នៅព្រឹកថ្ងៃទី៨ ខែតុលា លោក Philippe Rouleau អភិបាលក្រុង Herblay ស្ថិតនៅភាគខាងជើងប្រទេសបារាំង បានបញ្ជាក់ថា មានករណីបាញ់ប្រហារកាលពីយប់ថ្ងៃទី៧ ខែតុលា ទៅលើកម្លាំងប៉ូលិសបណ្តាលឲ្យប៉ូលិសពីរនាក់រងរបួស។
លោក Philippe Rouleau បានបញ្ជាក់ថា ក្នុងចំណោមប៉ូលិសទាំងពីរនាក់ដែលរងរបួស មានម្នាក់រងរបួសធ្ងន់ ។ កម្លាំងសន្តិសុខកំពុងតែស្វែងរកចាប់ខ្លួនជនដៃដល់ ហើយមូលហេតុបណ្តាលឲ្យមានករណីបាញ់ប្រហារខាងលើមិនទាន់ដឹងនៅឡើយទេ។
ស្ថានភាពបទល្មើសដែលមានទំនាក់ទំនងជាមួយក្រុមភេរវកម្មនៅលើទឹកដីបារាំងត្រូវបានចាត់ទុកជាឧបសគ្គដ៏ធំសម្រាប់ប្រធានាធិបតី ម៉ាក្រុង។
កាលពីចុងខែកញ្ញាកន្លងមក មានករណីវាយប្រហារដោយកាំបិត នៅមុខការិយាល័យនិពន្ធកាសែតត្លុករបស់បារាំង Charlie Hebdo ស្ថិតនៅខណ្ឌទី១១ក្នុងទីក្រុងបារីស បណ្តាលឲ្យមនុស្ស៤នាក់រងរបួស ក្នុងនោះមានពីរនាក់របួសធ្ងន់។
ការវាយប្រហារនោះបានកើតឡើងចំពេលតុលាការកំពុងកាត់ទោសជនជាប់ពាក់ព័ន្ធការបាញ់ប្រហារCharlie Hebdo កាលពី៥ឆ្នាំមុន បណ្តាលឲ្យមនុស្ស១២នាក់ស្លាប់។ ក្រោយហេតុការណ៍នោះមានករណីបាញ់ប្រហារជាបន្តបន្ទាប់ទៀតទូទាំងប្រទេសបារាំង សម្លាប់មនុស្សដល់ទៅ២៥០នាក់ រហូតមកទល់ពេលនេះ៕ ដោយ៖ធីរីណា