នាយឧត្ដមសេនីយ៍ វង្ស ពិសេន អនុញ្ញាតឲ្យសេនានុព័ន្ធកងទ័ពជើងអាកាសភូមិន្ទថៃចូលជួបសម្តែងការគួរសម និង ជម្រាបលា

ចែករំលែក៖

ភ្នំពេញ៖នៅរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០នេះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឲ្យលោកវរសេនីយ៍ឯក វរផុត វរផៃសាន (Warapod Warapisan) សេនានុព័ន្ធកងទ័ពជើងអាកាសថៃ នាយរងការិយាល័យសេនានុព័ន្ធកងទ័ពភូមិន្ទថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម ដើម្បីជម្រាបលា បន្ទាប់ពីលោកបានបញ្ចប់អាណត្តិបេសកកម្មការទូតយោធារយៈពេល ៣ឆ្នាំនៅកម្ពុជា។

នាឱកាសនោះ លោកវរសេនីយ៍ឯក វរផុត វរផៃសាន បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ បណ្ដាអង្គភាពក្នុងកងយោធពលខេមរភូមិន្ទ ដែលបានផ្តល់កិច្ចសហការ និងជួយសម្រួលកិច្ចការនានាបានល្អក្នុងពេលកន្លងមក។

លោកសេនានុព័ន្ធកងទ័ពជើងអាកាសថៃ បានវាយតម្លៃខ្ពស់ចំពោះការហ្វឹកហាត់រូមគ្នារវាងកងទ័ពប្រទេសទាំងពីរនាពេលកន្លងមក ដែលបានបង្ហាញឱ្យឃើញពីសមត្ថភាព និង កិត្យានុភាពមានភាពទាន់សម័យ បើធៀបជាមួយនឹងអរិយ្យប្រទេសនានាលើសកលលោក។

ក្នុងកិច្ចឆ្លើយតប នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានសម្តែងនូវការពេញចិត្តចំពោះការដឹកនាំនៃរាជរដ្ឋាភិបាលប្រទេសទាំងពីរ ដែលធ្វើឲ្យទំនាក់ទំនងកម្ពុជា-ថៃ មានការរីកចម្រើនគួរជាទីមោទនៈ ជាពិសេសស្ថានការណ៍នៅតាមបណ្តោយព្រំដែនមានភាពល្អប្រសើរ។

នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានគូសបញ្ជាក់ពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលប្រាថ្នាចង់បានបំផុតនូវការកសាងព្រំដែនមួយមានសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

ទាក់ទងលើវិស័យយោធា នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការកន្លងមក ដែលកងទ័ពប្រទេសទាំងពីរបានផ្លាស់ប្តូរពត៌មានគ្នាទៅវិញទៅមក ក៏ដូចជាការរួមសហការគ្នាទប់ស្កាត់នូវបទល្មើសផ្សេងៗ នៅតាមព្រំដែន។

ទន្ទឹមនេះដែរ នាយឧត្ដមសេនីយ៍ វង្ស ពិសេន ក៏បានថ្លែងអំណរគុណកងទ័ពភូមិន្ទថៃ ដែលបានបង្កលក្ខណៈឲ្យកងយោធពលខេមរភូមិន្ទទៅធ្វើការសិក្សានៅព្រះរាជាណាចក្រថៃ ហើយនាយឧត្ដមសេនីយ៍ បានមានជំនឿថា នៅក្រោយបញ្ចប់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ប្រទេសទាំងពីរ កម្ពុជា-ថៃ នឹងបន្តកិច្ចសហការជាមួយគ្នាឲ្យកាន់តែប្រសើរថែមទៀត៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print