រថយន្ត SCION បុកម៉ូតូហុងដាសង់ប៊ិកបណ្តាលឲ្យបុរសម្នាក់របួសធ្ងន់ រួចព្យាយាមបើករត់ផ្អើលដល់ពលរដ្ឋដេញចាប់បានមកវិញ

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់សង្ស័យស្រវឹងស្រាបានបើករថយន្តម៉ាក​ SCION មួយគ្រឿងទៅបុកម៉ូតូហុងដាសង់ប៊ិកដែលជិះដោយបុរសម្នាក់​ក្នុងទិសដៅបញ្ច្រាសគ្នាពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ រួចព្យាយាមបើករត់រាប់រយម៉ែត្រផ្អើលដល់ប្រជាពលរដ្ឋដេញចាប់បានប្រគល់ជូនសមត្ថកិច្ច​ កាលពីវេលាម៉ោង១២រំលងអធ្រាត្រ​ ឈានចូលថ្ងៃទី១០​ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២០០៤​ ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ។

​ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាក SCION ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2AN-4058ក្នុងទិសដៅពីត្បូងទៅជើង​ លុះមកដល់ចំណុចកើតហេតុខាងលើបានបុកជាមួយម៉ូតូមួយគ្រឿងម៉ាកហុងដា សង់ប៊ិក ពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ1CH-4082ជិះដោយបុរសម្នាក់ក្នុងទិសដៅបញ្ច្រាសគ្នាពីជើងទៅត្បូង​ ចំផ្នែកខាងស្ដាំខាងមុខរថយន្តពេញទំហឹងបណ្ដាលឲ្យដួលបោកនឹងថ្នល់រងរបួសធ្ងន់។​ ភ្លាមនោះម្ចាស់រថយន្តមិនបានឈប់នៅកន្លែងកើតហេតុទេ​ ដោយបានព្យាយាមបើករត់រាប់រយម៉ែត្រតែត្រូវបានប្រជាពលរដ្ឋដែលឃើញហេតុការណ៍នេះបាននាំគ្នាដេញចាប់បានរថយន្តនិងអ្នកបើកបរប្រគល់ជូនសមត្ថកិច្ចភ្លាមៗ រួចបញ្ជូនខ្លួនតៃកុងរថយន្តតាមរថយន្តមួយគ្រឿងទៀតទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យសួរនាំបន្តនិងទុកប្រគល់ជូនសមត្ថកិច្ចជំនាញ។

​ ក្រោយកើតហេតុ​ ជនរងគ្រោះត្រូវរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ​ ចំណែករថយន្តនិងម៉ូតូត្រូវសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ដោយ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print