សមត្ថកិច្ចចុះពិនិត្យសពលង់ទឹកស្លាប់នៅស្រុកក្រគរ១ករណីទៀតបន្ទាប់ពី២ថ្ងៃមុនមានអ្នកលង់ទឹកស្លាប់៣នាក់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ប៉ុន្មានថ្ងៃមកនេះមានករណីលង់ទឹកបណ្ដាលឲ្យស្លាប់ដល់ទៅចំនួន៤នាក់ ក្នុងនោះដូចជានៅព្រឹកថ្ងៃសុក្រ ៧រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០  សមត្ថកិច្ចសហការចុះពិនិត្យ និងស្រាវជ្រាវសពលង់ទឹកម្នាក់ទៀត ខណៈកាលពីថ្ងៃទី៧ខែតុលាកន្លងទៅមានអ្នកលង់ទឹកស្លាប់រហូតដល់ទៅចំនួន៣នាក់ផ្សេងគ្នាទៀតដែរនោះ ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា សមត្ថកិច្ចមូលដ្ឋានបានសហការចុះពិនិត្យ និងស្រាវជ្រាវសពលង់ទឹកខាងលើ នៅត្រង់ចំណុចក្បែរផ្លូវចូលផ្ទះស្រ្តីជាម្ដាយ ជនរងគ្រោះស្ថិតនៅភូមិអារ៉ងព្រួច ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

 សពជនរងគ្រោះឈ្មោះ ឃឿន ប៊ុនធឿន ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅជាមួយស្រ្តីជាម្ដាយឈ្មោះ យ៉ែម យឹម អាយុ ៦២ឆ្នាំ ជនជាតិខ្មែរ រស់នៅ.ឃុំកើតហេតុខាងលើ ។

 ស្រ្តីជាម្ដាយបានរៀបរាប់ប្រាប់សមត្ថកិច្ចថា កូនប្រុសរងគ្រោះមានជំងឺសរសៃប្រសាទ ហើយជារៀងរាល់យប់តែងធ្វើទុក្ខរវើរវាយរហូត។លុះព្រឹកព្រលឹមថ្ងៃកើតហេតុនេះ ស្រាប់អ្នកភូមិឈ្មោះ ហែម ចន្ថា ភេទស្រី អាយុ ២៣ឆ្នាំ មកប្រាប់ថាពូធឿនលង់ទឹកស្លាប់ហើយ គាត់(ម្ដាយ)ក៏រត់ទៅមើលឃើញកូនស្លាប់ពិតមែនដោយលង់ទឹកដែលអាចលង់ស្លាប់តាំងពីពាក់កណ្ដាលអធ្រាត្រមកម្ល៉េះ ។

ប្រភពដដែលបន្តទៀតថា ក្រោយទទួលព័ត៌មាននេះភ្លាមសមត្ថកិច្ចជំនាញបានចុះទៅធ្វើកោសល្យវិច័យហើយជាលទ្ធផល ពិនិត្យជាក់ស្ដែងលើខ្លួនប្រាណសព ពុំឃើញមានស្លាកស្នាមអ្វីគួរឲ្យសង្ស័យជាអំពើឃាតកម្មអ្វីទេ។ក្រោយមក សពបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ដោយ៖ បុឹម ពិន

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print