អន្តរជាតិ៖ ខណៈដែលស្ថានការណ៍នយោបាយថៃ កំពុងតែជួបបាតុកម្មពីសំណាក់និស្សិត និងក្រុមប្រជាធិបតេយ្យនិយមដែលទាមទារឲ្យមានកំណែទម្រង់របបរាជានិយម ព្រះមហាក្សត្រថៃ មហា វជិរាលង្ករណ៍ ពុំសូវមានព្រះរាជវត្តមានក្នុងប្រទេសឡើយ។ ជាញឹកញយ ទ្រង់ទៅសម្រាកព្រះកាយនៅនិវេសនដ្ឋានទឹកដីអាល្លឺម៉ង់ជាមួយបុត្រាសំណព្វ។
នៅថ្ងៃទី៧ ខែតុលាថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ បាននិយាយថា ព្រះមហាក្សត្រថៃមិនអាចបំពេញរាជកិច្ច និងកិច្ចការនយោបាយក្នុងទឹកដីអាល្លឺម៉ង់ឡើយ។ ព្រោះអាល្លឺម៉ង់ គឺជាប្រទេសអឺរ៉ុប ដែលព្រះមហាក្សត្រថៃចំណាយពេលវេលាស្នាក់នៅច្រើន ដោយបុត្រាមួយអង្គរបស់ទ្រង់កំពុងសិក្សានៅទីនេះ។
ជាក់ស្តែងអំឡុងពេលកិច្ចប្រជុំសភាកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ តំណាងរាស្ត្រអាល្លឺម៉ង់លោក Frithjof Schmidt ចោទជាសំណួរទៅប្រមុខការបរទេសអាល្លឺម៉ង់ Heiko Mass ថា ហេតុអ្វីរដ្ឋាភិបាលអាល្លឺម៉ង់អត់អោនចំពោះសកម្មភាពមិនប្រក្រតី ដែលជាមតិខ្ញុំជាអំពើមិនស្របច្បាប់ ចំពោះការដែលប្រមុខរដ្ឋបរទេសធ្វើនយោបាយក្នុងទឹកដីអាល្លឺម៉ង់? ព្រោះអ្នកនយោបាយអាល្លឺម៉ង់ ហាក់មិនពេញចិត្តចំពោះការធ្វើបែបនេះឡើយ។
ប្រមុខការបរទេសអាល្លឺម៉ង់រូបនេះ និយាយថា៖ «រដ្ឋាភិបាលអាល្លឺម៉ង់ បានបញ្ជាក់យ៉ាងច្បាស់ថា សកម្មភាពនយោបាយដែលទាក់ទងនឹងប្រទេសថៃ មិនគួរធ្វើចេញពីទឹកដីអាល្លឺម៉ង់ឡើយ។» លោកបន្តទៀតថា បើសិនជាមានភ្ញៀវរូបណា បំពេញកិច្ចការរដ្ឋដោយប្រើប្រាស់ទឹកដីរបស់អាល្លឺម៉ង នោះអាល្លឺម៉ង់នឹងចេញសកម្មភាពប្រឆាំងតបមិនខាន។នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយ ។
សូមជម្រាបថា នៅទីក្រុងបាងកក បាតុករថៃ ទាមទារឲ្យកាត់បន្ថយអំណាយព្រះមហាក្សត្រតាមរយៈកំណែទម្រង់រដ្ឋធម្មនុញ។ រដ្ឋធម្មនុញ្ញថៃបច្ចុប្បន្ននេះ អនុញ្ញាតឲ្យព្រះមហាក្សត្រអនុវត្តអំណាចរបស់ទ្រង់ពីក្រៅប្រទេសដោយពុំចាំបាច់ជ្រើសតាំងរាជានុសិទ្ធិ ឬប្រមុខរដ្ឋស្តីទី។បន្ថែមពីនេះ បាតុករថៃ ទាមទារឲ្យព្រះមហាក្សត្រលែងគ្រប់គ្រងដោយផ្ទាល់ទ្រព្យសម្បត្តិដែលមានតម្លៃជាង១០ពាន់លានដុល្លារ និងអង្គភាពកងទ័ពមួយចំនួនផងដែរ។
បច្ចុប្បន្ន ក្រុមបាតុករនិស្សិត និងអ្នកប្រជាធិបតេយ្យនិយមថៃ បានអំពាវនាវឲ្យធ្វើបាតុកម្មទ្រង់ទ្រាយធំម្តងទៀតនៅថ្ងៃទី១៤ ខែតុលាសប្តាហ៍ក្រោយ ដើម្បីដាក់សម្ពាធឲ្យរដ្ឋាភិបាលថៃចុះចេញពីតំណែង និងជំរុញឲ្យមានកំណែទម្រង់របបរាជានិយម។
គួរបញ្ជាក់ថា ព្រះមហាក្សត្រថៃ ដែលមានព្រះជន្ម៦៨ព្រះវស្សា ចំណាយពេលវេលារបស់ព្រះអង្គមួយភាគធំក្នុងរដ្ឋBavaria ប្រទេសអាល្លឺម៉ង់ ទីដែលបុត្ររបស់ទ្រង់ព្រះជន្ម១៥វស្សាកំពុងរៀនសូត្រនោះ។ ការដែលព្រះអង្គចំណាយពេលវេលារស់នៅឯបរទេសនេះហើយទើបនាំឲ្យបាតុករតវ៉ាទៅនឹងការចំណាយសន្ធឹកសន្ធាប់របស់ទ្រង់ ក៏ដូចជាអវត្តមានរបស់ព្រះអង្គពីប្រទេសដែរ ៕ដោយ៖ស តារា