សភាពការណ៍នៅឧបទ្វីបកូរ៉េនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦ ត្រូវបានគេមើលឃើញថា បាននិងកំពុងតានតឹងខ្លាំងឡើង បន្ទាប់ពីកូរ៉េខាងជើងចាប់ផ្តើមលុបចោលកិច្ចព្រមព្រៀងធ្វើសហប្រតិបត្តិការរួមគ្នានៅសួនឧស្សាហកម្ម កែស៊ុង(Kaesong) ជាមួយកូរ៉េខាងត្បូង ។ កូរ៉េខាងជើងបានចាត់ទុកថា សកម្មភាពរបស់កូរ៉េខាងត្បូងដែលផ្អាកសកម្មភាពសហប្រតិបត្តិការនៅសួនឧស្សាហកម្មកែស៊ុងមុនដើម្បីជា ការសងសឹកចំពោះការបាញ់សាកល្បងមីស៊ីលកាលពីថ្ងៃអាទិត្យ របស់កូរ៉េខាងជើងនោះថា ជា«សកម្មភាពប្រកាសសង្គ្រាម» ។
ទីភ្នាក់ងារព័ត៌មាន KCNA បានផ្សព្វផ្សាយថា កូរ៉េខាងជើងបានចាត់ទុក សួនឧស្សាហកម្មកែស៊ុង ដែលរួមគ្នាបង្កើតឡើងដោយប្រទេសគូជម្លោះទាំងពីរនេះថា ជានិមិត្តរូបមួយសម្រាប់ធ្វើសហប្រតិបត្តិការអស់រយៈពេលជាងមួយទសវត្សរ៍កន្លងមកហើយ ស្ថិតនៅក្នុងតំបន់ដែលគ្រប់គ្រងដោយកងកម្លាំងយោធានោះ ។
នៅពេលនេះ រថយន្តធុនធំរបស់កូរ៉េខាងត្បូងរាប់សិបគ្រឿងបានឆ្លងកាត់ព្រំដែនវិលត្រឡប់ចូលមកទឹកដីកូរ៉េខាងត្បូងអស់ហើយកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦ ។ ដូចគ្នានេះដែរ រថយន្តកាម៉ាស់ និងទំនិញ បរិក្ខាគ្រប់ប្រភេទត្រូវដកឲ្យវិលត្រឡប់ទៅកាន់កូរ៉េខាងត្បូង បន្ទាប់ពីទីក្រុងសេអ៊ូលបានប្រកាសថា ផ្អាកសកម្មភាពនោះរួចមក ។
កូរ៉េខាងជើងដែលត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែកតែឯងនោះ ជានិច្ចកាលតែងច្រានចោលសកម្មភាពរបស់កូរ៉េខាងត្បូង ដោយចាត់ទុកថា កូរ៉េខាងត្បូងជាអាយ៉ងរបស់អាមេរិក និងតែងតែបានចាត់ទុក សកម្មភាពប្រទេសទាំងពីរនេះថា ជាការបង្កសង្គ្រាមជាមួយខ្លួន ៕