នគរបាលច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ខេត្តរតនគិរី លួចដោះលែងសត្វត្រកួតប្រហែល៥០ក្បាលនិងជ្រូកព្រៃ២ក្បាលជាថ្នូរនឹងលាភសក្ការៈ

ចែករំលែក៖

ខេត្តរតនគិរី៖ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០នេះ តាមរយៈសារពីមន្ត្រីច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ខេត្តរតនគិរី ដែលបានផ្ញើមកកាន់អង្គភាពសារព័ត៌មានយើងបានបង្ហើបប្រាប់ថា លោកវរសេនីយ៍ឯក កែវ តាយ នាយប៉ុស្តិ៍ ស្តីទីនៃប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ខេត្តរតនគិរី និងជាមនុស្សជំនិតរបស់លោកមេប៉ុស្តិ៍ វរសេនីយ៍ឯក ខឹម ចិត្ត្រា បានធ្វើការដោះលែងសត្វត្រកួតប្រហែល៥០ក្បាលនិងជ្រូកព្រៃ២ក្បាល ហើយបានឱ្យនាំចេញទៅប្រទេសវៀតណាម ។

មន្ត្រីដដែលបង្ហើបក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា មន្ត្រីថ្នាក់ក្រោមខំប្រឹងចាប់ តែបែរជាលោកវរសេនីយ៍ឯក កែវ តាយ នាយប៉ុស្តិ៍ស្តីទីនៃប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ខេត្តរតនគិរី មិនបានប្រគល់ទៅឱ្យសមត្ថកិច្ចជំនាញនោះទេ ។

ដំណើររឿងនៃបញ្ហានេះ ត្រូវបានមន្ត្រីនៅទីនោះបន្តអះអាងថា នៅវេលាម៉ោង១០ៈ៤០នាទី ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចរបស់ប៉ុស្តិ៍នគរបាលព្រំដែនអន្តរជាតិអូរយ៉ាដាវ មានលោកវរសេនីយ៍ទោ រំចំ ជីព និង លោកវរសេនីយ៍ទោ ឆេក គន្ធា ព្រមកម្លាំងនគរបាលវរការពារព្រំដែន២នាក់ បានចុះល្បាតតាមខ្សែបន្ទាត់ព្រំដែន ។ ពេលមក
ដល់ចំណុចបង្គោលឡាក់លេខ២៩,២ បានពើបប្រទះឃើញជនល្មើសដឹកសត្វព្រៃបម្រុងនាំចេញទៅវៀតណាម ទើបកម្លាំងធ្វើការព័ទ្ធចាប់បានដែលមានសត្វត្រកួតប្រហែល៥០ក្បាលនិងជ្រូកព្រៃ២ក្បាល ។ ចំណែកអ្នកដឹករត់បាត់ ។ ពេលនោះ កម្លាំងបានទូរស័ព្ទទៅលោកវរសេនីយ៍ឯក កែវ តាយ នាយប៉ុស្តិ៍ស្តីទីនៃប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ខេត្តរតនគិរី ដើម្បីយកកម្លាំងមកបន្ថែមនិងយកឡានមកដឹកសត្វព្រៃយកទៅអង្គភាព ហើយទម្លាក់ទុកនៅខាងក្រោយអង្គភាព ។

លុះដល់វេលាម៉ោង១១ៈ៣០នាទី លោក កែវ តាយ ក៏ត្រឡប់ទៅផ្ទះគាត់ ហើយអ្នករត់ការក៏ជិះម៉ូតូទៅតាមក្រោយគាត់ដែរ ។ រហូតមកម៉ោង១២ ស្រាប់តែលោក កែវ តាយ បានបញ្ជាឱ្យដោះលែងវិញហើយបានប្រាប់អ្នករត់ការឱ្យយកលុយទៅឱ្យកម្លាំងនគរបាលវរការពារព្រំដែនចំនួន១០ម៉ឺនរៀលទៅដើម្បីបញ្ចប់រឿង តែនគរបាលវរការពារមិនព្រមយកលុយនោះទេ ។

មន្ត្រីដដែលបង្ហើបប្រាប់ទៀតថា លោក កែវ តាយ ធ្វើដូច្នេះ កម្លាំងមន្ត្រីនគរបាលដែលខិតខំស្ទាក់ចាប់នោះអស់មានទឹកចិត្តក្នុងការបំពេញការងារហើយ ហើយក៏មិនបានសហការប្រគល់ឱ្យទៅសមត្ថកិច្ចជំនាញបន្តដែរ ។
សូមបញ្ជាក់ថា លោក កែវ តាយ និង ប្រពន្ធជាជនជាតិវៀតណាម ហើយក៏ជាឈ្មួញរកស៊ីរបរគ្រប់ប្រភេទប្រចាំនៅច្រកទ្វារព្រំដែនអូរយ៉ាដាវ ផងដែរ ។

បញ្ហានេះ សង្ឃឹមថា ថ្នាក់ដឹកនាំនឹងមានការស៊ើបអង្កេតបញ្ហាប្រព្រឹត្តអំពើពុករលួយនេះផង ៕ ដោយ៖ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print