ភ្នំពេញ ៖ យុវជនម្នាក់រួមដំណើរជាមួយស្ត្រីម្នាក់បានបើករថយន្តបោះពួយក្នុងល្បឿនយ៉ាងលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យបាក់អស់បីកង់ ចំណែកឯរថយន្តរងការខូចខាតផ្នែកខាងមុខទាំងស្រុង តែសំណាងដែរដែលមិនបង្កឲ្យមានអ្នករបួស។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ ទី០៨ ខែតុលា ឆ្នាំ២០២០ តាមបណ្តោយផ្លូវព្រះមុនីវង្ស កែងនិឹងផ្លូវលេខ៣៦០ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
តាមប្រភពពីប្រជាពលរដ្ធនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនម្នាក់ បើករថយន្តម៉ាក starex ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 2AV-0052រួមដំណើរជាមួយនារីម្នាក់តាមបណ្តោយផ្លូវព្រះមុនីវង្សក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យបាក់អស់ចំនួន៣កង់ ឯរថយន្ត
រងការខូចខាតយ៉ាងដំណំ ។
ក្រោយកើតហេតុអ្នកបើករថយន្តបានរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែ
រថយន្តនៅនឹងកន្លែងកើតហេតុហើយរបាំងថ្មខ្ទាតរប៉ាត់រប៉ាយពេញផ្លូវ។
លុះមួយសន្ទុះក្រោយមកសមត្ថកិច្ចមូលដ្ឋានបានមកដល់ ហើយទាក់ទងទៅខាងជំនាញចរាចរណ៍ក្រុងឱ្យចុះមកធ្វើការវាស់វែងនិងធ្វើកំណត់ហេតុយករថយន្ដទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំម្ចាស់រថយន្តចូលខ្លួនទៅដោះស្រាយតាមផ្លូវច្បាប់៕ ដោយ ៖ ភារ៉ា ដង្កោ