សូមពលរដ្ឋខ្មែរគ្រប់អាយុអញ្ជើញទៅចុះឈ្មោះបោះឆ្នោត ថ្ងៃនេះជាថ្ងៃទី៨ នៃដំណើរការពិនិត្យ និងចុះឈ្មោះបោះឆ្នោត

ចែករំលែក៖

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)បានអំពាវនាវជាថ្មីម្តងទៀតសូមបងប្អូនពលរដ្ឋខ្មែរដែលគ្រប់អាយុអញ្ជើញទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នាព្រោះថ្ងៃនេះ(៨.១០.២០)ជាថ្ងៃទី៨នៃដំណើរការពិនិត្យ និងចុះឈ្មោះបោះឆ្នោតហើយ ។
គ.ជ.ប បានប្រកាសឱ្យដឹងថា ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០នេះ មានរយៈពេលត្រឹមតែ១៩ថ្ងៃប៉ុណ្ណោះ ហើយដំណើរពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ នឹងបិទបញ្ចប់នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។
ដើម្បីបម្រើការដល់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០នេះ គ.ជ.ប បានរៀបចំការិយាល័យផ្តល់សេវានៅតាមសាលាឃុំ សង្កាត់ទាំង ១.៦៤៦នៅទូទាំងប្រទេស។
គ.ជ.ប បានបញ្ជាក់ឲ្យដឹងទៀតថាដើម្បីចុះឈ្មោះបោះឆ្នោតបានប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលកើតមុន ឬត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០០៣ ត្រូវមានអត្តសញ្ញាណបណ្ណ។ បើមិនទាន់មានអត្តសញ្ញាណបណ្ណទេ ត្រូវទៅកាន់សាលាឃុំ សង្កាត់ ដើម្បីធ្វើឯកសារបញ្ជាក់អត្តសញ្ញាណបម្រើការចុះឈ្មោះបោះឆ្នោត។

សម្រាប់ប្រជាពលរដ្ឋដែលធ្លាប់ចុះឈ្មោះរួចហើយ មិនតម្រូវឱ្យចុះទៀតនោះឡើយ តែត្រូវទៅពិនិត្យមើលតើឈ្មោះរបស់ខ្លួននៅមានក្នុងបញ្ជីដែរឬទេ? ការពិនិត្យឈ្មោះនេះ ប្រជាពលរដ្ឋអាចធ្វើដំណើរទៅកាន់ឃុំ សង្កាត់ ឬអាចចូលទៅរកឈ្មោះតាមគេហទំព័ររបស់ គ.ជ.ប (https://voterlist.nec.gov.kh)។

សូមរំលឹកថា ការចុះឈ្មោះបោះឆ្នោតមានសារសំខាន់ខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋ ដើម្បីមានសិទ្ធិចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ នាឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាឆ្នាំ២០២៣។ ប្រសិនបើមិនបានចុះឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតដែលរៀបចំដោយ គ.ជ.ប ទេ ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមិនមានសិទ្ធិចូលរួមបោះឆ្នោតបានឡើយ។ដូច្នេះសូមប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលកើតមុន ឬត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០០៣ អញ្ជើញទៅចុះឈ្មោះបោះឆ្នោត និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។

...

សូមបញ្ជាក់ថា គ.ជ.ប តែងបានរៀបចំការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតជារៀងរាល់ឆ្នាំ ដើម្បីផ្តល់ឱកាសឱ្យពលរដ្ឋមានអាយុគ្រប់ ១៨ឆ្នាំ អាចចូលរួមបោះឆ្នោតបាន។ គ.ជ.ប បានឱ្យដឹងថា ក្នុងបញ្ជីបោះឆ្នោតចុងក្រោយ ត្រឹមឆ្នាំ២០១៩ មានប្រជាពលរដ្ឋចុះបញ្ជីបោះឆ្នោត ចំនួន ៨,៦២៩,៣៥៧នាក់។
សម្រាប់ឆ្នាំ២០២០នេះ ដោយយោងតាមស្ថិតិប្រជាពលរដ្ឋ និងចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មាន គ.ជ.ប មានផែនការចុះឈ្មោះអ្នកបោះឆ្នោតថ្មី ចំនួន ៣០០,៣៩០នាក់ថែមទៀត៕
ដោយ÷ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print