សមត្ថកិច្ចយកជនសង្ស័យដែលសម្លាប់យុវជនម្នាក់កាលពី៨ខែមុនមកធ្វើត្រាប់ពីសកម្មភាពដែលបានសម្លាប់

ចែករំលែក៖

ខេត្តកណ្ដាល៖ក្រោយពីធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ក្រោមការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ទោឈឿន​សុចិត្ត​ ស្នងការនគរបាលខេត្តកណ្ដាល​ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងនគរបាលស្រុកកោះធំ និងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឃាត់ខ្លួនជនសង្ស័យដែលសម្លាប់យុវជនម្នាក់កាលពី៨ខែមុន​បាននៅថ្ងៃទី៨ ខែតុលា​ឆ្នាំ២០២០ នៅចំណុចភូមិសែនបន ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។បន្ទាប់ពីធ្វើការឃាត់ខ្លួនបានហើយ នៅព្រឹកថ្ងៃទី១០ ខែតុលា​ ឆ្នាំ២០២០នេះ ជនសង្ស័យត្រូវបានសមត្ថកិច្ចយកមកឱ្យធ្វើត្រាប់ពីសកម្មភាពដែលខ្លួនបានសម្លាប់ជនរងគ្រោះនៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ដែលករណីនេះ បានកើតឡើងឡើងកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចខាងកើតទំនប់ទទឹងថ្ងៃ ស្ថិតក្នុងភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល។

    មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានឈ្មោះ វិច ឆៃ ភេទប្រុស អាយុ២៣ឆ្នាំ សញ្ជាតិខ្មែរ  មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល។ ចំណែកជនរងគ្រោះឈ្មោះ ផន សុខខន (ហៅ អឹប) ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល។ 

    ប្រភពដដែលបន្តថា មុននឹងឈានដល់ការចាប់ខ្លួនជនសង្ស័យជាឃាតកនេះ កាលពីអំឡុងខែឆ្នាំកើតហេតុ ក្រុមគ្រួសារជនរងគ្រោះ បានបាត់ជនរងគ្រោះ ដោយពុំឃើញត្រឡប់មកផ្ទះវិញ ក៏ទៅដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីស្វែងរក។ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីក្រុមគ្រួសារជនរងគ្រោះរួច កម្លាំងនគរបាលស្រុកកោះធំ បានរាយការណ៍បន្តទៅនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល រួចធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតអស់រយៈពេលជាង៨ខែ ជាលទ្ធផលដឹងថា ជនរងគ្រោះស្លាប់ដោយអំពើឃាតកម្ម រួចកំណត់មុខសញ្ញាជនដៃដល់ជាឃាតកដែលព្យាយាមទៅរស់នៅខេត្តតាកែវ ហើយកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ រួមទាំងកម្លាំងជំនាញពាក់ព័ន្ធ ដោយមានការសហការជាមួយកម្លាំងនគរបាលស្រុកកោះធំ និងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ​ ក្រោមការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត​ ស្នងការនគរបាលខេត្តកណ្ដាល​ និងមានការសម្របសម្រួលនីតិវិធីពីលោក ជីវ ចាន់តារា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តតាកែវ និងលោក ទិន សុចិត្រា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត

ខេត្តកណ្ដាល​ ចាប់ខ្លួនជនសង្ស័យជាឃាតកបាននៅថ្ងៃទី៨ ខែតុលា​ ឆ្នាំ២០២០ នៅចំណុចភូមិសែនបន ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ រួចហើយបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ហើយយកជនសង្ស័យនោះមកធ្វើត្រាប់ពីសកម្មភាពដែលខ្លួនបានសម្លាប់ជនរងគ្រោះ។ 

    យោងតាមចម្លើយសារភាពរបស់ជនសង្ស័យបានឲ្យដឹងថា ខ្លួនពិតជាបានចូលរួមធ្វើសកម្មភាពសម្លាប់ទៅលើជនរងគ្រោះឈ្មោះ ផន សុខខន (ហៅ អឹប) ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាលប្រាកដមែន និងបានអូសយកសាកសពទៅកប់ចោល នៅក្នុងចម្ការស្វាយ ត្រង់ព្រំប្រទល់ដីរបស់ឈ្មោះ សល់ និងឈ្មោះ ប្រុស ស្ថិតនៅខាងកើតទំនប់ទទឹងថ្ងៃ រំលង៣

ក្បាលដី ស្ថិតក្នុងភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ។ ការសម្លាប់ទៅលើឈ្មោះ ផន សុខខន នោះគឺ មិត្តភក្តិខ្លួនឈ្មោះ ដូយ ផៃ (ហៅនិល) ភេទប្រុស អាយុ២៥ឆ្នាំ ជាអ្នកសម្លាប់នៅពេលដែលពួកគេទាំង៣នាក់កំពុងជក់គ្រឿងញៀនជាមួយគ្នា ដោយកាលនោះគឺឈ្មោះ ដូយ ផៃ បានខឹងទៅលើផន សុខខន ថា បឺតជក់យូរជាងគេ រួចក៏បានចាប់សក់ក្បាលបោកទៅក្រោយបុកទៅនិឹងគល់ស្វាយបណ្ដាលឲ្យស្លាប់តែម្តង។

សូមបញ្ជាក់ដែរថា ពេលនាំជនសង្ស័យទៅធ្វើត្រាប់ពីសកម្មភាពសម្លាប់នោះ កម្លាំងសមត្ថកិច្ចក៏បាននាំជនសង្ស័យទៅបង្ហាញកន្លែងកប់សពជនរងគ្រោះផងដែរ៕ ស្អាង ជ័យ

...

       

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print