អន្តរជាតិ៖ ក្រុមបាតុកម្មនៅក្នុងទីក្រុងហ្សាការតារាប់ពាន់នាក់បានចេញមកប្រឆាំងនឹងច្បាប់បង្កើតការងារថ្មីរបស់រដ្ឋាភិបាលឥណ្ឌូណេស៊ី បានធ្វើឡើងរយៈពេល៣ថ្ងៃជាប់គ្នាហើយ បើគិតត្រឹមថ្ងៃទី៨ ខែតុលាថ្មីៗនេះ ស្របពេលវិធានការរឹតត្បិត និងបង្ការ COVID-19 កំពុងអនុវត្តនៅក្នុងទីក្រុង។ មិនតែប៉ុណ្ណោះ ច្បាប់នេះ បង្កការមិនពេញចិត្តខ្លាំងពីសំណាក់ប្រជាជនឥណ្ឌូណេស៊ី ព្រោះកាត់បន្ថយអត្ថប្រយោជន៍របស់កម្មករនិយោជិកដែលត្រូវទទួលបានពីការងារ។ បន្ទាប់ពីក្រុមសកម្មជនចំនួន១៥ នៅថ្ងៃទី៥ ខែតុលា កន្លងទៅ បានអំពាវនាវឲ្យកម្មករនិយោជិកឥណ្ឌូណេស៊ី ចូលរួមធ្វើបាតុកម្មចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែតុលា ដើម្បីឲ្យរដ្ឋាភិបាលលុបចោលច្បាប់នេះ។
បើតាមទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយថា៖ «ច្បាប់បង្កើតការងារ» ត្រូវបានសភាឥណ្ឌូណេស៊ីអនុម័តនៅថ្ងៃទី៥ ខែតុលាមកម្លេះដើម្បីកែលម្អបរិយាកាសវិនិយោគ ច្បាប់ការងារ និងបរិស្ថាននៅក្នុងប្រទេស ក្នុងគោលបំណងប្រកួតប្រជែងជាមួយបណ្តាប្រទេសដទៃទៀត ទាក់ទាញអ្នកវិនិយោគបរទេស និងបង្កើតការងារ។ ច្បាប់បង្កើតការងារនេះ ក៏ជាការធ្វើកំណែទម្រង់សេដ្ឋកិច្ចឥណ្ឌូណេស៊ីដែលកំពុងតែរងគ្រោះដោយសារជំងឺ COVID-19 ផងដែរ។
ជាក់ស្តែងនៅថ្ងៃទី៨ ខែតុលា ប៉ូលីសជិត ១៣០០០នាក់ត្រូវបានបញ្ជូនឲ្យមកគ្រប់គ្រងស្ថានការណ៍បាតុកម្ម ខណៈដែលប្រជាជនឥណ្ឌូណេស៊ីជាច្រើនពាន់នាក់ បានចេញមកធ្វើបាតុកម្មនៅក្នុងទីក្រុងហ្សាការតា ស្របពេលបម្រាមការជួបជុំគ្នា ដើម្បីបង្ការការរាតត្បាត COVID-19 កំពុងអនុវត្តនៅឡើយ។ ប៉ុន្តែក្រុមប៉ូលីស មិនអាចទប់ស្កាត់ដំណើររបស់ក្រុមបាតុករទៅអាគាររដ្ឋាភិបាលបានឡើយដូចជា៖ វិមានប្រធានាធិបតីជាដើម។
ក្នុងចំណាត់ការរបស់ប៉ូលីសដើម្បីបំបែកហ្វូងបាតុកម្ម ក៏ឈានទៅដល់ការបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងបង្កឲ្យមានការប៉ះទង្គិចគ្នារវាងបាតុករនិងប៉ូលីសនៅជិតវិមានប្រធានាធិបតី។ ដោយផ្នែកខ្លះនៃបាតុកម្ម បានឈានទៅដល់កុបកម្ម។ ក្រុមបាតុករមួយចំនួន បានដុតកង់រថយន្តបំផ្លាញកន្លែងចំណតរថយន្តក្រុង និងបំផ្លាញកន្លែងការដ្ឋានសាងសង់មួយកន្លែងថែមទៀ ឯខ្លះទៀត ចោលដុំឥដ្ឋដុំថ្មដាក់ប៉ូលិស។ ដល់ល្ងាចថ្ងៃទី៨ ខែតុលា បាតុករមួយចំនួន បានដុតស្ថានីយ៍មធ្យោបាយដឹកជញ្ជូនសាធារណ និងបំផ្លាញប៉ុស្តិ៍ប៉ូលិសថែមទៀត។
ដោយឡែកលោក Yusri Yunus អ្នកពាក្យប៉ូលីសក្រុងហ្សាការតា ក៏បានអះអាងថា៖ បាតុករយ៉ាងហោចណាស់ចំនួន ១ពាន់នាក់ ត្រូវបានរកឃើញថាមានផ្ទុក COVID-19 បន្ទាប់ពីត្រូវបានចាប់ខ្លួន។ មកទល់ពេលនេះ ឥណ្ឌូណេស៊ី មានករណីឆ្លងCOVID-19 សរុបជាង ៣២ម៉ឺនករណី អ្នកស្លាប់មានជាង ១ម៉ឺននាក់ និងអ្នកជាសះស្បើយមានជាង ២៤ម៉ឺននាក់។
សូមជម្រាបថា បច្ចុប្បន្ននេះស្ថានការណ៍បាតុកម្ម កាន់តែធ្ងន់ធ្ងរ ដែលបង្ខំឲ្យអភិបាលក្រុងហ្សាការតាលូកដៃ។ ព្រោះកាលពីថ្ងៃទី៩ ខែតុលាម្សិលមិញនេះ អភិបាលក្រុងហ្សាការតា លោក Anies Baswedan បានប្រាប់ទីភ្នាក់ងារ Reuters ថា៖ លោកបានជួបជាមួយបាតុករ និងបានជជែកគ្នាពីបញ្ហាច្បាប់ការងារនេះ ហើយអ្វីដែលបាតុការទាមទារលោក ឲ្យប្រាប់ទៅប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ ។
គួរបញ្ជាក់ថា ក្រៅពីផលប៉ះពាល់លើកម្មករ ច្បាប់បង្កើតការងារថ្មីនេះ រងការព្រមានថា អាចបង្កឲ្យមានគ្រោះថ្នាក់ដល់តំបន់ព្រៃត្រូពិចឥណ្ឌូណេស៊ី។ អ្នកវិនិយោគជាច្រើន បារម្ភថា ច្បាប់បង្កើតការងារថ្មី នឹងធ្វើឲ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែង ក្នុងការពារព្រៃឈើឥណ្ឌូណេស៊ី បង្កឲ្យបាត់បង់ជីវចម្រុះ និងប៉ះពាល់ដល់ការប្រយុទ្ធប្រឆាំងជាមួយការបម្រែបម្រួលអាកាសធាតុជាដើម៕ ដោយ៖ស តារា