ខេត្តបាត់ដំបង៖ ក្មេងទំនើង១១នាក់ និងម៉ូតូ១១គ្រឿងក្នុងចំណោមក្មេងទំនើងជាង៣០នាក់ជិះម៉ូតូជាច្រើនគ្រឿងបានផឹកស្រាស្រវឹងបើកម៉ូតូប្រណាំងគ្នាតាមដងផ្លូវផ្អើលអ្នកខេត្តបាត់ដំបងទាំងយប់បង្កឱ្យប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈត្រូវបានកម្លាំងនគរបាលអន្តរាគមន៍ពិសេសនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដេញបង្ក្រាបចាប់ខ្លួនបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីយកមកសាកសួរគ្រាដែលកម្លាំងសមត្ថកិច្ចខេត្តបាត់ដំបងកំពុងតែចាត់វិធានការយ៉ាងតឹងរឹងពង្រឹងសន្តិសុខគ្រប់ច្រកល្អកទាំងយប់ទាំងថ្ងៃដើម្បីទប់ស្កាត់អំពើប្លន់ប្រដាប់អាវុធដោយអនុវត្តតាមផែនការ និងបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង។
កម្លាំងនគរបាលអន្តរាគមន៍ពិសេសបង្ក្រាបក្មេងទំនើងទាំងនោះធ្វើឡើងកាលពីវេលាម៉ោង១២យប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុច ដើមពោធិ៍ នាគបាញ់ទឹក ស្ថិត ក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
ជុំវិញនៃការឃាត់ខ្លួនក្មេងទំនើងទាំង១១នាក់ខាងលើ លោកអនុសេនីយ៍ទោ ទួត សំណាង ប្រធានក្រុមនគរបាលអន្តរាគមន៍ពិសេសបានប្រាប់ឱ្យដឹងថា មុនកម្លាំងនគរបាល បង្ក្រាបក្មេងទំនើងខាងលើកម្លាំងនគរបាលអន្តរាគមន៍ពិសេសបានដាក់ពង្រាយតាមដងផ្លូវនៅត្រង់ចំណុចសំខាន់ៗដើម្បីការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅពេលយប់។ លុះបន្ទាប់មកស្រាប់តែមានក្មេងទំនើងជាង៣០នាក់ម៉ូតូជាច្រើនគ្រឿងបានជិះម៉ូតូឌុបគ្នាចេញពីកន្លែងផឹកស៊ីហើយបើកប្រណាំងដេញគ្នាយ៉ាងប្រសាចពេញផ្លូវលាន់សម្លេងម៉ូតូយ៉ាងទ្រហឹងបង្កឱ្យភ្ញាក់ផ្អើលដល់អ្នកខេត្តបាត់ដំបង។ នៅពេលនោះកម្លាំងនគរបាលអន្តរាគមន៍ពិសេសក្រោមការបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង ក៏ធ្វើការ ប្រដេញចាប់បានពួកក្មេងទំនើងបាន១១នាក់ និងម៉ូតូ១១គ្រឿង ចំណែកបក្ខពួកគេមួយចំនួនទៀតបើករត់គេចខ្លួនបាត់អស់។
លោកបានបញ្ជាក់ឱ្យដឹងទៀតថានៅពេលដែលសមត្ថកិច្ចបញ្ជូនក្មេងទំនើងទាំងនោះមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងសមត្ថកិច្ច ត្រួតពិនិត្យរក ឃើញថាពួកគេ បានផឹក ស្រាស្រវឹងមានផ្ទុកជាតិអាល់កុលខ្ពស់ និងម៉ួតូអត់ដាក់ កញ្ចក់ និងអត់ពាក់មួកសុវត្ថិភាព។ ពួកគេបើកបរ ខុសនិងច្បាប់ ចរាចរណ៍ផ្លូវគោករហូត ដល់៣ចំណុច។ សមត្ថកិច្ចបានឱ្យពួកគេ ទៅយកកញ្ចក់ និងមួកសុវត្ថិភាពមកបំពាក់ឱ្យបាន ត្រឹមត្រូវឡើងវិញសមត្ថកិច្ច ក៏បានធ្វើការ អប់រំនិងឱ្យពួកគេធ្វើកិច្ចសន្យាបញ្ឍប់សកម្មភាពបង្កប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈបែបនោះតទៅទៀត បើថ្ងៃក្រោយមិនរាងចាលនៅបន្តសកម្មភាព សមត្ថកិច្ចឃាត់ខ្លួនជាលើកទី២ ត្រូវ យកទៅអនុវត្តតាមផ្លូវច្បាប់ ក្មេងទំនើងទាំង ១១នាក់ ក៏ត្រូវដោះលែងដោយមានការធានាពីអាណាព្យាបាលផងដែរ៕
ដោយ៖ សំ វិច្ឆិកា