Kits បឋមលើម្ហូបអាហារ ចំនួន ៣២ គំរូ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។
ដោយជាលទ្ធផលក្រោយការចុះអនុវត្តការងារ មន្ត្រីជំនាញយើងបានរកឃើញទំនិញខូចគុណភាព និង ហួសកាលបរិច្ឆេទប្រើប្រាស់ដូចជាទឹកដោះគោខាប់ ចំនួន ២៤ កំប៉ុង នំក្តាម ចំនួន ៦០ កញ្ចប់ម៉្សៅស៊ុប ចំនួន ១៥ កញ្ចប់
ទឹកសៀង ចំនួន ១១ដប ផ្សិតកំប៉ុង ចំនួន ១០កំប៉ុង ទឹកក្រូច ម៉ាក FANTA ចំនួន ១០ដបនិងសាប៊ូ ខាត់ស្បែក ចំនួន ១៥ ដប។
ក្រោយពីពិនិត្យរកឃើញមន្ត្រីជំនាញរបស់លោកបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះយកមករក្សាទុកដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយបន្តទៀត ៕
ដោយ៖ យឹម សុថាន