មហាអំណាចពិភពលោក កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ បានព្រមព្រៀងគ្នាជាឯកច្ឆន្ទលើកិច្ចព្រមព្រៀងឈប់បាញ់រយៈពេលមួយសប្តាហ៍នៅទូទាំងប្រទេសស៊ីរី ដើម្បីសកម្មភាពផ្តល់ជំនួយមនុស្សធម៌ ។ ការព្រមព្រៀងនេះបានធ្វើឡើងនៅក្នុងកិច្ចព្រមប្រជុំមួយៅទីក្រុង មូនិក ក្នុងគោលបំណងស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាមស៊ីវិលដែលអូសបន្លាយពេលជាង៥ឆ្នាំកន្លងមកនោះ ។
លោកចន ឃើរី រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក រួមជាមួយលោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី សឺហ្គេយ៍ ឡៅរ៉ូវ បានថ្លែងថា ប្រទេសទាំង១៧ បានព្រមព្រៀងគ្នាជាឯកច្ឆន្ទដើម្បីអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់នៅទូទាំងប្រទេស ក្នុងរយៈពេល១សប្តាហ៍ ។
ក្រុមផ្តល់ជំនួយស៊ីរីអន្តរជាតិក៏បានគាំទ្រកិច្ចព្រមព្រៀងឈប់បាញ់នេះផងដែរ ហើយបានពន្លឿនសកម្មភាពផ្តល់ជំនួយមនុស្សធម៌ភ្លាមៗ ។ ការផ្តល់ជំនួយមនុស្សធម៌ចាប់ផ្តើមនៅក្នុងសប្តាហ៍នេះ ដោយឆ្ពោះទៅកាន់គោលដៅដែលត្រូវការជំនួយមនុស្សបន្ទាន់បំផុតនោះមុនគេ និងបន្តបន្ទាប់មកទៀត ទៅកាន់ទីតាំងពលរដ្ឋដែលត្រូវការជំនួយមនុស្សធម៌នៅទូទាំងប្រទេសស៊ីរីតែម្តង ។
សង្គ្រាមនៅក្នុងប្រទេសស៊ីរី រហូតមកដល់ពេលនេះត្រូវគេប៉ាន់ប្រមាណថា បានបណ្តាលឲ្យមនុស្ស២៦០.០០០នាក់បាត់បង់ជីវិត ។
រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក ចន ឃើរី បានថ្លែងថា កិច្ចពិភាក្សាដើម្បីសន្តិភាពរវាងក្រុមប្រឆាំង នឹងរបបរដ្ឋាភិបាលលោកបាសា អាល់អាសាដអាចនឹងបន្តកើតឡើងក្នុងពេលឆាប់ៗខាងមុខនេះ ។ ប៉ុន្តែ លោក ឃើរី បានព្រមានថា អ្វីដែលយើងមាននៅពេលនេះ គឺពាក្យពេជន៍នៅលើក្រដាសតែប៉ុណ្ណោះ ហើយអ្វីដែលលោកចង់ឃើញនៅពេលខាងមុខ គឺសកម្មភាពជាក់ស្តែងតែម្តង ៕