រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានបញ្ជាក់ថាប្រទេសអាហ្ស៊ែបៃហ្សង់ និងអាមេនី បានព្រមព្រៀងគ្នាឈប់បាញ់ចាប់ពីពាក់កណ្តាលយប់ថ្ងៃទី១០ខែតុលាដើម្បីស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាម។
អគារជាច្រើនបានរងការបំផ្លាញក្នុងសង្គ្រាមរវាងកម្លាំងទាហាន Armenia និងAzerbaijanក្នុងទីក្រុង Stepanakert ក្នុងតំបន់Nagorny-Karabakh ដែលមានវិវាទ។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោកSergei Lavrov បានបញ្ជាក់ថា ប្រទេសទាំងពីរបានព្រមព្រៀងគ្នាឈប់បាញ់នៅពាក់កណ្តាលយប់ថ្ងៃទី១០ ខែតុលា ដើម្បីស្វែងរកដំណោះស្រាយជាបន្ត ក្រោមការដឹកនាំរបស់រុស្ស៊ី។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបន្តទៀតថា ភាគីទាំងពីរបានព្រមព្រៀងគ្នា ចាប់ផ្តើមពិភាក្សាជាផ្លូវការស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាម។ កាលពីថ្ងៃទី៩ ខែតុលាកន្លងមកអាមេនី និងអាហ្ស៊ែបៃហ្សង់ បានយល់ព្រមទៅកាន់ប្រទេសរុស្ស៊ីដើម្បីពិភាក្សាស្វែងរកដំណោះស្រាយ តាមការអំពាវនាវរបស់ប្រធានាធិបតីរុស្ស៊ីលោកពូទីន កាលពីថ្ងៃទី៨ខែតុលា។
មុនពេលឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ប្រទេសទាំងពីរបានពិភាក្សារយៈពេល១០ម៉ោង ក្នុងប្រទេសរុស្ស៊ី។ ប៉ុន្តែមុនពេលបទឈប់បាញ់ចូលជាធរមាន កម្លាំងទាហានប្រទេសទាំងពីរបានបង្កើនការវាយប្រហារទៅលើទីតាំងរបស់ភាគី ។ សង្គ្រាមរវាងប្រទេសទាំងពីរ បានផ្ទុះឡើងនៅថ្ងៃទី ២៧ ខែកញ្ញា រហូតដល់មកទល់ពេលនេះ សម្លាប់មនុស្សជាង ៤០០នាក់ រួមទាំងពលរដ្ឋស្លូតត្រង់៕