លោក អំ សំអូន សមាជិកក្រុមប្រឹក្សាខេត្តកណ្តាលនិងជា «ម្ចាស់គម្រោងដីឡូត៍ក្រុងតាខ្មៅថ្មី» បន្តរស់នៅក្រៅសំណាញ់ច្បាប់យ៉ាងរំភើយ ខណៈមិនបានធ្វើប្លង់រឹងជូនពលរដ្ឋតាមការសន្យាជាង២ឆ្នាំមកហើយក្តី

ចែករំលែក៖

ខេត្តកណ្តាល៖ ប្រជាពលរដ្ឋជាច្រើននាក់ រស់នៅភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល និងជាអតិថិជនដែលបានទិញដីឡូត៍ពីលោក អំ សំអូន សមាជិកក្រុមប្រឹក្សាខេត្តកណ្តាល និងជា «ម្ចាស់គម្រោងដីឡូត៍ក្រុងតាខ្មៅថ្មី» បានទាមទារឱ្យលោក អំ សំអូន ធ្វើប្លង់រឹងជូនពលរដ្ឋតាមការសន្យា ព្រោះខកខានរយៈពេលជាង២ឆ្នាំមកហើយ រហូតមានការប្រមូលផ្តុំគ្នានៅមុខសាលាខេត្តកណ្តាលកាលពីពេលថ្មីៗនេះផងដែរ ដើម្បីទាមទារដំណោះស្រាយពីលោកអភិបាលខេត្តកណ្តាល ។

លោក រឿន រ៉ែន តំណាងប្រជាពលរដ្ឋ បានថ្លែងប្រាប់ថា រហូតមកទល់ពេលនេះ ប្រជាពលរដ្ឋនៅពុំទាន់ទទួលបានដំណោះស្រាយពីអាជ្ញាធរនៅឡើយទេ ខណៈលោកអភិបាលខេត្តកណ្តាល ក៏ពុំទាន់អញ្ជើញប្រជាពលរដ្ឋដើម្បីជួបចរចាបញ្ហានេះនៅឡើយដែរ ។

លោក រឿន រ៉ែន បន្តថា ប្រជាពលរដ្ឋបានដាក់ញត្តិជូនខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រួចរាល់ហើយ ដើម្បីឱ្យសម្តេចជួយធ្វើអន្តរាគមន៍បញ្ហានេះ ។ តំណាងពលរដ្ឋ បន្តថា លោក អំ សំអូន គឺមានចេតនាមិនធ្វើប្លង់រឹងជូនប្រជាពលរដ្ឋតាមការសន្យា ឡើយ ។

ឆ្លើយតបចំពោះបញ្ហានេះ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានថ្លែងប្រាប់កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅថា អាជ្ញាធរកំពុងពិនិត្យលើឯកសារពាក់ព័ន្ធ ហើយនឹងអញ្ជើញប្រជាពលរដ្ឋមកជួបពិភាក្សាគ្នា ជុំវិញបញ្ហានេះនាពេលខាងមុខ។

យោងតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ បានឱ្យដឹងថា លោក អំ សំអូន បានទទួលប្រាក់ពីប្រជាពលរដ្ឋទាំងអស់គ្នា ខ្លះបានផ្តល់ឱ្យគ្រប់ចំនួន រីឯខ្លះទៀតនៅសល់បន្តិចបន្តួច កំពុងចាំទទួលបានប្លង់រឹងទើបប្រគល់ប្រាក់បង្គ្រប់ ។

គ្រប់ដីឡូត៍នីមួយៗ គឺទទួលបានការសន្យាពីឈ្មោះ សុខ វិចិត្រ ដែលជាតំណាងលោក អំ សំអូន ថា រយៈពេល៣ទៅ៦ខែ នឹងទទួលបានបណ្ណកម្មសិទ្ធិប្លង់រឹង ក្រោមការរៀបចំឯកសារកាត់ប្លង់ និងចេញបង្កាន់ដៃដោយលោក ម៉ែន សាមិទ្ធ មន្ត្រីសុរិយោដីស្រុកស្អាង ។
ប៉ុន្តែមកដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ ប្រជាពលរដ្ឋនៅតែពុំទាន់ទទួលបានបណ្ណកម្មសិទ្ធិប្លង់រឹងនៅឡើយទេ ៕ ដោយ៖ ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print