មន្ត្រីជាន់ខ្ពស់​ក្រសួងការពារជាតិ​អាមេរិក អះអាងថា៖ ការបង្កើន​ចំណាយ​ការពារជាតិ​របស់​តៃវ៉ាន់​មិនទាន់​គ្រប់គ្រាន់ ដើម្បី​ការការពារ​ពី​ការ​គំរាម​ដោយ​ចិន​ឡើយ​

ចែករំលែក៖

អន្តរជាតិ៖ ​លោក David Helvey ឧបការីស្ដីទីរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក​ទទួលបន្ទុក​តំបន់​អាស៊ី​ខាងកើត នៅ​ថ្ងៃទី​៦ ខែតុលាឆ្នាំ២០២០ បាន​អះអាងថា ការចំណាយ​ក្នុង​វិស័យ​ការពារជាតិ​របស់​តៃវ៉ាន់​សម្រាប់​ឆ្នាំ​២០២១ មានការ​កើនឡើង​រហូត​ដល់​ទៅជិត​១​ពាន់​លាន​ដុល្លារ​។​ លោក បន្ថែមថា ចំពោះការបង្កើន​ចំណាយ​ការពារជាតិ​របស់​តៃវ៉ាន់​មិនទាន់​គ្រប់គ្រាន់ ដើម្បី​ការការពារ​ពី​ការ​គំរាម​ដោយ​ចិន​ឡើយ​។

​ក្នុង​សន្និសីទ​ស្តីពី​ឧស្សាហកម្ម​យោធា​រៀបចំ​ដោយ​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-​តៃវ៉ាន់​នៅ​ថ្ងៃទី​៦ ខែតុលាថ្មីៗនេះ លោកឧបការីស្ដីទីរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក​រូបនេះ អះអាង​ថា បើទោះបីជា​សកម្មភាពរ​បស់​កងទ័ព​ចិន​ជាការ​ពិត និង​គ្រោះថ្នាក់ ក៏​មិនមែន​បានន័យថា មិន​ទប់ទល់​បានឡើយ ហើយ​តៃវ៉ាន់​វិនិយោគ​បែប​ឆ្លាត​វៃ និង​បង្ហាញ​ចិន​ថា សង្គម​តៃវ៉ាន់ និង​កងទ័ព​តាំងចិត្ត​យ៉ាង​មុតមាំ​ក្នុងការ​ការពារ​ទឹកដី​របស់ខ្លួន​។​ នេះ​បើ​យោងតាម​ការចុះផ្សាយរបស់សារព័ត៌មាន​Reuters​។

លោក David Helvey បានលើកឡើងចំពោះ​ការបង្កើន​ចំណាយ​យោធា​វិញ ដោយសង្កត់ធ្ងន់ថា៖ ការចំណាយ​របស់​តៃវ៉ាន់ កំពុងស្ថិត​ក្នុងទិសដៅ​ត្រឹមត្រូវ​។ ប៉ុន្តែ​លោក​បញ្ជាក់ថា ការចំណាយ​ទាំងនេះ​មិនទាន់​គ្រប់គ្រាន់​សម្រាប់​តៃវ៉ាន់​ក្នុងការ​ប្រើប្រាស់​កត្តា​ភូមិសាស្ត្រ បច្ចេកវិទ្យា​ទំនើប ធនធានមនុស្ស និង​ប្រជាជន ដើម្បី​ការការពារ​ដ៏​រឹងមាំ​ឡើយ​។

​មន្ត្រី​អាមេរិករូបនេះ ប្រាប់​ឲ្យ​តៃវ៉ាន់​ត្រូវ​ថ្លឹងថ្លែង​រវាង​ការវិនិយោគ​នូវ​អ្វី​ដែលមាន​ស្រាប់ ទល់នឹង​ការទិញ​ពី​បរទេស ពិសេស​ការបង្កើត​កង​ទ័ព​ជា​ក្រុម​តូចៗ​ដែលមាន​ស​ត្ថ​ភាព​ប្រយុទ្ធ​ខ្លាំង​ឲ្យ​បាន​ច្រើន​ក្រុម​។ បើតាម​លោក Helvey ការធ្វើ​បែបនេះ​នឹង​ផ្តល់​សញ្ញា​ឲ្យ​ចិន​ថា ការ​វាយយក​តៃវ៉ាន់ នឹងរង​ការខាតបង់​ច្រើន​។​

​ដើម្បី​ការពារ​ខ្លួន លោក Helvey ក៏​ផ្ដល់​ដំបូន្មាន​ឲ្យ​តៃវ៉ាន់​វិនិយោគ​លើ​មី​ស៊ី​ល​ប្រដេញ​ការពារ​ដែនសមុទ្រ​ឲ្យ​បាន​ច្រើន និង​ពង្រឹង​បច្ចេកវិទ្យា​ការពារ​ឆ្នេរ​ដូចជា​មីន ការការពារ​ដែនអាកាស​រយៈ​ចំងាយ​ខ្លី យន្តហោះ​ប្រតិកម្ម​រហ័ស កាំភ្លើង​ធំ និង​ការ​ស៊ើបការណ៍​ផងដែរ​។ លើសពីនោះតៃវ៉ាន់​ចាំបាច់​ណាស់​ត្រូវតែ​បង្ហាញ​ទៅ​ចិន និង​ពលរដ្ឋ​របស់ខ្លួន​ថា បើទោះបីជា​ប្រទេស​តូច និង​មាន​កងទ័ព​តិចក្តី តែ​តៃវ៉ាន់​អាច​គ្រប់គ្រង​សកម្មភាព និង​គាំទ្រ​ការការពារ​ជាតិ​បាន ។

ទាក់ទិននឹងសកម្មភាព​បង្កហេតុ​របស់​កងទ័ព​ចិន លោក David Helvey ក៏បានបញ្ជាក់ថា សកម្មភាព​របស់​កង​ទ័ព​ចិន ជាការ​ធ្វើតេស្ត​លើ​សមត្ថភាព និង​ការរៀបចំ​របស់​កងទ័ព​តៃវ៉ាន់​។

គួរបញ្ជាក់ថា កាលពី​ខែសីហា​កន្លងទៅ គណៈរដ្ឋមន្ត្រី​រដ្ឋមន្ត្រី​តៃវ៉ាន់​បានអនុម័ត​ថវិកា​១៥​ពាន់​លាន​ដុល្លារ​សម្រាប់​វិស័យ​ការពារជាតិ ធៀប​ទៅនឹង​១៤​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២០​។ ការបង្កើន​ចំណាយ​លើ​វិស័យ​យោធា​របស់​តៃវ៉ាន់​នេះ ធ្វើឡើង​បន្ទាប់ពី​ចិន​បាន​បង្កើន​សកម្មភាព​យោធា​ជិត​កោះ​តៃវ៉ាន់ ដែល​នាំ​ឲ្យ​តៃវ៉ាន់​បារម្ភ​ខ្លាច​ចិន​ប្រើប្រាស់​កម្លាំង​ដណ្តើមយក​កោះ​នេះ​នៅ​ថ្ងៃ​ខាងមុខ​​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print