ជនរងគ្រោះរហូតដល់បាត់បង់ជីវិត ក្នុងហេតុការណ៍រញ្ជួយដីនៅតៃវ៉ាន់បានកើនឡើង៩៤នាក់ ។ ប្រភពប៊ីប៊ីស៊ីបានស្រង់ប្រភពពីមន្ត្រីតៃវ៉ាន់ផ្សព្វផ្សាយកាលពីថ្ងៃទី១២ ខែកុម្ភៈ ថា ការរញ្ជួយដីដែលមានកម្លាំងខ្លាំងនៅទីក្រុង Tainan ប្រទេសតៃវ៉ាន់ កាលពីថ្ងៃសុក្រ សប្តាហ៍មុននោះ មកទល់ពេលនេះ ជនរងគ្រោះដែលបាត់បង់ជីវិតបានកើនឡើងរហូតដល់៩៤នាក់ហើយ ។
ក្រុមជួយសង្គ្រោះតៃវ៉ាន់ នៅតែបន្តសកម្មភាពស្វែងរកជនរងគ្រោះដែលនៅបាត់ខ្លួនទាំងអស់៣០នាក់នោះដដែល ប៉ុន្តែបានសម្តែងការអសង្ឃឹមក្នុងចិត្តថា បើទោះជារកឃើញជនរងគ្រោះទាំងនេះក៏ដោយ ក៏ពួកគេទំនងជាពុំមានជីវិតរស់នៅឡើយ ។
កាលពីថ្ងៃទី១២ ខែកុម្ភៈ ប្រធានាធិបតីថ្មីតៃវ៉ាន់ ដែលទើបជ្រើសរើសថ្មីបានចូលរួមពិធីបុណ្យកាន់ទុក្ខ រៀបចំឡើងដោយក្រុមគ្រួសារសាច់សាលោហិតជនរងគ្រោះក្នុងហេតុការណ៍រញ្ជួយដីផងដែរ ។
ក្នុងចំណោមជនរងគ្រោះដែលបាត់បង់ជីវិតទាំងអស់ លើកលែងតែមនុស្ស២នាក់ចេញ គឺបានរងគ្រោះរហូតបាត់បង់ជីវិតស្ថិតនៅក្នុងអគារតែមួយក្នុងទីក្រុង Tainan ដែលបានរលំទាំងស្រុងនោះ ។